ភ្នំពេញៈ មន្ទីរពេទ្យគន្ធបុប្ផានាថ្ងៃទី ១៨ ខែសីហានេះ បានអំពាវនាវដល់ឪពុកម្តាយ ឬអាណាព្យាបាលកុំឱ្យមានការព្យាបាលដោយ ថ្នាំអាស្ពីរីនដោយខ្លួនឯង នៅពេលកុមារមានជំងឺគ្រុនផ្តាសាយឬចេញអុតស្វាយ។
ការអំពាវនាវនេះត្រូវបានធ្វើឡើងក្រោយពី មន្ទីរពេទ្យគន្ធបុប្ផាបានជួយសង្គ្រោះជីវិត ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ បន្ទាប់ពីនាងទទួលការព្យាបាលជំងឺអស់រយៈពេល ៥ ថ្ងៃនៅឯគ្លីនិកឯកជនរហូតដល់ជំងឺធ្ងន់ធ្ងរក្នុងស្ថានភាពបាត់បង់ស្មារតីខ្សោយដង្ហើមនាពេលថ្មីៗនេះ។
យោងតាមហ្វេសប៊ុក Dr. Beat Richner បានឱ្យដឹងថា រ៉ីយ៍សិនដ្រូម (Reye''s Syndrome) ជាករណីដ៏កម្របំផុត។ កុំស្វែងរកការព្យាបាលដោយ "ថ្នាំអាស្ពីរីន" ឬថ្នាំដែលមានសារធាតុអាស្ពីរីន ដោយខ្លួនឯង នៅពេលកូនចៅអ្នកមានជំងឺគ្រុនផ្តាសាយឬចេញអុតស្វាយ។ អាស្ពីរីន អាចជាកត្តាហានិភ័យនាំឱ្យអ្នកជំងឺស្រាល អាចវិវត្តទៅជាធ្ងន់ធ្ងរ ដោយសារប្រតិកម្មក្នុងខ្លួនអ្នកជំងឺ ធ្លាក់ចូលក្នុងចង្កោមរោគសញ្ញាហើមខួរក្បាលនិងហើម-រលាកថ្លើមធ្ងន់ធ្ងរបំផុត ហៅថា រ៉ីយ៍សិនដ្រូម (Reye''s Syndrome)។
ប្រភពដដែលបានឱ្យដឹងថា កុមារីរូបនោះត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅគន្ធបុប្ផា ក្នុងស្ថានភាពបាត់បង់ស្មារតីខ្សោយដង្ហើមនិងហើមថ្លើមយ៉ាងធ្ងន់ធ្ងរបំផុត។
ហ្វេសប៊ុកDr. Beat Richnerបានបញ្ជាក់ថា៖ «នាងត្រូវបានធ្វើរោគវិនិច្ឆ័យជា Reye, Syndrome ត្រូវបានសង្គ្រោះជីវិតជាថ្មី ដោយក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ១០ ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម។ ថ្ងៃនេះ កូនស្រីបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម»។
ហ្វេសប៊ុកDr. Beat Richnerបានសម្ដែងការអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ និងសូមអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា មូលនិធិគន្ធបុប្ផាស្វ៊ីស និង សប្បុរសជនគ្រប់លំដាប់ថ្នាក់ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា៕