
ព្រះមហាក្សត្រនរោត្តម សីហមុនី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតំណាងរាស្ត្រ ថតរូបជុំគ្នានៅក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី ៧ កាលពីថ្ងៃម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ តំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥ រូប ដែលមកពីគណបក្សប្រជាជនកម្ពុជា ១២០ រូប និងគណបក្សហ្វ៊ុនស៊ិនប៉ិច ៥ រូប ក្នុងអាណត្តិទី៧ បានស្បថចូលកាន់តំណែងនៅព្រះបរមរាជវាំង បន្ទាប់ពីរដ្ឋសភាបានប្រកាស សម្រេចអំពីសុពលភាពក្នុងសម័យប្រជុំដំបូងរបស់រដ្ឋសភាក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។
សេចក្តីប្រកាសព័ត៌មានរដ្ឋសភាបញ្ជាក់នាថ្ងៃទី ២១ ខែសីហាថា ក្នុងពិធីបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតី ព្រះមហាក្សត្រ មានវត្តមានរបស់ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗអង្គទូតនានាប្រចាំកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ព្រមទាំងវត្តមានសមាជិក សមាជិការដ្ឋសភានីតិកាលទី៧។
ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី មានព្រះបន្ទូលក្នុងពិធីបើកនេះថា រដ្ឋសភាដែលជា អង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងប្រទេសកម្ពុជាជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារ លើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។
ព្រះអង្គមានព្រះបន្ទូលថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូលធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឱ្យប្រទេសកម្ពុជាមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។
ព្រះអង្គមានព្រះបន្ទូលបន្តថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្ដប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ»។
ព្រះអង្គមានព្រះបន្ទូលថា៖ «ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ ៤ គឺ មេតា្ត ករុណា មុទិតា និងឧបេក្ខា។ នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះខ្ញុំសូមប្រសិទ្ធពរ សូមរដ្ឋសភានីតិកាលទី៧ មានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល»។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា បន្ទាប់ពីពិធីបើកក្រោមព្រះរាជាធិបតីព្រះមហាក្សត្ររួចមក លោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភាបានបន្តដឹកនាំសម័យប្រជុំលើកទី ១ នីតិកាលទី ៧ នៃរដ្ឋសភា។ សម័យប្រជុំលើកទី ១ នេះបានសម្រេចអំពីសុពលភាពនៃបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រទាំង ១២៥ រូប និងបានអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី៧។
សេចក្តីប្រកាសស្តីពីការសម្រេចនៃសុពលភាពនេះដែលចុះហត្ថលេខាដោយ លោក ហេង សំរិន នាថ្ងៃទី ២១ ខែសីហា បញ្ជាក់ថា៖ «តំណាងរាស្ត្រដូចមានរាយនាមក្នុងប្រការ ១ ខាងលើ [មាន ១២៥ រូប] ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង»។
សម័យប្រជុំរដ្ឋសភាលើកទី ១ នេះនឹងបន្តនៅថ្ងៃទី ២២ សីហា ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានវត្តមានក្នុងពិធីបើកសម័យប្រជុំលើកដំបូងនេះដែរ ហើយបណ្តាញតេឡេក្រាមរបស់លោកបានបញ្ជាក់នៅមុនការចាប់ផ្តើមពិធីនេះថា៖ «សម័យប្រជុំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែល កម្ពុជារៀបចំការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ ប្រកបដោយភាពជោគជ័យ»។

ទាំងពិបាកដាំ ទាមទារការថែទាំ និងតម្រូវការបរិភោគស្រស់ៗភ្លាមៗ វ៉ាសាប៊ីប្រៀបបីដូចជាមាសបៃតងរបស់ជប៉ុន។ រូបថត AFP
ជាមួយគ្នានេះដែរព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះអង្គថា ៖ «ទូលព្រះបង្គំ ជាខ្ញុំ ជាអ្នកតំណាងរាស្ត្រ សូមក្រាបថ្វាយបង្គំ និងសម្តែងនូវកត្តញ្ញូ កត្តវេទីថ្វាយព្រះករុណា ជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី ៧»។
