ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសិង្ហបុរី កំពុងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន បន្ទាប់ពីប៉ូលិសសិង្ហបុរីអះអាងថា ក្នុងចំណោមជនសង្ស័យ ១០ នាក់ មាន ៣ នាក់ មានសញ្ជាតិខ្មែរ និងជនសង្ស័យចំនួន ៧ នាក់ ផ្សេងទៀតមានសញ្ជាតិ ស៊ីប តួកគី នីវ៉ានូអាទូ និងចិន ត្រូវបានចោទប្រកាន់ ពីបទលាងលុយកខ្វក់ និងបទល្មើសប្រើប្រាស់ឯកសារក្លែងបន្លំ។
លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបញ្ជាក់ថា ករណីមានពាក់ព័ន្ធនឹងពលរដ្ឋខ្មែរ ស្ថានទូតនឹងផ្តល់ជំនួយផ្នែកកិច្ចការកុងស៊ុល។ប៉ូលិសសិង្ហបុរី កាលពីថ្ងៃទី ១៦ សីហា បានបញ្ជាក់ពីការចាប់ខ្លួនមនុស្សចំនួន ១០ នាក់ ដែលមានអាយុចន្លោះពី ៣១ ឆ្នាំ ដល់ ៤៤ ឆ្នាំ ពីបទសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធក្នុងបទល្មើសក្លែងបន្លំ និងការលាងលុយកខ្វក់។ ក្នុងនោះមានជនសង្ស័យ ៣ នាក់ ដែលប៉ូលិសសិង្ហបុរីអះអាងថា មានសញ្ជាតិខ្មែរ។
លោក អាន សុខខឿន បានឱ្យដឹងនៅថ្ងៃទី ១៧ ខែសីហាថា៖«ស្ថានឯកអគ្គរាជទូតកម្ពុជា នៅសិង្ហបុរី កំពុងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន។ ក្នុងករណីមានពាក់ព័ន្ធនឹងពលរដ្ឋខ្មែរស្ថានទូតនឹងផ្តល់ជំនួយផ្នែកកិច្ចការកុងស៊ុល»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងថា លោកមិនទាន់អាចផ្តល់ព័ត៌មានយ៉ាងណាបាននៅឡើយទេ ពីព្រោះករណីនេះពាក់ព័ន្ធនឹងការស្រាវជ្រាវស៊ើបអង្កេតធំ មិនអាចគ្រាន់តែឮព័ត៌មាន ហើយមានការពន្យល់បកស្រាយនោះឡើយ។
ចំណែកលោក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ថា លោកមិនទាន់បានទទួលព័ត៌មាននេះទេ។
លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំសិង្ហបុរី បានឱ្យដឹងថា ចំពោះករណីនេះ ស្ថានទូតកម្ពុជាកំពុងទំនាក់ទំនងទៅប៉ូលិសសិង្ហបុរី ដើម្បីសួរព័ត៌មានបន្ថែមទៀត និងសុំជួបពលរដ្ឋដែលមានសញ្ជាតិខ្មែរទាំងនោះ ដើម្បីផ្តល់ជំនួយផ្នែកកិច្ចការកុងស៊ុល បើសិនជាអ្នកទាំងនោះមានឯកសារគ្រប់គ្រាន់។
លោកបញ្ជាក់ថា៖ «គាត់អ្នកខ្លះកាន់លិខិតឆ្លងដែន ២-៣ ឯណោះ អ៊ីចឹងហើយបានខ្ញុំចង់ដឹង សួរប៉ូលិសមើល ថាតើគាត់ហ្នឹងយ៉ាងម៉េច យើងចង់ទៅសម្ភាសគាត់មើល ថាតើស្ថានភាពហ្នឹងបែបម៉េច ចង់ដឹងការពិតពីរឿងហ្នឹង»។ យ៉ាងណាក្តី លោកឯកអគ្គរាជទូតកម្ពុជាលើកឡើងថា នេះជារឿងបុគ្គល បើសិនជាមានការធ្វើខុសគឺត្រូវតែទទួលទោសទៅតាមច្បាប់ នៃប្រទេសនីមួយៗ ដែលជននោះបានប្រព្រឹត្តល្មើស។
