ក្រោយពីមានការបង្ហោះចែកចាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកថា ខេត្តចំនួន ៤ ជាប់បឹងទន្លេសាប ដែលមានផ្ទៃដីទំហំ ៧៥ ម៉ឺនហិកតា ត្រូវបានរដ្ឋាភិបាលកាត់ឱ្យក្រុមហ៊ុនចិន វិនិយោគក្នុងតម្លៃទឹកប្រាក់ ១២ ពាន់លានដុល្លារនោះ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានបញ្ជាក់ថា ការបង្ហោះនោះជាព័ត៌មានក្លែងក្លាយ។
ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកគណនី ឈ្មោះ Sarath Sun បានបង្ហោះសារថា៖ «ខេត្តចំនួន ៤ ជាប់បឹងទន្លេសាប រួមមាន បាត់ដំបង ពោធិ៍សាត់ សៀមរាប និង ខេត្តកំពង់ធំ ដែលមានផ្ទៃដី ៧៥ ម៉ឺនហិកតា ត្រូវបានរដ្ឋាភិបាលកាត់ឱ្យក្រុមហ៊ុនចិន ឈ្មោះ Danong Agricultural Development Group វិនិយោគក្នុងតម្លៃទឹកប្រាក់ ១២ ពាន់លានដុល្លារ»។
ពាក់ព័ន្ធការបង្ហោះបែបនេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលទៅបញ្ចេញមតិថាជា «ព័ត៌មានក្លែងក្លាយ»។
បន្ថែមពីនេះដើម្បីបំភ្លឺជូនសាធារណជន អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា នាថ្ងៃទី ១៨ សីហា ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមថា ទាក់ទិននឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនខាងលើនេះ មិនទាន់មានការអនុញ្ញាតណាមួយពីសំណាក់ក្រសួងកសិកម្ម ជាពិសេស រាជរដ្ឋាភិបាល ទៅលើគម្រោងដែលក្រុមហ៊ុននោះស្នើមកដើម្បីវិនិយោគវិស័យកសិកម្មនៅកម្ពុជានៅឡើយទេ។
កញ្ញាបានបញ្ជាក់យ៉ាងដូច្នេះថា «ជំនួបណាមួយរវាងក្រុមហ៊ុននេះ និង ស្ថាប័នផ្សេងៗ សមាគមផ្សេងៗ គឺជារឿងរបស់គាត់ ប៉ុន្តែជាផ្លូវការមិនមានការអនុញ្ញាតឱ្យក្រុមហ៊ុននេះ ធ្វើការវិនិយោគនៅកម្ពុជា នៅឡើយទេ ហើយព័ត៌មានណាមួយដែលផ្ទុយពីការបញ្ជាក់របស់ក្រសួងដូចដែលបានជម្រាបជូននេះ គឺជា ព័ត៌មានក្លែងក្លាយ»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម ក៏អំពាវនាវសូមឱ្យសាធារណជនមានការប្រុងប្រយ័ត្នកុំជឿព័ត៌មាន ឬ ដំណឹងណាមួយ ដែលមិនបានចេញជាផ្លូវការពីសំណាក់ក្រសួង។
គួររំឭកថា ក្រុមហ៊ុនចិន Danong Agricultural Development Groupនេះ បានប្រកាសបោះទុនជាង ១២ ពាន់លានដុល្លារ ដោយវិនិយោគលើវិស័យកសិកម្ម នៅក្នុងខេត្ត ៤ ជាប់បឹងទន្លេសាបរបស់កម្ពុជា រួមមាន បាត់ដំបង ពោធិ៍សាត់ សៀមរាប និង កំពង់ធំ ដោយការប្រកាសនេះ បានធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មានរួមគ្នា ជាមួយមន្ត្រីជាន់ខ្ពស់ជារដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នេះ។
នៅក្នុងសន្និសីទសារព័ត៌មាននោះ លោក ចៅ សូជា (Zhao Shujie) ប្រធានក្រុមហ៊ុន តាណុង (Danong Agricultural Development Group) បានថ្លែងថា គម្រោងវិនិយោគកសិកម្មបែបទំនើបនៅកម្ពុជា ដែលហៅថា "គម្រោងឧស្សាហូបនីយកម្មកសិកម្ម" ដែលក្រុមហ៊ុនតាណុង គ្រោងនឹងបោះទុនវិនិយោគ គឺមានចំនួនទឹកប្រាក់ ១២,៧ ពាន់លានដុល្លារ លើផ្ទៃដី ៧៥ម៉ឺនហិកតា នឹងផ្តោតលើ ១.ការសាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម, ២.គ្រប់គ្រង និង ប្រតិបត្តិការងារឧស្សាហកម្មកសិកម្ម និង ទី៣.បង្កើតធនាគារកសិកម្ម។
ជាមួយគ្នានោះ លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាអ្នកជួយសម្របសម្រួលក្រុមហ៊ុនចិនលើការងារនេះ មានប្រសាសន៍ថា ក្រុមហ៊ុន (Danong) បានមកសិក្សាស្វែងយល់ ពីគម្រោងវិនិយោគនៅកម្ពុជា ចំនួន ២លើករួចមកហើយ ដោយការចុះមកនេះ ស្របតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេច ហ៊ុន សែន ឱ្យវិនិយោគិនចិន មកវិនិយោគនៅកម្ពុជា ជាពិសេស លើវិស័យកសិកម្ម ដែលជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា។
យ៉ាងណាមិញ គម្រោងក្រុមហ៊ុនដែលបានលើកឡើងខាងលើនេះ គឺគ្រាន់តែជាការប្រកាសពីគោលបំណងរបស់ខ្លួនដែលចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជាប៉ុណ្ណោះ ក្រោយពេលចុះមកសិក្សាពីសក្តានុពលផ្នែកកសិកម្ម ប៉ុន្តែ ពុំទាន់ឈានដល់ការឯកភាពជាផ្លូវការ ឬ ការអនុញ្ញាតស្របច្បាប់ពីរាជរដ្ឋាភិបាលកម្ពុជាឡើយ៕