ភ្នំពេញៈ ក្រសួងទេសចរណ៍បានជ្រើសរើសបច្ចេកវិទ្យាចំនួន ១៥ សម្រាប់អនុវត្តផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ ដល់ឆ្នាំ ២០៣០ ដើម្បីធ្វើឱ្យការអភិឌ្ឍផលិតផល និងសេវាកម្មក្នុងវិស័យទេសចរណ៍ សម្រេចបានជោគជ័យ។
យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហាថា បច្ចេកវិទ្យាគន្លឹះចំនួន ១៥ ត្រូវបានកំណត់ដល់ការអភិវឌ្ឍផលិតផល និងសេវាកម្ម ដែលរួមមាន៖ ថ្នាលលក់តាមអនឡាញ,បច្ចេកវិទ្យាចាប់រូបភាព,អ៊ីនធឺណិត,អ៊ីនធឺណិតនៃវត្ថុ,បច្ចេកវិទ្យាក្លោដ,បច្ចេកវិទ្យាស្លាកសញ្ញាឆ្លាតវៃ។
បច្ចេកវិទ្យាបញ្ចូលរូបនិម្មិតទៅក្នុងពិភពពិត/បច្ចេកវិទ្យារូបភាពប្រត្យក្សនិម្មិត, បច្ចេកវិទ្យាកំណត់ទិសដៅ, ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ,បញ្ញាសិប្បនិម្មិត,ទិន្នន័យធំ,បច្ចេកវិទ្យាអេកក្រង់ថាច់ស្គ្រីន,ប្រព័ន្ធបណ្តាញសង្គម, កម្មវិធីលើគេហទំព័រ/កម្មវិធីលើទូរស័ព្ទដៃ និងឧបករណ៍ចល័ត។
ក្រសួងទេសចរណ៍ បញ្ជាក់ថា៖ «បច្ចេកវិទ្យាគន្លឹះទាំងនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ផលិតផល និងសេវាកម្មយុទ្ធសាស្ត្រទាំងក្នុងរយៈពេលខ្លី មធ្យម និងវែងសម្រាប់ការគាំទ្រ និងការជួយឱ្យសម្រេចបាននូវគោលបំណង និងចក្ខុវិស័យខាងលើ»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានថ្លែងនៅថ្ងៃទី២០ ខែសីហាថា ការជ្រើសរើសបច្ចេកវិទ្យាទាំងអស់នេះ ជាគន្លឹះដ៏មានសារៈសំខាន់នៅក្នុងយុទ្ធសាស្ត្រវិស័យទេសចរណ៍ ពីព្រោះបច្ចុប្បន្នកម្ពុជាកំពុងព្យាយាមដើរឱ្យទាន់នូវសម័យបច្ចេកវិទ្យា ដែលពិភពលោកកំពុងប្រើប្រាស់។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានកំណត់ថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាវិស័យស្នូលមួយដ៏សំខាន់នៅគ្រប់វិស័យ ដូច្នេះហើយនៅគ្រប់វិស័យទាំងអស់ ត្រូវតែតាមឱ្យទាន់នូវគ្រប់បច្ចេកវិទ្យា ជាពិសេសវិស័យទេសចរណ៍ ដែលមានការប្រកួតប្រជែងច្រើនជាមួយប្រទេសជិតខាង ក៏ដូចជាមានភាពទាក់ទាញ ដើម្បីធ្វើម៉េចឱ្យភ្ញៀវគ្រប់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ពួកគាត់មានការចាប់អារម្មណ៍។
ក្រៅពីនេះ បច្ចេកវិទ្យាទាំងអស់នោះ វាផ្ដល់នូវភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងការស្រាវជ្រាវ ឫស្វែងរកតំបន់ទេសចរណ៍ដែលមានសុវត្ថិភាព និងសេវាកម្មល្អអ្វីខ្លះ ដើម្បីជាការប្រៀបធៀបជាមួយបណ្ដាប្រទេសដទៃទៀតផងដែរ។ នេះបើតាមការថ្លែងរបស់លោកស្រី ឆាយ ស៊ីវលីន។
លោកស្រីមានប្រសាសន៍ថា៖ «អ៊ីចឹងក្រសួងជ្រើសរើសបច្ចេកវិទ្យាទាំងអស់ហ្នឹង វាគឺជាត្រីវិស័យមួយផងដែរ សម្រាប់អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ ពីព្រោះទាំងប្រតិបត្តិករទេសចរណ៍ក្នុងវិស័យរដ្ឋ និងវិស័យឯកជន គាត់មិនប្រាកដថា ចេះទាំងអស់នោះទេ»។
លោកស្រីថា ហើយវាក៏ជាឱកាសមួយសម្រាប់ឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់នោះ ចាប់យកការអភិវឌ្ឍសេវាកម្ម និងផលិតផលវិស័យទេសចរណ៍របស់ខ្លួន តាមរយៈការតាមឱ្យទាន់នូវប្រព័ន្ធបច្ចេកវិទ្យានេះឯង៕