យោងតាមផេកហ្វេសប៊ុក កងកម្លាំងប៉ូលិសសិង្ហបុរី (Singapore Police Force) បានចុះផ្សាយថា បុរសជនជាតិខ្មែរអាយុ ៤១ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅផ្ទះស្នាក់នៅ GCB តាមបណ្តោយផ្លូវ Nassim។ ប៉ូលិសរឹបអូសបានលុយជាង ៧៧៧ ០០០ ដុល្លារសិង្ហបុរី និងរូបិយប័ណ្ណបរទេសផ្សេងទៀតឧបករណ៍អេឡិចត្រូនិកចំនួន ១១ កាបូប និងនាឡិកាទំនើបចំនួន ៣៣ គ្រឿង គ្រឿងអលង្ការ ៧៥ ដុំ និងបានចេញដីកាហាមឃាត់លើទ្រព្យសម្បតិ្តចំនួន ៧ និងយានយន្ត ៦ គ្រឿង ដែលមានតម្លៃប្រមាណជាង ៧៦ លានដុល្លារសិង្ហបុរី។ ប៉ូលិសក៏បានបង្កកគណនីធនាគារពាក់ព័ន្ធចំនួន ៣ ដែលស្មើនឹងជាង ២,៤ លានដុល្លារ សិង្ហបុរី។ បុរសនេះ ត្រូវចោទប្រកាន់ពីបទប្រើប្រាស់ឯកសារក្លែងក្លាយតាមមាត្រា ៤៧១ ផ្ដន្ទាទោសតាមមាត្រា ៤៦៥ នៃក្រមព្រហ្មទណ្ឌសិង្ហបុរី។
ប្រភពដដែលបានឱ្យដឹងទៀតថា បុរសជនជាតិខ្មែរអាយុ ៣៣ ឆ្នាំម្នាក់ទៀត ត្រូវបានចាប់ខ្លួននៅផ្ទះស្នាក់នៅនៃខុនដូមួយ តាមបណ្តោយផ្លូវ Leonie Hill។ ប៉ូលិសរឹបអូសបានលុយជិត ៦០០ ០០០ ដុល្លារ សិង្ហបុរី និងរូបិយប័ណ្ណបរទេសមួយចំនួន គ្រឿងអលង្ការ ២៣ គ្រឿង នាឡិកាប្រណីត ៦ គ្រឿង ឯកសារ ១១ សន្លឹក ព័ត៌មានអំពីទ្រព្យសកម្មនិម្មិត និងឧបករណ៍អេឡិចត្រូនិក ១២ គ្រឿង និងចេញដីកាហាមឃាត់ការចាត់ចែងទ្រព្យសម្បត្តិ និងយានយន្ត ៣ គ្រឿង តម្លៃប៉ាន់ស្មានជាង ១២,៦ លានដុល្លារ សិង្ហបុរី។ ប៉ូលិសក៏បានបង្កកគណនីធនាគារពាក់ព័ន្ធចំនួន ២ ដែលមានប្រាក់ស្មើនឹងជាង ២៨ ០០០ ដុល្លារសិង្ហបុរី និងរូបិយប័ណ្ណបរទេសផ្សេងទៀត។ បុរសរូបនេះត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់។
ប៉ូលិសសិង្ហបុរី បានឱ្យដឹងទៀតថា បុរសជនជាតិខ្មែរម្នាក់ទៀត អាយុ ៣១ ឆ្នាំ ស្នាក់នៅផ្ទះសំណាក់ GCB តាមបណ្តោយផ្លូវលូវីស ក៏ត្រូវបានឃាត់ខ្លួនផងដែរ។ ប៉ូលិសរឹបអូសបានលុយជាង ៦០ ម៉ឺនដុល្លារសិង្ហបុរី និងរូបិយប័ណ្ណបរទេសមួយចំនួន ឧបករណ៍អេឡិចត្រូនិក ១១ គ្រឿង កាបូប និងនាឡិកាទំនើប ១៦ គ្រឿង គ្រឿងអលង្ការ ១១ ដុំ និងបានចេញដីកាហាមឃាត់យានយន្ត ២ គ្រឿង ដែលមានតម្លៃជាង ៥៨ ម៉ឺន ដុល្លារ សិង្ហបុរីផងដែរ ។ បុរសរូបនេះត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់។ ក្រៅពីនេះមានជនបរទេសផ្សេងៗទៀតចំនួន ៧ នាក់ រួមមានជនជាតិស៊ីប តួកគី នីវ៉ានូអាទូ និងចិន ក៏ត្រូវបានចោទប្រកាន់ផងដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា មិនថា កម្ពុជា ឬប្រទេសផ្សេងៗនោះទេជាទូទៅតែងមានប្រជាជនប្រព្រឹត្តបទល្មើស ក្នុងនោះមានប្រទេសមួយចំនួន មានប្រជាជនប្រព្រឹត្តបទល្មើសច្រើនជាងប្រទេសកម្ពុជា ផង។ លោកបញ្ជាក់ថា ការប្រព្រឹត្តបទល្មើសរបស់បុគ្គលមិនមែនតំណាងឱ្យជាតិដោយសំដៅថា ប្រជាជនសុទ្ធតែបានប្រព្រឹត្តបទល្មើសនោះទេផ្ទុយទៅវិញ នោះគឺជាការទទួលខុសត្រូវនៃអំពើព្រហ្មទណ្ឌដែលកើតចេញពីការប្រព្រឹត្តរបស់បុគ្គលរូបនោះ។
លោកថា៖ «យើងក៏គួរពិចារណារឹតបន្តឹងទៅលើការផ្តល់សញ្ជាតិតាមរយៈសញ្ជាតិតូបនីយកម្មដែរ ថាតើបុគ្គលដែលគាត់មកស្នើសុំសញ្ជាតិនោះមានលក្ខណសម្បត្តិគ្រប់គ្រាន់ គោរពច្បាប់ខ្មែរ រស់នៅប្រកបដោយសីលធម៌ ចំណេះដឹងមានកេរ្តិ៍ឈ្មោះត្រឹមត្រូវទេ ចៀសវាងការផ្តល់សញ្ជាតិមិនស្របទៅតាមនីតិវិធី»៕