ភ្នំពេញៈ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ជាង ៥០០ នាក់ បានសហការជាមួយរដ្ឋបាលស្រុកឱរ៉ាល់ សហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាង ១ ២០០ នាក់ នៅក្នុងភូមិសាស្ត្រឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍កន្លងមកនេះ។
យោងតាមរបាយការណ៍របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចុះពិនិត្យ ព្យាបាលជំងឺ ព្រមទាំងបានបន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីដូសទី១ រហូតដល់ដូសជំរុញទី៦ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយឥតគិតថ្លៃផងដែរ។
ប្រភពដដែលបានឱ្យដឹងថា៖ «ក្នុងរយៈពេល ១១ ឆ្នាំ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២ ០៦៩ នាក់ ក្នុងនោះស្ត្រីមានចំនួន ៦ ៤៩៥ នាក់ បានធ្វើឱ្យការបំពេញបេសកកម្មដ៏ថ្លៃថ្លា ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា»។
ជុំវិញរឿងនេះ លោក ងួន វាសនា អភិបាលស្រុកស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានលើកឡើងថា លោកសូមធ្វើការកោតសរសើរខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលតែងតែមានសកម្មភាពយ៉ាងសកម្មចុះជួយពិនិត្យព្យាបាល និងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោកបានបន្តទៀតថា សកម្មភាពនេះ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ពីទឹកចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះ ជាពិសេសពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមរបាយការណ៍ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដដែលបានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥ រាជធានី-