ភ្នំពេញៈ អង្គការ People In Need (PIN) បង្ហាញ​ពី​សមិទ្ធផល​នៃ​គម្រោង​ការឆ្លើយ​តប​ចម្រុះ​លើ​ការបង្ការ​និង​ការ​គាំពារ​ចំពោះ​កូ​វីដ​ ១៩ ​សម្រាប់​សហគមន៍​ងាយ​រងគ្រោះ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​អះអាង​បន្ត​គាំទ្រ​សហគមន៍​លើ​ការ​ស្តារឡើងវិញ​ពី​ផលប៉ះពាល់​យូរអង្វែង​តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​សេវា​គាំពារ​សង្គម និង​ការ​គាំពារ​ផ្លូវចិត្ត​។​

​គម្រោងការ​ឆ្លើយតប​ចម្រុះ​លើ​ការបង្ការ និង​ការ​គាំពារ​ចំពោះ​កូ​វីដ​ ១៩​ សម្រាប់​សហ​គម​ន៍​ងាយ​រងគ្រោះ​ក្នុង​រាជ​ធានី​ភ្នំពេញ គឺជា​គម្រោង​ ១ ​មាន​គោលបំណង​ចូលរួមចំណែក​ក្នុងការ​ពង្រឹង​ការ​គាំពារ​សង្គម ការស្តារ​សេដ្ឋកិច្ច និង​ការ​ទប់​ទល់នឹង​ជំងឺ​កូ​វីដ​ ១៩ នៃ​សហគមន៍​ក្នុង​ទីក្រុង​ដែល​ជួប​ការលំបាក​ផ្នែក​សេដ្ឋ​កិច្ច​។ គម្រោង​នេះ បាន​ចាប់​ផ្តើម​អនុវត្ត​ដោយ​អង្គការ PIN និង​ដៃគូ កាលពី​ចុងឆ្នាំ​ ២០២០ ដែលមាន​រយៈពេល​ ៣​ ឆ្នាំ ហើយនឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២៣​ នេះ​។​

​អង្គការ PIN បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​ ២០ ខែសីហា​ថា ឆ្នាំ​ ២០២៣ គឺជា​ឆ្នាំ​ចុង​ក្រោយ​នៃ​ការអនុវត្ត​គម្រោង ហើយ​រហូតមក​ដល់ពេលនេះ គម្រោង​បាន​ជួយ​ដល់​ក្រុម​គោលដៅ ដែលមាន​ដូចជា​គ្រួសារ​ដែល​ងាយ​រងគ្រោះ កម្មករនិយោជិត​ស្ត្រី កុមារ និង​សហគមន៍​ងាយ​រងគ្រោះ​កម្មករនិយោជិត​ដែល​បាត់បង់​ការងារ និង​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម តាមរយៈ​ការ​ផ្តល់ជំនួយ​គាំទ្រ​ជា​បន្តបន្ទាប់​។​

​អង្គការ​នេះ បាន​បញ្ជាក់ថា​៖«(​គម្រោង​) បាន​ដំឡើង​កន្លែង​លាងដៃ​ចល័ត និង​ផ្តល់​ម៉ាស៊ីន​បាញ់​អាល់កុល​ទៅកាន់​ផ្សារ​ចំនួន​ ៤ គឺ​ផ្សារ​សាមគ្គី ផ្សារ​ច្បារអំពៅ ផ្សារ​ពោធិ៍​ចិន​តុង និង​ផ្សារ​ជម្ពូ​វ័ន​។ (​គម្រោង​) ក៏បានផ្តល់​ដល់ក​ម្មក​រ​និ​យោ​ជិត​ជាង​ ៣​ ពាន់​នាក់​បានទទួល​ការបណ្តុះបណ្តាល​ស្តីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សិទ្ធិ​អ្នក​ទទួល​ប្រាក់កម្ចី សិទ្ធិ​លំនៅ​ឋាន និង​សិទ្ធិ​ជួល​ផ្ទះ​។ បន្ថែម​លើ​នេះ កម្មករនិយោជិត​ប្រមាណ ២ ​ពាន់​នាក់​ទៀត កំពុង​ទទួល​ការបណ្តុះបណ្តាល​នាពេល​បច្ចុប្បន្ននេះ​»​។

​ជាមួយនឹង​ការគាំទ្រ​នេះ គម្រោង​នេះ​រំពឹងទុក​ថា កម្មករនិយោជិត​ចំនួន​ ៥​ ពាន់​នាក់ នឹង​ទទួលបាន​ការបណ្តុះបណ្តាល​នៅពេល​គម្រោង​បានបញ្ចប់ ខណៈ​គម្រោង ក៏បានផ្តល់​ការ​បណ្តុះបណ្តាល​លើកកម្ពស់​ការយល់ដឹង​អំពី​យេនឌ័រ និង​អំពើហិង្សា​លើ​កុមារ ជូន​ដល់​សមាជិក​សហគមន៍​ជាង ២០០​នាក់ នៅក្នុង​សហគមន៍​គោលដៅ​ផងដែរ​។ នេះ​បើតាម​ការ​​អះអាង​របស់​អង្គការ PIN​។​

​អង្គការ ក៏បាន​ឱ្យដឹងទៀតថា តាមរយៈ​គម្រោង​នេះ មាន​កម្មករនិយោជិត​ជាង ៥០០ នាក់​ ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ ឬ​ជា​កម្មករនិយោជិត​ដែលមាន​ជំនាញ​កម្រិត​ទាប​នៅឡើយ បានទទួល​អាហារូបករណ៍​ចុះឈ្មោះ​ចូលរៀន​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ផ្នែក​ជួសជុល​និង​ថែទាំ​រថយន្ត ផ្នែក​ជួសជុល​និង​ថែទាំ​កុំព្យូទ័រ ផ្នែក​ជួសជុល​ម៉ាស៊ីនត្រជាក់ និង​ផ្នែក​ដំឡើង​បណ្តាញ​អគ្គិសនី​។

