បាត់ដំបងៈ កម្លាំង​អធិការដ្ឋាននគរបាល​ស្រុក​ឯកភ្នំ សហការជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កោះជីវាំង ដឹកនាំដោយ​លោក ឡុង យោធាវីរៈ អធិការនគរបាល​ស្រុក​ឯកភ្នំ បានចុះបង្រ្កាប​បទល្មើ ជលផល​នៅលម្ហ​បឹងទន្លេសាប ខាងកើត​អតីត​ឡូតិ៍​លេខ២ នៅចំណុច​អន្លង់អុង ភូមិ​ព្រែកទាល់ ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ​ខេត្ត​បាត់ដំបង ធ្វើការ​ដកហូត​និង​កម្ទេចចោល​វត្ថុតាង​នៅនឹង​កន្លែង។

តាមការផ្សាយ​របស់​អគ្គ​ស្នងការនគរបាល​ជាតិ សមត្ថកិច្ច​បានប្រើប្រាស់​សម្ភារ​ក្នុងកិច្ចប្រតិបត្តិការ​នេះ​រួមមាន កាណូត​ចំនួន ០៣ គ្រឿង។ ជាលទ្ធផល​សមត្ថកិច្ច​បង្ក្រាប​បាន សាច់​មង​ប្រវែង ៧០០ ម៉ែត្រ ឡុកចាប់​ត្រី​ចំនួន ០២គ្រឿងនិងបង្គោល ២០០ ដើម។

ប្រភព​បញ្ជាក់​ថា៖«ចំពោះករណី​នេះ រាល់វត្ថុតាង​ដែលបង្ក្រាប​បាន​សមត្ថកិច្ច​កាប់បំផ្លាញនិងដុត​កម្ទេចចោល​នៅនឹង​កន្លែង ដោយឡែក​ជន​ល្មើស​បានរត់គេច​ខ្លួន​មុនពេល​សមត្ថកិច្ចចុះ​អន្តរាគមន៍»។

ដោយឡែក នៅខេត្ត​កំពង់ឆ្នាំង កម្លាំង​អធិការដ្ឋាននគរបាល​ស្រុក​ជលគិរី សហការ​ជាមួយគណៈ​បញ្ជាការឯកភាព​រដ្ឋបាល​ស្រុក ចុះបង្ក្រាប​បទល្មើស​នេសាទ នៅចំណុច​ព្រែកតាសួស ឃុំ​ពាមឆ្កោក ស្រុក​ជលគិរី ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ដោយលោក មុត ម៉េង អភិបាលរងស្រុក​ជលគិរី មានកម្លាំង​ចំនួន ៩នាក់ មធ្យោបាយ​បាឡា​ស្មាច់ ចំនួន ៣ គ្រឿង នៅថ្ងៃទី១៨ ខែសីហា។

ជាលទ្ធផល​បង្ក្រាបបាន​រួមមាន៖ រុះរើ​របាំង​ស្បៃ​មុង ចំនួន ១៣ កន្លែង ប្រវែង ៥០០ ម៉ែត្រ លបលូ​ស្បៃ​មុង ចំនួន ១៣ លប បង្គោល ចំនួន២០០ ដើម និងបានចាក់លែង​កូនត្រី​ចម្រុះចំនួន ១៥០ គីឡូក្រាម រីឯសម្ភារ​ទាំងអស់​ត្រូវបាន​កាប់បំផ្លាញ​ចោល​នៅនឹង​កន្លែង​ដូចគ្នា៕