ភ្នំពេញៈ រដ្ឋសភាចាប់ផ្តើមបើកសម័យប្រជុំដំបូងរបស់ខ្លួនសម្រាប់នីតិកាលទី៧ នៅថ្ងៃទី ២១ ខែសីហានេះ ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ខណៈនៅថ្ងៃនេះ សមាជិកសភាអាណត្តិថ្មី នេះក៏នឹងស្បថចូលកាន់តំណែងផងដែរ ដែលការកោះប្រជុំដំបូងនេះគឺធ្វើឡើងប្រមាណ ២ សប្តាហ៍ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ កាលពីថ្ងៃទី ៥ សីហា។
លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែកក្កដា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានអាសនៈច្រើនជាងគេគឺ ១២០ អាសនៈ បន្ទាប់មកគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៥ អាសនៈក្នុងចំណោមអាសនៈចំនួន ១២៥ ក្នុងរដ្ឋសភា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីថ្ងៃទី ២៦ ខែកក្កដាថា លោកនឹងមិនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតទេចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ តទៅក្រោយពីលោកបានកាន់តំណែងនេះអស់ ជាង ៣៨ ឆ្នាំ តែលោកនឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា ខណៈលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ដែលជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ។
កាលពីថ្ងៃទី ១៨ ខែសីហា លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងលោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារត្រៀមរៀបចំបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៧ នេះ។
រដ្ឋសភាបានប្រកាសកាលពីថ្ងៃទី ១៨ ខែសីហាថា ក្នុងកិច្ចប្រជុំនេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាអមដោយអគ្គលេខាធិការរង អគ្គនាយក និងនាយកដ្ឋានជំនាញចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា បានធ្វើសេចក្តីរាយការណ៍លម្អិតពីការងារពាក់ព័ន្ធនឹងនីតិវិធីដំណើរការនៃការបើកសម័យប្រជុំដំបូងនេះ រួមមាន ការងារពិធីការ ការការពារសន្តិសុខសុវត្ថិភាព ការងារសម្របសម្រួលអ្នកសារព័ត៌មាន និងការងារជាច្រើនផ្សេងទៀត។
រដ្ឋសភាបានបញ្ជាក់ថា៖«ជាលទ្ធផលមកទល់ពេលនេះ ដំណើរការនៃការត្រៀមរៀបចំបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា បាននិងកំពុងប្រព្រឹត្តទៅដោយរលូន»។
លោកឡេង ប៉េងឡុង អ្នកនាំពាក្យនៃរដ្ឋសភា មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមបានទេនៅថ្ងៃទី ២០ ខែសីហា។ ទោះយ៉ាងណា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី ១១ ខែសីហាថា៖ «យោងតាមព្រះរាជសារចុះថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ៨:០០ ព្រឹក រដ្ឋសភានីតិកាលទី ៧ នឹងប្រារព្ធ ពិធីបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា»។
ប្រភពដដែលបញ្ជាក់ថា ក្នុងពិធី«ដ៏មហោឡារិក និងជាប្រវត្តិសាស្ត្រ» នេះ ឥស្សរជនជាន់ខ្ពស់ អង្គទូតប្រចាំកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនក៏ត្រូវបានអញ្ជើញចូលរួមផងដែរ។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងនេះសម័យប្រជុំរដ្ឋសភាលើកទី១ នេះនឹងផ្តើមការងារក្រោមអធិបតីភាពរបស់លោកហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភាដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧ នេះ។
សេចក្តីជូនដំណឹងបន្តថា នៅថ្ងៃទី ២២ ខែសីហា វេលាម៉ោង ៨:០០ ព្រឹក សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
លោកហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី ២៦ កក្កដាថា៖ «ថ្ងៃ ២១ [សីហា] នេះ ពេលព្រឹកគឺព្រះមហាក្សត្រកោះប្រជុំសភា។ ពេលល្ងាចថ្ងៃទី ២១ ខែសីហា គឺនឹងមានការស្បថចូលកាន់តំណែងរបស់សមាជិកសភា។ បន្ទាប់ទៅគឺនៅថ្ងៃទី ២២ [សីហា] សភានឹងកោះប្រជុំក្រោមអធិបតីភាពរបស់ព្រឹទ្ធបុរស ហើយពេលនោះក្បាលម៉ាស៊ីនរដ្ឋសភា និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលនឹងត្រូវបង្កើតឡើង។ ល្ងាចថ្ងៃទី ២២ [សីហា] គឺគណៈរដ្ឋមន្ត្រី នឹងស្បថចូលកាន់តំណែងចំថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧។ ដូច្នេះ វាជាពេលវេលាល្អដែលយើងយកខែនេះយកខ្នើតធ្វើជាពេលចេញដំណើរផ្លូវការរបស់សភា និងរបស់រាជរដ្ឋាភិបាល»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែសីហាថា ដំណើរការប្រជុំរដ្ឋសភានឹងប្រព្រឹត្តទៅតាមធម្មតា ដោយពុំមានបញ្ហាអ្វីទេ បើទោះជាពុំមានការសាទរ ឬក៏មានប្រតិកម្មពីបស្ចិមប្រទេស និងអ្នកនយោបាយក្រៅស្រុកខ្លះក្ដី។
លោកថា៖ «យើងវាយតម្លៃថាដំណើរការកិច្ចប្រជុំទី១ស្អែកគឺនឹងដំណើរការតាមរបៀបវារៈរបស់ខ្លួននៃសមាជិកសភាទាំង ១២៥ ដោយមិនទាន់ឃើញមានសញ្ញាណនៃការអវត្តមានទេ។ ក្រៅពីការប្រកាសសុពលភាពស្អែកហើយនៅថ្ងៃទី ២២ [សីហា] នឹងមានកិច្ចប្រជុំសភាដើម្បីបង្កើតក្បាលម៉ាស៊ីនសភាក៏ដូចជាទទួលស្គាល់គណៈរដ្ឋមន្ត្រីដែរ»៕