ភ្នំពេញៈ អូស្ត្រាលីកំពុងជួយដល់កសិករកម្ពុជា ក្នុងការលើកកម្ពស់ផលិតភាពកសិកម្មតាមរយៈការអភិវឌ្ឍពូជមាន់ស្គួយដែលគេស្គាល់ថាជា«មាន់ស្រែ»ទទួលបានការពេញនិយមដោយសារសាច់របស់វាមានរសជាតិឆ្ងាញ់ និងមានសមត្ថភាពក្នុងការ ផលិតស៊ុតបានល្អថែមទាំងមានតម្លៃល្អនៅលើទីផ្សារ។ ប្រជាកសិករដែលកំពុងប្រកបរបរចិញ្ចឹមមាន់បានសាទរចំពោះគម្រោងនេះ។
តាមរយៈការផ្សព្វផ្សាយរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី ១៦ សីហាបានឱ្យដឹងថា មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ Australian Centre for International Agricultural Research (ACIAR) កំពុងគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍បង្កាត់ពូជសត្វបែបសហគមន៍ដំបូងគេបង្អស់សម្រាប់មាន់នៅក្នុងប្រទេសកម្ពុជា លើគម្រោងកែលម្អពូជមាន់។
គម្រោងនេះដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិ ១ ក្រុម ក្នុងគោលបំណងបង្កើតពូជមាន់ស្គួយ ដែលមានផលិតភាពខ្ពស់ ហើយកូនមាន់ស្គួយអាចលក់បានក្នុងតម្លៃខ្ពស់។ កម្មវិធីនេះកំពុងផ្តល់ឱ្យកសិករនូវចំណេះដឹង និងជំនាញដែលចាំបាច់ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជការថែទាំមេបាពូជ (មាន់) ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាព និងការបង្កាត់ពូជសិប្បនិម្មិតលើមេមាន់ជាដើម។ ស្ថានទូតអូស្ត្រាលីថា៖«យើងសង្ឃឹមថា ពូជមាន់ស្គួយ ដែលកំពុងអភិវឌ្ឍនេះ នឹងមានលក់នៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។
អ្នកស្រី រិទ្ធិ ចាន់ថា ប្រធានសហគមន៍អ្នកចិញ្ចឹមមាន់ស្រែប្រចាំឃុំទឹកហូត ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បានថ្លែងកាលពីថ្ងៃទី ២០ ខែសីហាថា អ្នកស្រីមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងការជួយរបស់អូស្ត្រាលីក្នុងការលើកកម្ពស់ផលិតភាពកសិកម្មតាមរយៈការអភិវឌ្ឍពូជមាន់ស្រែនេះមកកាន់សហគមន៍របស់អ្នកស្រីនៅឡើយ។ ប៉ុន្តែអ្នកស្រីថ្លែងថា បើសិនខាងអូស្ត្រាលី មានគម្រោងផ្តល់ចំណេះដឹង និងជំនាញដែលចាំបាច់ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជ ការថែទាំមេបាពូជ (មាន់) ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាពដល់សហគមន៍ នោះពិត គឺជារឿងដ៏ប្រសើរបំផុតសម្រាប់កសិករ។