ព្រះអង្គម្ចាស់ ចក្រាវុធ បន្តថា ព្រះរាជវត្តមានដ៏ថ្លៃថ្លាបំផុតនេះ គឺជាការប្រោះព្រំពរជ័យប្រទានដល់ស្ថាប័ននីតិបញ្ញត្តិក្នុងការចាប់ផ្តើមបេសកកម្មរបស់ខ្លួន។ ព្រះអង្គបញ្ជាក់ថា ៖«ទូលព្រះបង្គំជាខ្ញុំ សូមចងចាំព្រះរាជឱង្ការផ្តាំផ្ញើដ៏ថ្លៃថ្លាបំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលឱ្យតំណាងរាស្ត្រទាំងអស់ត្រូវខិតខំយកអស់សមត្ថភាពដើម្បីបម្រើជាតិ សាសនា និងប្រជារាស្ត្រឱ្យបានស្មើភាពគ្នាចំពោះមុខច្បាប់»។
នៅរសៀលថ្ងៃទី ២១ សីហា ដដែល តំណាងរាស្ត្រនីតិកាលទី៧ ទាំងអស់ បានចូលធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅព្រះបរមរាជវាំងផងដែរ។ចំពោះការបើកសម័យប្រជុំរបស់រដ្ឋសភា នីតិកាលទី៧ លើកដំបូងនេះដែរ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកថា សម័យប្រជុំដំបូងនេះ គឺជាការចេញដំណើរប្រកបដោយពរជ័យនៃដំណើរការប្រជាធិបតេយ្យពហុបក្សនៅកម្ពុជា។
លោកថា កិច្ចប្រជុំដំបូងនេះក៏មានវត្តមាននៃបណ្តាអង្គទូតលោកខាងលិច និងអង្គទូតនៃប្រទេសជាមិត្តដែលមានស្ថានទូតរបស់ខ្លួននៅកម្ពុជាដែលអ្នកទាំងអស់នេះ គឺជាសាក្សីដ៏សំខាន់មួយនៃដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ នៃដំណើរការប្រជាធិបតេយ្យពហុបក្សនៅកម្ពុជា។
លោក គិន ភា ប្រាប់ដូច្នេះថា៖ «អ្វីដែលជាការកត់សម្គាល់សំខាន់នៅក្នុងអាណត្តិនេះត្រង់ថា សភារបស់យើងលែងជាសភាឯកបក្សទៀតហើយ គឺជាសភាពហុបក្ស ដ្បិតគណបក្សហ្វុ៊នស៊ិនប៉ិចទទួលបាន៥អាសនៈក្នុងរដ្ឋសភាផងដែរ។ ដូចនេះ យើងសង្ឃឹមថា សភានីតិកាលថ្មីនេះ នឹងបំពេញ ភារកិច្ចរបស់ខ្លួនទៅតាមច្បាប់ ជាពិសេសអ្នកតំណាងរាស្ត្រទាំងអស់នឹងធ្វើការទៅតាមពាក្យសម្បថរបស់ខ្លួន ដែលសន្យាស្មោះត្រង់នឹងជាតិ ប្រជាជន និងព្រះមហាក្សត្រ និងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីឧត្តមប្រយោជន៍ជាតិ»។
លោកបន្ថែមថា អ្វីដែលប្រជាពលរដ្ឋចង់ឃើញបំផុតនោះគឺការបំពេញភារកិច្ច របស់អ្នកតំណាងរាស្ត្រ គឺការពិនិត្យអនុម័តច្បាប់ទាំងអស់ត្រូវតែឆ្លុះបញ្ចាំងពីតម្រូវការនៃសង្គម តម្រូវការរបស់ពលរដ្ឋ ដោយស្មារតីនៃច្បាប់គឺមិនមែនបម្រើមនុស្សមួយក្រុមណាមួយ ដោយផាត់ចោលមួយផ្នែកធំនៃសង្គមជាតិនោះទេ។
ដោយឡែក លោក យ៉ង់ គិមអេងនាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) យល់ឃើញថា បើទោះបីជា រដ្ឋសភានីតិកាលទី៧ នេះបានផ្លាស់ប្តូរពីសភាឯកបក្សមកពហុបក្សក៏ដោយ តែនៅតែមិនអាចមានយោបល់បាន ព្រោះសមាជិករដ្ឋសភាមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចមានត្រឹមតែ ៥ រូបប៉ុណ្ណោះ ខណៈក្រុមនីមួយៗក្នុងរដ្ឋសភា មានសមាជិក ១០ នាក់ក្នុង ១ ក្រុម ទើបអាចលើកជាយោបល់បាន។ទោះបែបនេះក្តី លោក យ៉ង់ គិមអេងនៅតែមានសុទិដ្ឋនិយមថា យ៉ាងហោចណាស់សមាជិកសភាមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច នៅតែមានឱកាស ក្នុងការជួបសំណេះសំណាលជាមួយពលរដ្ឋ ដឹងសុខទុក្ខពលរដ្ឋ ឬផ្តល់បទសម្ភាសន៍នានាដល់អ្នកសារព័ត៌មានទាក់ទងនឹងការងាររបស់រដ្ឋសភាបាន។
លោក យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ដំណើរការនៃកិច្ចប្រជុំសភាដំបូងនេះ ប្រព្រឹត្តទៅដោយរលូន និងសុខដុមក្រោមព្រះរាជាធិបតីនៃអង្គព្រះមហាក្សត្រ ដូចដែលបានគ្រោងទុកតាមរបៀបវារៈ ហើយរដ្ឋាភិបាលក៏ដូចសភាអាណត្តិទី ៧ នេះ គឺផ្ដើមចេញពីមូលដ្ឋានរឹងមាំរបស់ខ្លួន ទាំងទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ និងទិដ្ឋភាពសង្គម។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២១ សីហា ថា៖ «ទិដ្ឋភាពច្បាប់គឺកម្ពុជាបានកសាងច្បាប់ និងមានធម្មនុញ្ញ មានច្បាប់រឹងមាំរបស់ខ្លួន ដែលធ្វើដំណើរចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់ពេលនេះ។ ទិដ្ឋភាពនយោបាយ គឺសម្រាប់អ្នកបន្តវេនជំនាន់ថ្មីនេះ គឺមានលក្ខណៈរឹងមាំ ដោយសារតែមានអ្នកជំនាន់មុនជាខ្នងបង្អែកគូសវាសនយោបាយ ទំនុកបម្រុង។
ទិដ្ឋភាពសង្គមក៏ដូចគ្នាដែរសង្គមមានភាពសុខដុមរមនា ក្រោមម្លប់សន្តិភាព ដែលពីមុនមកគឺសម្រាប់អ្នកជំនាន់មុនគឺផ្ដើមចេញពីការហែកហួរគ្នាជាដើម។ អ៊ីចឹងទាំងអស់នេះយើងសង្ឃឹមថា នឹងមានដំណើរការទៅដោយភាពស្វាហាប់ និងរីកចម្រើនប្រសិនបើដឹកនាំត្រឹមត្រូវតាមបន្ទាត់ដែលមានស្រាប់នេះ»៕