ភ្នំពេញៈ អង្គការចលនាដើម្បីសុខភាពកម្ពុជា និងអង្គការពាក់ព័ន្ធផ្សេងទៀត បានប្រកាសគាំទ្រសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ដោយតម្រូវឱ្យម្ចាស់សហគ្រាស ដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលអនុវត្តលើតម្លៃ បន្ថែម និងស្នើសុំឱ្យមានការយកពន្ធបន្ថែម ៥០០ រៀលក្នុងបារីមួយកញ្ចប់ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារការជក់បារីនៅកម្ពុជា។
យោងតាមក្រសួងព័ត៌មានបានឱ្យដឹងថា ការប្រកាសគាំទ្រនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសមាជិកប្រចាំត្រីមាសរបស់អង្គការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជានាថ្ងៃទី ១៧ ខែសីហានេះ។
ការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រសិនបើកម្ពុជាយកពន្ធបន្ថែម ៥០០ រៀល ក្នុងបារីមួយកញ្ចប់ នោះនឹងនាំឱ្យតម្លៃបារីកើនឡើង ១៥ ភាគរយ, បន្ថយអ្នកជក់បារី ៣០ ០០០ នាក់ នៅឆ្នាំបន្ទាប់, បង្ការអ្នកស្លាប់ ១០ ០០០ នាក់ ក្នុងរយៈ ពេល ១០ ទៅ ១៥ ឆ្នាំបន្ទាប់ និងធ្វើឱ្យកើនប្រាក់ចំណូលពន្ធរដ្ឋជាង ៥៣ លានដុល្លារអាមេរិកក្នុង ១ ឆ្នាំ។
កម្ពុជាមានអត្រាពន្ធលើផលិតផលថ្នាំជក់នៅកម្រិតទាបនៅឡើយ ដោយយកពន្ធត្រឹម ២៥ ភាគរយ សម្រាប់បារីក្នុងស្រុក និង ៣១,១០ ភាគរយ សម្រាប់បារីនាំចូល ធៀបនឹងតម្លៃលក់រាយ ខណៈប្រទេសថៃយកពន្ធរហូតដល់ ៧៨,៦ ភាគរយ និងប្រទេសហ្វីលីពីនយកពន្ធ ៧១,៣២ ភាគរយ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវ Seatca Tobacco Tax Index។
ការដំឡើងពន្ធថ្នាំជក់នឹងជួយឱ្យរដ្ឋទទួលបានប្រាក់ចំណូលពន្ធបន្ថែម ហើយការដំឡើងពន្ធនេះ នឹងជួយឱ្យអត្រាអ្នកជក់បារីថយចុះ និងបង្ការអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់។ នៅប្រទេសកម្ពុជាប្រជាពលរដ្ឋ ១៥ ០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយ ៣៣ ភាគរយនៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ នេះបើយោងតាមក្រសួងព័ត៌មាន៕