សៀមរាបៈ កូនឈើព្រៃលិចទឹក ប្រភេទដើមរាំង ចំនួន ១៥ ១៥៦ដើម ត្រូវបានដាំបន្ថែម លើផ្ទៃដីព្រៃលិចទឹករេចរឹលដោយភ្លើងឆេះព្រៃ និងទីតាំងបឹងអភិរក្សពូជត្រីចំនួន ២៤ ហិកតា ក្នុងដែនសហគមន៍នេសាទក្នុងឃុំចំនួន ៤ ក្នុងខេត្តសៀមរាប។
អង្គការរីខូហ្វ (RECOFTC) តាមរយៈអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមជំនួយឧបត្ថម្ភពីសហគមន៍អឺរ៉ុប (EU) តាមរយៈគម្រោង ទន្លេសាបយើង (Our Tonle Sap) បានគាំទ្រសហគមន៍នេសាទចំនួន ៤ ក្នុងខេត្តសៀមរាប។ ក្នុងនោះរួមមាន សហគមន៍នេសាទកំពង់ភ្លុក សហគមន៍នេសាទថ្នល់ដាច់ សហគមន៍នេសាទព្រែកស្រមោច និង សហគមន៍នេសាទចុងឃ្នៀស ក្នុងការដាំស្ដារព្រៃលិចទឹកឡើងវិញ ដោយមានកិច្ចសហការ និងចូលរួមពីខណ្ឌរដ្ឋបាលជលផលសៀមរាប អាជ្ញាធរមូលដ្ឋាន និង សមាជិកសហគមន៍នេសាទ។ នេះបើយោងតាមអង្គការ រីខូហ្វ (RECOFTC) នាថ្ងៃទី១៧ ខែសីហានេះ។
ជាលទ្ធផល កូនឈើព្រៃលិចទឹកប្រភេទដើមរាំងជាង ១៥ ០០០ ដើមត្រូវបានដាំនៅក្នុងឃុំ កំពង់ឃ្លាំង ឃុំដានរុន ឃុំកំពង់ភ្លុក និង សង្កាត់ចុងឃ្នៀស។ អង្គការបានសម្ដែងក្តីសង្ឃឹមថាកូនឈើដែលដាំនៅក្នុងសហគមន៍លូតលាស់ល្អ និងមានភាពធន់។
នាពេលថ្មីៗនេះ គណៈកម្មការ និង សមាជិកសហគមន៍នេសាទព្រែកស្រមោច អាជ្ញាធរភូមិឃុំ និង នាយផ្នែក នាយសង្កាត់រដ្ឋបាលជលផលបានចូលរួមយុទ្ធនាការដាំកូនឈើក្នុងសហគមន៍នេសាទព្រែកស្រមោចផងដែរ៕