ភ្នំពេញៈ អូស្ត្រាលីកំពុងជួយដល់កសិករកម្ពុជាក្នុងការលើកកម្ពស់ផលិតភាពកសិកម្មរបស់ពួកគេតាមរយៈការអភិវឌ្ឍពូជមាន់ស្គួយ។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ១៦ សីហា។
ពូជមាន់ស្គួយដែលគេស្គាល់ថាជា «មាន់ស្រែ» ទទួលបានការពេញនិយមដោយសារសាច់របស់វាមានរសជាតិឆ្ងាញ់ និងមានសមត្ថភាពក្នុងការផលិតស៊ុតបានល្អ។
មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ Australian Centre for International Agricultural Research (ACIAR) កំពុងគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ការបង្កាត់ពូជសត្វបែបសហគមន៍ដំបូងគេបង្អស់សម្រាប់មាន់នៅក្នុងប្រទេសកម្ពុជា លើគម្រោងកែលម្អពូជមាន់។
គម្រោងនេះដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិមួយក្រុម ក្នុងគោលបំណងបង្កើតពូជមាន់ស្គួយដែលមានផលិតភាពខ្ពស់ ហើយកូនមាន់អាចលក់បានក្នុងតម្លៃខ្ពស់។
កម្មវិធីនេះកំពុងផ្តល់ជូនកសិករនូវចំណេះដឹង និងជំនាញដែលចាំបាច់ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជ ការថែទាំមេបាពូជ (មាន់) ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាព និងការបង្កាត់ពូជសិប្បនិម្មិតលើមេមាន់ជាដើម។
ស្ថានទូតអូស្ត្រាលីបានបង្ហាញពីក្តីសង្ឃឹមថា ពូជមាន់ស្គួយ ដែលកំពុងអភិវឌ្ឍនេះនឹងមានលក់នៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