ភ្នំពេញៈ សមត្ថកិច្ចនគរបាលចាប់បានក្រុមជនប្រដាប់អាវុធ ៧ នាក់ ដែលពាក់ព័ន្ធនឹងការធ្វើសកម្មភាពប្លន់រំដោះអ្នកទោសជនជាតិចិននៅក្នុងគ្លីនិក ១ ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ចំណែកមេខ្លោងក្រុមរំដោះ និងអ្នកទោសគ្រឿងញៀនជនជាតិចិននោះសមត្ថកិច្ចកំពុងសហការជាមួយបណ្តាប្រទេសជិតខាង និងអង្គភាពពាក់ព័ន្ធទាំងអស់ តាមស្វែងរកចាប់ខ្លួនឱ្យបានក្នុងពេលឆាប់ៗនេះ។
តាមរយៈវីដេអូផ្សព្វផ្សាយលើហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី១៩ ខែសីហានេះ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មសមត្ថកិច្ចបង្ក្រាបបានជនដៃដល់ ចូលរំដោះអ្នកទោសចាប់ពីម៉ោង ២យប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែសីហា បន្តបន្ទាប់រហូតដល់ព្រឹកថ្ងៃទី១៩ ខែសីហានេះ សមត្ថកិច្ចបង្ក្រាបបានទាំងអស់ ៧ នាក់។
លោកអគ្គស្នងការរងបានឱ្យដឹងថា ក្រុមឧក្រិដ្ឋជន ៧ នាក់នោះគឺមាន ជនជាតិខ្មែរអាមេរិកកាំង ៦ នាក់ និងម្នាក់ទៀតជាជនជាតិចិន សញ្ជាតិអាមេរិក អ្នកទាំងនោះសុទ្ធតែកាន់លិខិតឆ្លងដែនអាមេរិកទាំងអស់ ដែលមកពី រដ្ឋកាលីហ្វ័រនីញ៉ា និងឡុងប៊ិច។
លោកថ្លែងថា៖«ពាក់ព័ន្ធនឹងទណ្ឌិត និងមេខ្លោងធ្វើសកម្មភាពរំដោះនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង បណ្តាអង្គភាពពាក់ព័ន្ធ បន្តស្រាវជ្រាវរកឱ្យទាល់តែឃើញ»។
លោកអគ្គស្នងការរងបានឱ្យដឹងថា អ្នកទោសជនជាតិចិនដែលត្រូវបានរំដោះត្រូវបានតុលាការកាត់ទោសចំនួន ២ លើក ដែលលើកទី១ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ២៩ ឆ្នាំ ចំណែកលើកទី២ សមត្ថកិច្ចបានរកឃើញថា នៅក្នុងពន្ធនាគារជននោះបានបញ្ជាចេញ ធ្វើសកម្មភាពជួញដូរគ្រឿងញៀនបន្ថែមទៀត ហើយត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបាន ដែលលើកទី២នេះ តុលាការបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២៦ ឆ្នាំ សរុបទាំង ២ លើកត្រូវជាប់ពន្ធធនាគារជាង ៥០ ឆ្នាំ។
នៅព្រឹកថ្ងៃទី ១៧ ខែសីហា មានជនប្រដាប់អាវុធ ១ ក្រុមមានគ្នាប្រមាណ ៦ នាក់ ដែលប្រដាប់ដោយអាវុធខ្លី តកាណុង សម្រុកចូលក្នុងគ្លីនិកធ្មេញមួយកន្លែងស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីរំដោះអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់ ដែលសមត្ថកិច្ចពន្ធនាគារដឹកយកទៅព្យាបាល។ ក្រុមជនដៃដល់បានពាក់ឈុតខ្មៅ ពាក់របាំងមុខជិត បាននាំគ្នាចូលទៅក្នុងគ្លីនិក ហើយធ្វើសកម្មភាពភ្ជង់ និងចងដៃសមត្ថកិច្ចពន្ធនាគារព័ទ្ធទៅក្រោយ រុញបញ្ចូលទៅក្នុងបន្ទប់ព្យាបាលធ្មេញ។ ក្រុមជនប្រដាប់អាវុធទាំងនោះ រំដោះអ្នកទោសបានសម្រេច តាមរយៈរថយន្ត ១ គ្រឿង ដែលក្រោយមកពួកគេយកទៅប្លុងចោល មានចម្ងាយពីកន្លែងគ្លីនិកនោះប្រមាណ ១ គីឡូម៉ែត្រ៕