អ្នកស្រី បន្តថា៖«យើងរីករាយណាស់ បើសិនជាអូស្ត្រាលី គាត់មានគម្រោងនេះសម្រាប់ជួយដល់សហគមន៍អ្នកចិញ្ចឹមមាន់ពិតមែន។ បច្ចុប្បន្ន សហគមន៍ខ្ញុំមានតែខាងក្រសួងកសិកម្ម និងគម្រោងរបស់អង្គការហាយហ្វឺ ប៉ុណ្ណោះដែលបានជួយយើងលើការងារបច្ចេកទេស ការផ្តល់បរិក្ខារសម្រាប់ចិញ្ចឹម និងទុនជាដើម អស់រយៈពេល៧ឆ្នាំមកហើយ»។
បើតាមអ្នកស្រី រិទ្ធិ ចាន់ថា សហគមន៍ចិញ្ចឹមមាន់ស្រែនៅភូមិទឹកហូតរបស់អ្នកស្រីមានសមាជិកជាង ៨០០ គ្រួសារ ដោយគ្រួសារនីមួយៗចិញ្ចឹមមាន់ស្រែចាប់ពី ៣០០ ក្បាលឡើងទៅ និងអាចរកចំណូលបានចន្លោះពី ៨០ ម៉ឺន ទៅជាង ១ លានរៀលក្នុង ១ ខែជាចំណូលដែលទទួលបានបន្ថែមក្រៅពីការងារស្រែចម្ការ។
ចំណែក អ្នកស្រី ជា គឹមសួរ ជាកសិករចិញ្ចឹមមាន់ស្រែ និងជាកសិករគំរូ ក្នុងការចិញ្ចឹមមាន់ស្រែ និងដាំដំណាំកសិកម្មផ្សេងទៀត នៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏បានប្រាប់ឱ្យដឹងដែរថា មុខរបរចិញ្ចឹមមាន់ស្រែនេះ ទទួលបានតម្លៃគួរសម ដោយសារតែមាន់ស្រែលក់បានថ្លៃនៅលើទីផ្សារ ប៉ុន្តែនៅមានជំងឺឆ្លងលើសត្វម្តងៗក៏មានការខាតបង់មិនតិចដែរ។
អ្នកស្រីបាននិយាយ ដំបូងឡើយអ្នកស្រីចិញ្ចឹមត្រឹមតែកូនមាន់ ៧០ ក្បាល ដើម្បីធ្វើពូជ ក្រោយមកទើបពង្រីកបន្ថែមទៀតជាបន្តបន្ទាប់ដោយសារមាន់ស្រែនេះមានតម្រូវការលើទីផ្សារខ្ពស់។ អ្នកស្រីគឹមសួរ បញ្ជាក់ថា៖«មកដល់ពេលនេះ ខ្ញុំបានពង្រីកបន្ថែមទៀត ដោយសារតែមានតម្រូវការលើផ្សារច្រើន ចំពោះមាន់ស្រែនេះ ជាពិសេសនៅអំឡុងពេលមានវិបត្តិកូវី ១៩ កន្លងទៅ វិស័យចិញ្ចឹមសត្វ ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តណាស់ ដោយបានឱ្យមន្ត្រីជំនាញមកណែនាំពីបច្ចេកទេស, និងការផ្តល់ទុនពីធនាគារ ដែលមានការប្រាក់ទាបជាដើម»។
ចំពោះគម្រោងអភិវឌ្ឍន៍ពូជមាន់ស្រែ របស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ Australian Centre for International Agricultural Research (ACIAR) ដែលកំពុងគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ការបង្កាត់ពូជសត្វបែបសហគមន៍ លើគម្រោងកែលម្អពូជមាន់នេះ អ្នកស្រីជា គឹមសួរថ្លែងថា ជាការល្អបំផុត ប្រសិនបើមានអ្នកបច្ចេកទេសអន្តរជាតិ អាចផ្តល់ចំណេះដឹងបន្ថែមលើការចិញ្ចឹមមាន់ស្រែនេះ ខណៈដែលអ្នកស្រីក៏មានគម្រោងនឹងពង្រីកការចិញ្ចឹមមាន់ឱ្យធំជាងនេះដែរនាពេលអនាគត។
បើតាមអ្នកស្រីគឹមសួរ បច្ចុប្បន្ន អ្នកស្រីមានមាន់ពូជ សរុបជិត ១ ០០០ ក្បាល ដែលក្រៅពីលក់មាន់សម្រាប់ផ្គត់ផ្គង់ម្ហូបអាហារហើយកសិដ្ឋានខ្នាតតូចរបស់អ្នកស្រី ក៏មានបង្កើតកូនមាន់ពូជ សម្រាប់លក់ឱ្យប្រជាកសិករយកទៅចិញ្ចឹមបន្ត ដែលជាមុខរបរបន្ទាប់បន្សំ ក្រៅពីការងារធ្វើស្រែចម្ការ៕