ភ្នំពេញៈ គ្រូបង្រៀនកម្ពុជាម្នាក់ អ្នកគ្រូ ហៃ ចរិយា ត្រូវបានគណៈកម្មការវាយតម្លៃរបស់មូលនិធិពានរង្វាន់ «សម្ដេចមហាចក្រី (PMCAF) ប្រទេសថៃ» ជ្រើសរើសឱ្យទទួលពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន លើកទី៥ ឆ្នាំ ២០២៣។
អ្នកគ្រូ ហៃ ចរិយា គឺជាគ្រូបង្រៀនថ្នាក់ទី១២ ឯកទេសគណិតវិទ្យា នៅវិទ្យាល័យសុខ អានសំរោង ក្នុងស្រុកសំរោង ខេត្តតាកែវ។ ពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ត្រូវបានផ្តួចផ្តើមឡើងដោយព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថន នៅឆ្នាំ ២០១៥។ រៀងរាល់ ២ ឆ្នាំម្តង គណៈកម្មការវាយតម្លៃរបស់មូលនិធិ PMCAFបានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ចាត់តាំងបេក្ខភាពគ្រូបង្រៀនល្អ ទៅចូលរួមប្រកួតប្រជែង ដើម្បីទទួលពានរង្វាន់គ្រូបង្រៀនល្អអាស៊ានដែលមានប្រទេសចំនួន ១១ ចូលរួម។
ក្រសួងអប់រំបញ្ជាក់នាថ្ងៃទី ១៦ ខែសីហាថា ជយលាភីគ្រូបង្រៀនល្អអាស៊ាន នឹងត្រូវធ្វើពិធីប្រគល់ នាខែតុលាខាងមុខ ហើយជយលាភីម្នាក់ៗ នឹងទទួលបានពានរង្វាន់ថវិកាចំនួន ១ ម៉ឺនដុល្លារ មេដាយមាស ១ គ្រឿង រូបនិមិត្តសញ្ញាព្រះមហាក្សត្រថៃ, និងវិញ្ញាបនបត្រជាលិខិតសរសើរ។
ក្រសួងអប់រំថា៖ «សម្រាប់ការប្រគល់ពានរង្វាន់លើកទី៥ ឆ្នាំ ២០២៣ ក្រសួងបានបញ្ជូនបេក្ខភាពអ្នកគ្រូ ហៃ ចរិយា ដែលបានទទួលពានរង្វាន់សម្តេចតេជោសែនគ្រូបង្រៀនល្អ ក្នុងឆ្នាំសិក្សា ២០២០-២០២១ កន្លងមកតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការវាយតម្លៃពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រថៃ។ រហូតដល់ខែកក្កដា ឆ្នាំ ២០២៣ គណៈកម្មការបានធ្វើការវាយតម្លៃ និងទទួលស្គាល់បេក្ខភាពអ្នកគ្រូ ហៃ ចរិយា ជាផ្លូវការ»។
ក្រសួងបញ្ជាក់ថា កន្លងមកនៅមុនការប្រកួតពានលើកទី៥ ឆ្នាំ ២០២៣ បេក្ខជនដែលត្រូវចាត់បញ្ជូនទៅចូលរួមប្រកួតប្រជែងយកពានរង្វាន់គ្រូបង្រៀនល្អអាស៊ានសុទ្ធតែជាជយលាភីគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ ១ ពានរង្វាន់ «សម្តេចតេជោសែន» ដែលមាន ៤ នាក់។
ទី១ គឺអ្នកគ្រូ តូច បណ្តូល គ្រូបង្រៀនសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប និងជាជយលាភីគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ ១ ឆ្នាំសិក្សា ២០១៣-២០១៤។ ទី២ អ្នកគ្រូឌី សោភ័ណគ្រូបង្រៀនសាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង និងជាជយលាភីគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ ១ ឆ្នាំសិក្សា ២០១៥-២០១៦។
ទី៣ គឺលោកគ្រូ ឡយ វីរៈ គ្រូបង្រៀនវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន រលាប្អៀរ ខេត្តកំពង់ឆ្នាំង និងជាជយលាភីគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ ១ ឆ្នាំសិក្សា ២០១៧-២០១៨។ ទី៤ គឺលោកគ្រូ ណន ដារី គ្រូបង្រៀនសាលាបឋមសិក្សាគួចម៉េងលីទួលបេង ខេត្តកំពង់ចាម និងជាជយលាភី គ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ ១ ឆ្នាំសិក្សា ២០១៨-២០១៩៕