ភ្នំពេញៈ ក្រសួងទេសចរណ៍បានប្រកាសថា ក្នុងចំណោមអាជីវកម្មទេសចរណ៍ទូទាំងប្រទេស មានអាជីវកម្មទេសចរណ៍ ៨១ ទីតាំង ដែលទទួលបានការវាយតម្លៃបញ្ជាក់ទទួលស្គាល់ជាអាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣។
ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានបង្ហាញថា មានមូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងប្រទេសបានចូលរួមក្នុងចលនាប្រឡងប្រណាំង អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ស្របតាមទស្សនទាន IBEST ដោយក្នុងនោះអាជីវកម្មទេសចរណ៍ទទួលបានការវាយតម្លៃបញ្ជាក់ទទួលស្គាល់ជា អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ដែលក្នុងនោះរាជធានីភ្នំពេញមានចំនួន ២៧ទីតាំង,សៀមរាបមានចំនួន ៩ទីតាំង,ខេត្តកំពតមានចំនួន ១១ទីតាំង, ខេត្តបាត់ដំបងមានចំនួន ២៣ទីតាំង និងខេត្តព្រះសីហនុមានចំនួន ១១ទីតាំង។
បើតាមក្រសួងទេសចរណ៍ ចលនាប្រឡងប្រណាំង អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ គឺជាការផ្តួចផ្តើមគំនិត ពីសំណាក់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្រោយមក ក្រសួងទេសចរណ៍ កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលកំពុងដំណើរការ ចូលរួមចលនាប្រឡងប្រណាំង «អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣»នេះ។
លោក ថោង ខុន ធ្លាប់បានលើកឡើងថា ការចូលរួមប្រឡងប្រណាំងនេះ គឺដើម្បីទទួលបានការណែនាំអំពីការអនុវត្ត និងការពង្រឹងសមត្ថភាពរបស់អាជីវកម្ម លើប្រតិបត្តិការផ្តល់សេវាកម្មឱ្យកាន់តែល្អ និងការខិតខំអភិវឌ្ឍសម្បទា សំដៅធានាបាននូវសេវាកម្មរហ័ស ងាយស្រួល ប្រកបដោយទំនុកចិត្ត ភាពជឿជាក់ គុណភាព សុវត្ថិភាព ភាពបៃតង និងតម្លៃសមរម្យ ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ១៩។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា វិញ្ញាបនបត្រនេះ មានតម្លៃណាស់សម្រាប់ម្ចាស់អាជីវកម្ម ក្នុងបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីលក្ខណសម្បត្តិ ឬសម្បទាគ្រប់របស់អាជីវកម្មទេសចរណ៍ ដែលមានការទទួលស្គាល់ដោយក្រសួងទេសចរណ៍។
លោកបានប្រាប់ថា៖«ការប្រឡងប្រណាំងនេះ គឺសំដៅលើការគិតគូរទៅលើគុណភាពសេវាកម្ម បរិស្ថាន សុវត្ថិភាព បច្ចេកវិទ្យា ព្រមទាំងការសម្រួលនូវការកក់ទុកសេវាកម្មជាដើម។ដូច្នេះប្រសិនបើម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ មានការរៀបចំសេវាកម្ម បដិសណ្ឋារកិច្ច រួមទាំងមានផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដែលស្របតាមលក្ខន្តិកៈរបស់ក្រសួងទៀត គាត់នឹងទទួលបានជយលាភី ដែលជយលាភី ជាតឹកតាងបង្ហាញថា អាជីវកម្មរបស់គាត់មានការទទួលស្គាល់ថាជាអាជីវកម្មឆ្នើម ដែលរៀបចំបានល្អប្រសើរ សំដៅត្រៀមទទួលភ្ញៀវទេសចរប្រកបដោយគុណភាព និងទាក់ទាញកំណើនទេសចរអន្តរជាតិបាន»។
សូមជម្រាបថា ការវាយតម្លៃនេះគឺត្រូវបានគោរពតាមលក្ខណវិនិច្ឆ័យ និងលក្ខណៈតម្រូវនីមួយៗតាមសូចនាករទាំង៥រួមមាន៖សូចនាករទី១-ស្តីពីការពង្រឹងគុណភាពសេវាកម្មរបស់អាជីវកម្មទេសចរណ៍,សូចនាករទី២- ស្តីពីការរៀបចំប្រព័ន្ធកក់ទុកមុនពីចម្ងាយ ប្រកបដោយភាពងាយស្រួល និងរហ័ស,សូចនាករទី៣- ស្តីពីការគាំពារបរិស្ថាន និងភាពស្អាត, សូចនាករទី៤- ស្តីពីការរក្សាបាននូវសុវត្ថិភាព និងអនាម័យ និងសូចនាករទី៥-ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយ។
ចំណែកទស្សនទាន IBEST ប្រៀបបាននឹងឯកសារបង្ហាញផ្លូវសម្រាប់អាជីវកម្មទេសចរណ៍ទាំងអស់ប្រើប្រាស់ជាមូលដ្ឋានសម្រាប់អនុវត្តប្រែតម្រូវនូវរាល់ផលិតផល និងសេវាកម្មរបស់ខ្លួនស្របតាមតម្រូវការ និងទីផ្សារនាពេលបច្ចុប្បន្ន និងប្រើប្រាស់ចូលរួមគាំទ្រដល់វិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023)៕