ក្រសួង​អប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្តី​ណែនាំ​មួយ ដើម្បី​ពង្រឹង​តួនាទី និង ភារកិច្ច​របស់​គណៈគ្រប់គ្រង និង គ្រូ​បងៀន ក្នុង​ការ​ផ្តល់​សេវា​អប់រំ​នៅ​តាម​គ្រឹះស្ថាន​មធ្យម​សិក្សា​សាធារណៈ ខណៈ​ដែល​កន្លងទៅ ក្រសួង​បាន​មើល​ឃើញ​ថា នៅ​មាន​គ្រូ​បង្រៀន​មួយ​ចំនួន​តូច មិនទាន់​បាន​បំពេញ​ភារកិច្ច​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ ​នៅ​ឡើយ​ទេ។

តាម​រយៈសេចក្តី​ណែនាំ របស់​ក្រសួង​អប់រំ ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងៃទី ១៨ ខែ​សីហា ឆ្នាំ ២០២៣ បាន​ឱ្យ​ដឹង​ថា កន្លងមក ក្រសួង​អប់រំ យុវជន និង​កីឡា​សង្កេត​ឃើញ​ថា លោកគ្រូ អ្នកគ្រូ និង គណៈ​គ្រប់គ្រង​គ្រឹះ​ស្ថាន មធ្យម​សិក្សា​សាធារណៈ​មួយ​ចំនួន​បានបំពេញ​កាតព្វកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ។

ប៉ុន្តែ​ក្រសួង​បញ្ជាក់​ថា នៅ​មាន​លោកគូ អ្នកគ្រូ និង គណៈគ្រប់គ្រង​គ្រឹះស្ថាន​មធ្យម​សិក្សា​សាធារណៈ​មួយ​ចំនួន​តូច​នៅ​មិនទាន់​បាន​បំពេញ​ភារកិច្ច​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ​នៅ​ឡើយ​ទេ។ ដើម្បី​លើក​កម្ពស់​ការ​ផ្តល់​សេវា​អប់រំ​ឱ្យ​មាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​និង​ដើម្បី​ធានា​បាន​នូវ​គោលការណ៍​គ្រប់គ្រង​ល្អ បង្រៀនល្អ និង រៀនល្អ ក្រសួង​អប់រំ បាន​ធ្វើ​ការ​ណែនាំ​តួនាទី និង ភារកិច្ច​របស់​នាយក​សាលា នាយក​រង​សាលា និង​គ្រូ​បង្រៀន សាជាថ្មី ដើម្បី​ឱ្យ​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

ក្នុង​សេចក្តី​ណែនាំ​នោះ បាន​បញ្ជាក់​ទៀត​ថា តួនាទី និង ភារកិច្ច​របស់​នាយក​សាលា ដើម្បី​គ្រប់គ្រង​សាលារៀន​ឱ្យ​មាន​ប្រសិទ្ធភាព នាយក​សាលារៀន​មាន​តួនាទី​ជា​ទីប្រឹក្សា​គរុកោសល្យ អធិការ​អចិន្ត្រៃយ៍ មន្ត្រី​រដ្ឋបាល អ្នក​ចរចា អ្នក​អប់រំ អ្នក​ផ្តល់​សេវាកម្ម អ្នក​ពិគ្រោះ​យោបល់ ជា​ភ្នាក់ងារ​អភិវឌ្ឍន៍​សហគមន៍ និង ជា​អាជ្ញាធរ​អប់រំ​លើ​ការងារ​គ្រប់គ្រង​រដ្ឋបាល ការងារ​គ្រប់គ្រង​ការរៀន និង បង្រៀន​ការ​គ្រប់គ្រង រួមជាមួយ​នឹង​ការ​អនុវត្ត​នូវ​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ទៀត​ផងដែរ។

ដោយឡែក នាយករង បាន​បែងចែក​ជា​នាយក​រង​ទទួល​បន្ទុក​ការងារ​រដ្ឋបាល មាន​តួនាទី​ជា​សេនាធិការ​ឱ្យ​នាយក​លើ​ការងារ​រដ្ឋបាល ផែនការ​បុគ្គលិក ហិរញ្ញវត្ថុ និង ទ្រព្យ​សម្បត្តិ​រដ្ឋ និង ការងារ​ទំនាក់ទំនង និង​មាន​កិច្ច​មួយ​ចំនួន​ទៀត, នាយករង​ទទួល​បន្ទុក​ការងារ​បច្ចេកទេស​មាន​តួនាទី​ជា​សេនាធិការ​ឱ្យ​នាយក​លើ​ការ​អនុវត្ត​កម្មវិធី​សិក្សា និង មាន​ភារកិច្ច​មួយ​ចំនួន​ទៀត។ នាយក​រង​ទទួល​បន្ទុក​ការងារយុវជន កីឡា សិល្បៈ និង យេនឌ័រ​មាន​តួនាទី​ជា​សេនាធិការ​ឱ្យ​នាយក​លើ​ការងារ​យុវជន កីឡា វិន័យ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន សិល្បៈ យេនឌ័រ និង ការងារ​ទំនាក់ទំនង និង ភារកិច្ច​មួយ​ចំនួន​ទៀត។

ដោយឡែក តួនាទី និង​ភារកិច្ច​របស់​គ្រូ​បង្រៀន​វិញ ត្រូវ​បំពេញ​ស្តង់ដា​សេវា​គ្រប់គ្រង​សាលារៀន​ឱ្យ​មាន​ប្រសិទ្ធភាព គ្រូ​បង្រៀន​ត្រូវ​បំពេញ​កាតព្វកិច្ច ៤០ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ក្នុង​នោះ​គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន​ត្រូវ​បង្រៀន ១៨ម៉ោង និង ម៉ោង​គាំទ្រ ២២ម៉ោង។ ចំពោះ​គ្រូបង្រៀន​កម្រិត​ឧត្តម​ត្រូវ​បង្រៀន ១៦​ម៉ោង និង ម៉ោង​គាំទ្រ ២៤​ម៉ោង រួម​ជាមួយ​នឹង​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ទៀត។

ក្រៅពី​ការ​ណែនាំ​ពី​តួនាទី​និង​ភារកិច្ច​ការងារ​ហើយ ក្រសួង​អប់រំ តាម​រយៈសេចក្តី​ណែនាំ​នេះ បាន​ដាក់​ចេញ​នូវ​យន្តការ និង នីតិវិធី​នៃ​ការ​អនុវត្ត​ចំពោះ​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​មធ្យម​សិក្សា​សាធារណៈ ជាពិសេស ការ​តម្រូវ​ឱ្យ​នាយក​សាលរៀន ត្រូវ​ទប់ស្កាត់​ការ​យក​ម៉ោង​រដ្ឋ​ទៅបម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន និង លុបបំបាត់​បាតុភាព​មិនប្រក្រតី​នានា​ក្នុង​សាលារៀន​ ដូចជា បង្រៀន​គួរ​ក្នុង​ម៉ោង​រដ្ឋ យក​វិញ្ញាសារបង្រៀន​គួរ​ទៅ ប្រឡង​ប្រចាំ​ខែ ឆមាស និង ប្រឡង​នានា ទិញ​លក់​ពិន្ទុ ឬ​អវត្តមាន លក់​មេរៀន និង​លួចម៉ោង​សិក្សា​ជាដើម៕