ភ្នំពេញៈ កម្ពុជា និង​ឥណ្ឌូនេស៊ី ឯក​ភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​​នយោបាយ ពាណិជ្ជ​កម្ម ទេសចរណ៍ អប់រំ សុខាភិបាល និង​កសិកម្ម ហើយ​បាន​សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ ដែល​បាន​បន្ត​រីកចម្រើន​កាន់តែខ្លាំង​លើ​គ្រប់​វិស័យ​។​

​ការឯកភាព​គ្នា​នេះ​ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​លោកស្រី សឿង រដ្ឋ​ចា​វី​រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា និង​លោក ​Pahala Nugraha Mansury អនុរដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូ​នេ​ស៊ី ពីថ្ងៃ​ទី ​១៥ ខែសីហា នៅ​ទីស្តីការ​​ក្រសួង រាជធានី​ភ្នំពេញ​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បានបញ្ជាក់​នៅ​ថ្ងៃទី ​១៧ ខែសីហាថា​៖ «​ភាគី​ទាំង​ ២​ សម្តែង​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​ដែល​បាន​បន្ត​រីកចម្រើន​កាន់តែខ្លាំង​លើ​គ្រប់​វិស័យ និង​បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ រួមមាន សន្តិសុខ​នយោបាយ ពាណិជ្ជ​កម្ម ទេសចរណ៍ អប់រំ សុខាភិបាល និង​កសិកម្ម​»​។

​ភាគី​កម្ពុជា​បាន​អរគុណ​ដល់​ឥណ្ឌូ​នេ​ស៊ី​ដែល​បាន​ជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា និង​ស្វាគមន៍​បំណង​របស់​ឥណ្ឌូនេស៊ី​ក្នុងការ​ផ្ដល់​ការកសាង​សមត្ថភាព​នៅក្នុង​វិស័យ​ដែល​ពាក់ព័ន្ធ​នឹង​កសិកម្ម ដូចជា ការគ្រប់គ្រង​ប្រ​​ព័ន្ធ​ធារាសាស្ត្រ និង​នេសាទ រួមទាំង​ផ្នែក​វារីវប្បកម្ម​។​

​នៅក្នុង​ជំនួប​នេះ លោក Mansury បាន​អបអរសាទរ​ចំពោះ ​«​ជោគជ័យ​» របស់​កម្ពុជា​ក្នុងការ​បោះឆ្នោត​ជ្រើស​​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ និង​បានបញ្ជាក់​អំពី​ការគាំទ្រ «​យ៉ាង​ពេញ​លេញ​»​ របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ក្នុងការ​បន្តធ្វើ​ការ ​«​យ៉ាង​ជិតស្និទ្ធ​» ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី​។​

​ដោយ​ផ្ដល់​សារៈសំខាន់​លើ​សន្តិសុខ​ស្បៀង​របស់​ប្រទេស​ទាំង ​២ និង​តំបន់ លោក​ Mansury បាន​បញ្ជាក់ថា ភាគី​ឥណ្ឌូនេស៊ី​មានបំណង​នាំចូល​អង្ករ​ពី​កម្ពុជា និង​នាំចេញ​ជី​កសិកម្ម​មក​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល និង​រដ្ឋាភិបាល និង​ធុរកិច្ច និង​ធុរកិច្ច​។​

​ភាគី​ទាំង​ ២ ​ក៏បាន​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​រវាង​លោក​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​អាណត្តិ​ថ្មី និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី និង​កិច្ចប្រជុំ​លើក​ទី​៥ របស់​គណៈ​កម្ម​ការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី (JCBC) នៅ​ត្រីមាស​ទី ៤ ឆ្នាំ​ ២០២៣​។​

​នៅក្នុង​ជំនួប​តាម​ប្រព័ន្ធ​ទូរស័ព្ទ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក វី​ដូ​ដូ កាលពី​ថ្ងៃទី ​១១ ខែ​សីហា លោក អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​លោក​ហ៊ុន សែន បាន​បញ្ជាក់ថា លោក​វី​ដូ​ដូ បានបញ្ជាក់​ពី​ការ​ទន្ទឹង​រង់ចាំ​បំពេញការងារ​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ចុងឆ្នាំ​ ២០២៣​ នេះ​។​

​លោក អ៊ាង សុផល្លែត បាន​បញ្ជាក់ថា​៖ «​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែលជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​​ប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ផងដែរ​»​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា លោក ហ៊ុន សែន បានលើកឡើង​ពី​លទ្ធភាព​ដែល​អ្នកវិនិយោគ​ឥណ្ឌូនេស៊ី​អាចដាក់​ទុន​ ១០០ ​ភាគរយ​នៅ​កម្ពុជា​លើ​ការបង្កើត​រោង​ម៉ាស៊ីនកិនស្រូវ ឃ្លាំង​ស្តុក និង​បណ្ដាញ​ទិញស្រូវ​ពី​ប្រជាកសិករ​ ដើម្បី​ធានា​ស្ថិរភាព​សម្រាប់​ការនាំចេញ​នាពេលខាងមុខ​។​

​លោក ​យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី ​១៧ ខែសីហា ថា ជាការ​ពិត​ទំនាក់ទំនង​កម្ពុជា និង​ឥណ្ឌូនេស៊ី​គឺជា​ទំនាក់ទំនង​បែប​ប្រពៃណី​នៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ដែរ​។ បើ​ពិនិត្យមើល​លើ​កាលពី​ទិដ្ឋភាព​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សង្គ្រាមត្រជាក់ ឥណ្ឌូនេស៊ី និង​កម្ពុជា​គឺ​ស្ថិតក្នុង​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ​ជាមួយគ្នា​។

​លោក​រំឭកថា នៅក្នុង​ដំណាក់កាល​ការចរចា​ស្វែងរក​សន្តិភាព​ឥណ្ឌូនេស៊ី​ គឺជា​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្ដីអំពី​សន្តិភាព និង​ដំណោះ​ស្រាយ​នយោបាយ​សម្រាប់​កម្ពុជា​។ ក្នុង​ទិដ្ឋភាព​ថ្មីៗ​នេះ​ក្នុងដំណាក់កាល​ប្រជុំ​អាស៊ាន​ឆ្នាំ​ ២០១២ ​នៅពេលដែល​កម្ពុជា​ជាប់គាំង​មិនមាន​សេចក្ដី​ថ្លែង​ការណ៍​នៃ​ការប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន គឺ​ប្រទេស​ឥណ្ឌូនេស៊ី​ក៏​ជួយ​ជ្រោមជ្រែង​ទៅលើ​កិច្ចការ​នេះហើយ​ចេញ​សេចក្ដីថ្លែងការណ៍​បាន​។​

​លោក​ យង់ ពៅ បញ្ជាក់ថា​៖ «​អ៊ីចឹង ទិដ្ឋភាព​នេះ យើង​អាច​មើលឃើញថា​ឥណ្ឌូនេស៊ី និង​កម្ពុជា​តែងតែ​ឈរ​ជាមួយគ្នា​ក្នុង​ជំហរ​ជាមួយគ្នា ជ្រោមជ្រែង​គ្នា​តាំងពី​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះហើយ​នឹង​បន្ត​ជ្រោមជ្រែង​គ្នា​ជា​ប្រយោជន៍​រួម​រវាង​ប្រទេស​ទាំង​ ២ ក៏ដូចជា​រវាង​ប្រយោជន៍​រួម​របស់​អាស៊ាន និង​កិច្ចការ​ក្នុង​តំបន់ និង​ពិភពលោក​ផ្សេងទៀត​ផងដែរ​»៕