កិច្ចប្រជុំថ្នាក់លេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) រយៈពេលពីរថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា ដោយបានដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នប្រឆាំងអំពើពុករលួយក្នុងក្របខ័ណ្ឌអាស៊ាន។
កិច្ចប្រជុំ (អាស៊ាន-ផេក) បានប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៧ ខែសីហា ឆ្នាំ ២០២៣ នៅខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានទាំង ១០ ប្រទេសក្រោមអធិបតីភាពលោក ឱម យ៉ិនទៀង ប្រធាន ACU និងដឹកនាំដោយ លោក អ៊ន បញ្ហា ជាសហប្រធាននៃកិច្ចប្រជុំ និងជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)។
អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងពីលទ្ធផលនោះថា កិច្ចប្រជុំនេះបានអនុម័តនូវកំណត់ហេតុកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេកលើកទី ១៨ ក្រោមអាណត្តិម្ចាស់ផ្ទះរបស់ការិយាល័យប្រឆាំងអំពើពុករលួយ (ACB) នៃប្រទេសព្រុយណេដារ៉ូសាឡាម។
ACU បន្តថា៖«អង្គប្រជុំបានពិភាក្សាលើការរៀបចំ និងតាក់តែងកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក (សកម្មភាពមួយនៅក្នុងផែនការសកម្មភាព ឆ្នាំ ២០២៣-២០២៥) បែបបទនៃការដាក់សម្ពោធកូនសៀវភៅអេឡិចត្រូនិក និងបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយ (CAC) នៃប្រទេសទីម័រខាងកើត ដើម្បីចូលជាភាគីទី ១១ របស់អាស៊ាន-ផេក ក្រោយពេលដែលប្រទេសទីម័រខាងកើតទទួលបានសមាជិកភាពពេញសិទ្ធិជាសមាជិកទី ១១ របស់អាស៊ាន»។
តាមរយៈកិច្ចប្រជុំនេះ គ្រប់ភាគីបានស្ដាប់នូវបច្ចុប្បន្នភាពរាយការណ៍ដោយលេខាធិការដ្ឋានអាស៊ាន-ផេកស្ថិតក្រោមអាណត្តិជាម្ចាស់ផ្ទះរបស់អង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា អំពីសេចក្ដីសង្ខេបនៃសកម្មភាពពាក់ព័ន្ធជាមួយអាស៊ាន-ផេក ដែល អ.ប.ព.បានចូលរួមក្នុងនាមជាអាស៊ាន-ផេក និងការជម្រាបជូន អំពីការត្រៀមរៀបចំ របាយការណ៍សង្ខេបពាក់ព័ន្ធនឹងសកម្មភាពរបស់អាស៊ាន-ផេកសម្រាប់ផ្ញើជូនលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនៅមុនពេលបញ្ចប់អាណត្តិជាប្រធានរបស់ អ.ប.ព.។ អង្គប្រជុំ ក៏បានឯកភាពរួមគ្នាបន្តដាក់របៀបវារៈដែលបានពិភាក្សាខាងលើ ដើម្បីយកទៅពិភាក្សា និងពិនិត្យសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេកលើកទី ១៩ ក្រោមអាណត្តិជាប្រធានរបស់អាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ ២០២៣ ខាងមុខនេះ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងនៅក្នុងពិធីបើកសុន្ទរកថាដោយបានស្នើកិច្ចប្រជុំផ្តោតសំខាន់ទៅលើកិច្ចការ ២ តាមរបៀបវារៈដែលបានគ្រោងទុកជាមុនគឺទី ១ អំពីបែបបទនៃការដាក់សម្ពោធកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេកនិងទី ២ អំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រទ្បេស្តចូលជាសមាជិកអាស៊ាន-ផេកជាភាគីទី ១១។
ជាមួយគ្នានោះ លោកបញ្ជាក់ថាការចែករំលែកបទពិសោធន៍កិច្ចសហប្រតិបត្តិការរវាងភាគីអាស៊ាន-ផេក ការបន្តចូលរួមយ៉ាងសកម្មជាមួយកម្មវិធី ឬព្រឹត្តិការណ៍របស់អាស៊ាន ការចូលរួមក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធដទៃទៀត និងកិច្ចសហការលើការងារបណ្តុះបណ្តាលសមត្ថភាពជាមួយភាគីជាដៃគូទៅតាមការឯកភាពរបស់អាស៊ាន-ផេក នៅតែជាការងារដ៏មានសារៈសំខាន់។
គួរជម្រាបថាដែរថា កិច្ចប្រជុំអាស៊ានផេកលើកទី ១៨ ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៖ ការពង្រឹងសមត្ថភាពស្ថាប័នប្រឆាំងអំពើពុករលួយនិងកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសអាស៊ាននីមួយៗ និងក្នុងក្របខ័ណ្ឌអាស៊ាន-ផេក» ត្រូវបានធ្វើឡើង ២ ថ្ងៃកាលពីខែវិច្ឆិកាឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ៕