ពោធិ៍សាត់ៈ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី ១៧ សីហា បានបង្ហោះកម្រងរូបភាពខ្លះៗនៃក្រុមបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ដែលអនុវត្តន៍ "គម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥"នៅទិសខេត្តពោធិ៍សាត់ សម្រាប់រយ:ពេល១៥ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែសីហា។
លោកហេង រតនាបានឱ្យដឹងថា ផ្អែកតាមសំណូមពរផែនការរបស់អង្គភាពស៊ីម៉ាក់និងទទួលបានការអនុម័តពីរាជរដ្ឋាភិបាល គម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ បានប្រគល់ភារកិច្ចឱ្យអង្គភាពស៊ីម៉ាក់ធ្វើការរំដោះផ្ទៃដីចម្ការមីនដែលមានកំណត់ត្រាក្នុងទិន្នន័យជាតិចំនួនជាង១០ ៦០០ហិកតាក្នុងឆ្នាំ២០២៣នេះ ដែលបរិមាណផ្ទៃដីនេះ មានទំហំផ្ទៃដីប្រមាណ៤១% នៃផ្ទៃដីសរុបរួមនៃផែនការឆ្នាំ២០២៣របស់អង្គភាពស៊ីម៉ាក់៕