​ក្រចេះៈ វិទ្យាល័យ​ព្រះមហា​​ក្សត្រិយានី​កុសុមៈ ក្នុង​ខេត្ត​ក្រចេះ​នឹង​បើក​ឱ្យ​សិស្ស​ចូលរៀន​ឡើងវិញ​ចាប់ពី​ថ្ងៃទី​ ២១ ខែ​​សីហា​តទៅ ​បន្ទាប់ពី​កម្លាំង​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​)​ បានបញ្ចប់​ការងារ​រាវរក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សំណល់​សង្គ្រាម​រួចរាល់​ជា​ស្ថាពរ នៅក្នុង​បរិវេណ​វិទ្យា​ល័យ​នេះ​។​

​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សំណល់​សង្គ្រាម កប់​ក្នុង​ដី​នៅ​បរិវេណ​វិទ្យាល័យ​ព្រះមហា​ក្ស​​ត្រិ​យា​នី​កុសុមៈ ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ត្រូវបាន​កម្លាំង​ជំនាញ​អង្គភាព​ស៊ីម៉ាក់ បោសសម្អាត​រួចរាល់​ជា​ស្ថាពរ​ហើយ គិត​ត្រឹម​ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ​ ២០២៣​។​

​លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជាបានឱ្យដឹងថា បន្ទាប់ពី​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​រួចរាល់​ជា​ស្ថាពរ​ហើយ ចាប់ពី​ថ្ងៃទី​ ២០ ខែសីហា​នេះ កម្លាំង​ជំនាញ​អង្គភាព​ស៊ីម៉ាក់ នឹង​ដឹកជញ្ជូន​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងអស់នោះ យកទៅ​កម្ទេចចោល​។

លោក ហេង រតនា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖ «​សូម​លោកគ្រូ​អ្នកគ្រូ និង​ក្មួយៗ​សិស្សានុសិស្ស ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ក្រចេះ បញ្ជូន​កូនចៅ​ចូលរៀន​វិញ​ជាធម្មតា នៅ​ថ្ងៃទី​ ២១ ខែសីហា ឆ្នាំ​ ២០២៣ ស្របតាម​ការជូនដំណឹង​របស់លោក​នាយក​សា​លា និង​មន្ទីរអប់រំ​ខេត្ត​»​។

​ក្នុង​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​យុទ្ធ​​ភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្នុង​បរិវេណ​វិទ្យាល័យ​ព្រះមហា​ក្សត្រិយានី​កុសុមៈ កម្លាំង​ស៊ីម៉ាក់​បានសម្រេច​លទ្ធផល​ប្រមូល​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន​ ២ ២៨៦ ​គ្រាប់​។ បើតាម​លោក ហេង​ រតនា ផ្អែក​តាម​ព័ត៌មាន​ពី​ប្រភព​អ្នក​ដែល​ធ្លាប់​រស់នៅ​ក្បែរ​ទីតាំង​នោះ កាលពីដើម​វិទ្យាល័យ​ព្រះ​​មហាក្សត្រិយានី​កុសុមៈ​នេះ ជាទី​តាំង​សាលារៀន ចាប់តាំងពី​សម័យ​សង្គម​រាស្ត្រនិយម ប៉ុន្តែ​ក្នុងសម័យ​សង្គ្រាម (១៩៧៥-១៩៧៩) ទីតាំង​សាលា​ក៏បាន​ប្រែក្លាយជា​បន្ទាយ​ក​ង​ទ័ព​ខែ្មរ​ក្រហម​។ ក្រោយ​ថ្ងៃ ​៧ មករា ឆ្នាំ​ ១៩៧៩ ទីតាំង​នេះ​បន្ត​ប្រើ​ធ្វើជា​បន្ទាយ​កងទ័ព​ដដែល ប៉ុន្តែ​រហូតដល់​ឆ្នាំ​ ១៩៨៧ ទើប​បន្ទាយ​ទាហាន​នេះ​ត្រូវបាន​ប្រគល់​មកឱ្យ​អាជ្ញាធរខេត្ត​ក្រចេះ​ដើម្បី​ប្រើ​ប្រាស់​ធ្វើជា​សាលារៀន​វិញ​។​

​លោក ​ឡាយ បូរ៉ា ប្រធាន​មន្ទីរ អប់រំ យុវជន​និង​កីឡា​ខេត្តក្រចេះ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​២០ ខែសីហា​ថា ស្ថានភាព​សាលារៀន​បច្ចុប្បន្ននេះ មិនសូវមាន​កម្លាំង​ប៉ូលិស​យាម​ប្រចាំការ​យ៉ាង​តឹងរ៉ឹង ដូច​កាលដែល​កម្លាំង​ជំនាញ​អង្គ​​ភាព​ស៊ីម៉ាក់ កំពុង​ប្រតិបត្តិការ​រាវរក​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​បរិវេណ​វិទ្យាល័យ​នោះទេ​។ លោក​បន្តថា កម្លាំង​ស៊ីម៉ាក់ បានបញ្ចប់​ការងារ​បោសសម្អាត​គ្រាប់​នៅ​ទីតាំង​នោះ​រួចរាល់ ដូច្នេះហើយ​វា​ធ្វើឱ្យ​តំបន់​នោះ​មាន​សុវត្ថិភាព និង​លែង​ជា​តំបន់​ដែលមាន​ហានិភ័យ​ទៀតហើយ​។

​លោក​ បូរ៉ា ថ្លែងថា​៖ «​ទាំង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​នោះ​រួមទាំង​សិស្សានុសិស្ស ដូចជា​លែង​ភ័យ​អស់ហើយ ពី​ព្រោះ​ពួកគាត់​បានឃើញ​កម្លាំង​ស៊ីម៉ាក់​បាន​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនោះ​រួចរាល់​ចេញពី​ទីតាំង​ហ្នឹង​អ៊ីចឹង​ហើយ​យើង​ជឿ​ជាក់​ថា ទីតាំង​ហ្នឹង គឺ​មិនមាន​គ្រាប់​ដែល​នៅ​សេសសល់​ទៀត​ទេ​»​។

លោក ​បូរ៉ា ឱ្យដឹង​ដែរ​ថា តាម​ការសង្កេត​របស់​លោក​មើលឃើញថា កម្លាំង​ជំនាញ​ស៊ីម៉ាក់ ខិតខំ ប្រឹងប្រែង​ធ្វើការ​ងារ​បោស​សម្អាត​គ្រាប់​នៅ​បរិវេណ​វិទ្យាល័យ​នេះ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច្នេះ​ប្រតិបត្តិការ​របស់​ពួកគាត់​លើក​នេះ គឺ​មិនមាន​គ្រាប់​ដែល​នៅ​សេសសល់​បន្តទៀត​ទេ​៕​