​អង្គការបាន​អះអាង​បន្ត​៖ «​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ចំនួន​៩៩​នាក់​បានទទួល​ការបណ្តុះ​បណ្តាល​ស្តីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សិទ្ធិ​អ្នកទទួល​ប្រាក់កម្ចី​និង​ជំនាញ​ទីផ្សារ​ឌីជីថល សេវា​ពិគ្រោះ​យោបល់​អាជីវ​កម្ម​និង​ជំនួយ​ដើមទុន​ខ្នាតតូច​ពី​គម្រោង ដើម្បី​គាំទ្រ​ដល់​ការស្តារ​អាជីវកម្ម​ពី​ផលវិបាក​នៃ​កូ​វីដ ១៩​។ លើសពីនេះ ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ប្រមាណ​ ១០០​ នាក់​ទៀត​កំពុង​ទទួលបាន​ការគាំទ្រ​ទាំងនេះ​នាពេល​បច្ចុប្បន្ន​។ នៅ​ចុងបញ្ចប់​នៃ​គម្រោង យើង​រំពឹងទុក​ថា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ចំនួន​ ២០០ ​នាក់ នឹង​ទទួលបាន​ការគាំទ្រ​ពី​គម្រោង​នេះ​»​។

​លោក​ ឈួន គីម​ស្រ៊ុន ប្រធាន​គម្រោង​នៅ​អង្គការ​ភី​ន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា លើសពីនេះ យុទ្ធនាការ​របស់​គម្រោង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏បាន​ជួយ​ដល់​ការលើកកម្ពស់​ការយល់​ដឹង​របស់​យុវជន​ក្នុង​សហគមន៍ និង​សាធារណជន​ទូទៅ​ផងដែរ​។ លោក និយាយថា សព្វថ្ងៃនេះ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ឆ្ពោះទៅរក​ការ​សម្រប​ខ្លួន​ទៅនឹង​យុគសម័យ​ឌី​ជី​ថ​ល ហើយ​យុវជន​កម្ពុជា​ជាច្រើន អាច​ប្រើប្រាស់​និង​ទទួល​ឥទ្ធិពល​ពី​បណ្តាញ​សង្គម ដែល​ធ្វើឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជា​ឧបករណ៍​ដ៏​សមស្រប​មួយ​សម្រាប់​ការលើកកម្ពស់​ការយល់​ដឹង​ដល់​យុវជន​នៅក្នុង​សហគមន៍​។​

​លោក​បាន​បញ្ជាក់ថា​៖ «​មុនពេល​អនុវត្ត​គម្រោង​នេះ​គេ​សង្កេតឃើញថា មាន​ករណី​អំពើហិង្សា​យេនឌ័រ និង​ការ​កេងប្រវ័ញ្ច​លើ​កុមារ​នៅក្នុង​សហគមន៍​នានា​ក្នុង​រាជធានី​ភ្នំពេញ​ជាច្រើន​។ ចាប់តាំងពី​ការអនុវត្ត​គម្រោង​នេះ​អង្គការ​ភី​ន និង​អង្គការ​អភិវឌ្ឍន៍​ស្ត្រី​ក្រីក្រ​ក្នុង​ទីក្រុង​បាន​សង្កេតឃើញ​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់​នូវ​ករណី​អំពើហិង្សា​យេនឌ័រ​និង​ការកេងប្រវ័ញ្ច​លើ​កុមារ​»​។​

​លោក ឈួន គីម​ស្រ៊ុន បាន​ថ្លែងថា នៅក្នុង​បរិបទ​បច្ចុប្បន្ន​ដោយសារ​ការរីក​រាលដាល​នៃ​កូ​វីដ​ ១៩ ​នៅក្នុង​ប្រទេស​មានការ​ថមថយ ដូច្នេះ​គម្រោង​នេះ បាន​បន្ត​គាំទ្រ​សហគមន៍​លើ​ការស្តារ​ឡើងវិញ​ពី​ផល​ប៉ះ​ពាល់​យូរអង្វែង​នៃ​កូ​វីដ​ ១៩​ តាមរយៈ​ការបន្ត​កិច្ចខិតខំ​ប្រឹង​ប្រែង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការ​ទទួលបាន​សេវា​គាំពារ​សង្គម និង​ការ​គាំពារ​ផ្លូវចិត្ត​ក៏ដូចជា​ការស្តារ​ស្ថានភាព​សេដ្ឋកិច្ច​របស់​សហគម​ន៍​។

លោកថ្លែងថា​៖«​តាមរយៈ​យុទ្ធនាការ​ផ្សព្វ​​ផ្សាយ​តាម​បណ្តាញ​សង្គម​និង​ការអន្តរាគមន៍​របស់​គម្រោង​នៅក្នុង​សហគមន៍​យើង​អាច​ចែករំលែក​ចំណេះដឹង​ពី​សិទ្ធិ​ស្ត្រី​និង​កុមារ​។ ជាងនេះទៅទៀត​សមាជិក​សហគមន៍​ឥឡូវនេះ​មានការ​យល់ដឹង​កាន់តែច្បាស់​អំពី​សារៈសំខាន់​នៃ​សុវត្ថិ​ភាព​នៅក្នុង​រង្វង់​គ្រួសារ​និង​សហគមន៍​របស់​ពួកគេ​»៕