សៀមរាបៈ ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរាបានកត់សម្គាល់ឃើញថា មានទីតាំងមួយចំនួននៅជុំវិញខឿនរួតទី ៣ របស់ប្រាសាទបាយ័ន មានល្បាយដីខ្សាច់ហូរច្រោះចេញតាមចន្លោះជញ្ជាំងក្រោយពេលមានភ្លៀង ដែលវាអាចនឹងបង្កជាហានិភ័យដល់ប្រាសាទបុរាណមួយនេះបាន។
បើយោងតាមអាជ្ញាធរជាតិអប្សរា ក្រុមស្ថាបត្យករ និងវិស្វករកំពុងតែធ្វើការសិក្សា និងស្វែងរកវិធីសាស្ត្រដើម្បីទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ ព្រមទាំងធ្វើការពង្រឹងរចនាសម្ព័ន្ធខឿនដែលមានហានិភ័យនោះឡើងវិញ។
ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី ៣ របស់ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា កាលពីចុងឆ្នាំ ២០២១ ក្រុមការងារធ្លាប់បានសម្អាតកំណកដីនៅតាមប្រព័ន្ធបង្ហូរទឹកជុំវិញរួតទី ៣ ប្រាសាទបាយ័នម្តងរួចហើយ ប៉ុន្តែមួយឆ្នាំក្រោយមក នៅឃើញមានល្បាយដីខ្សាច់នៅតែបន្តហូរច្រោះចេញមកតាមជញ្ជាំងខឿនរួតទី ៣ នៃប្រាសាទបាយ័នដដែល ដែលវាជាមូលហេតុចម្បងនាំឱ្យមានការពង្រឹងខឿនជ្រុងនិរតីនៃរួតទី ៣ នេះឡើងវិញ។
កញ្ញា ម៉េង សុវណ្ណលីលីន បន្តទៀតថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវដើម្បីរកឱ្យឃើញថា មូលហេតុអ្វីដែលបណ្ដាលឱ្យដីខ្សាច់ហូរច្រោះបែបនេះ?។ ក្នុងនោះមានមូលហេតុសំខាន់ៗមួយចំនួន ជាពិសេសបញ្ហាឫសឈើកាលពីអតីតកាលបានដុះចាក់ចូលទៅក្នុងរចនាសម្ព័ន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម រួមទាំងបញ្ហាទឹកហូរច្រោះចូលទៅតាមប្រហោងថ្មដែលអាចនាំល្បាយដីខ្សាច់ចេញមកក្រៅជាដើម។ល៕