ភ្នំពេញៈ ថ្នាក់ដឹកនាំនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រឹងប្រែងលះបង់សម្រាប់ជាតិមាតុភូមិ ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ និងសេវាថែទាំសុខភាពគ្រប់បែបយ៉ាង ស្មើភាពគ្នា និងនៅគ្រប់ទីកន្លែង។
នេះជាការថ្លែងឡើងពីសំណាក់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី ២០ ខែសីហា ក្នុងពេលដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម SOS Cambodian Kids-Vernon មកពីប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណជា ៥០០ នាក់ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដោយឥតគិតថ្លៃ។
លោក លី ធុជ បានថ្លែងថា ៖ «ក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងលះបង់សម្រាប់ជាតិមាតុភូមិ ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ និងសេវាថែទាំសុខភាពគ្រប់បែបយ៉ាង ស្មើភាពគ្នា និងនៅគ្រប់ទីកន្លែងពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងទទួលបាននូវជីវភាពរស់នៅមួយកាន់តែប្រសើរឡើង និងភាពសុខសាន្ត ផងដែរ»។
លោកបានបន្តថា ៖ «រយៈពេលដ៏ខ្លីខាងមុខនេះ រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលកេរមរតកជាប្រវត្តិសាស្ត្រពីសម្តេចតេជោ ហ៊ុន សែន នឹងបន្តដឹកនាំការពារកសាងជាតិមាតុភូមិកម្ពុជា ក៏ដូចជាបន្តរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាងជូនប្រទេសជាតិ»។
លោក លី ធុជ បន្ថែមដែរថាក្នុងនោះការថែទាំនូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន គឺជាគោលនយោបាយអាទិភាពមួយរបស់រដ្ឋាភិបាលអាណត្តិថ្មីនេះ។
សូមជម្រាបជូនថា ប្រជាពលរដ្ឋប្រមាណជា ៥០០នាក់ នៅក្រុងបាវិតខេត្តស្វាយរៀង បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យនៃសមាគម SOS Cambodian Kids-Vernon មកពីប្រទេសបារាំង ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី លី ធុជ។
ក្នុងនាមប្រជាពលរដ្ឋក្រុងបាវិតទាំងអស់ លោក លី ធុជ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យនៃសមាគម SOS Cambodian Kids-Vernon ដឹកនាំដោយ លោក ឡោ គឹមសុង និងលោកស្រី ឡោ វីឡា សហប្រធានសមាគម ព្រមទាំងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងធនធានផ្ទាល់ខ្លួន ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់នាពលេនេះ»។
ឆ្លៀតពេលនោះដែរ លោក លី ធុជ ក៏បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ និងថែទាំសុខភាពដោយខ្លួនឯងនៅតាមផ្ទះ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលថ្មី ក្នុងការកសាងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និងប្រសើរឡើង។
សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យSOS Cambodian Kids-Vernon បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃនោះទេ។
កាលពីឆ្នាំ២០២១ កន្លងមក ក្រុមគ្រូពេទ្យនេះបានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាង៣០០នាក់ នៅក្រុងបាវិត ដោយឥតគិតថ្លៃផងដែរ៕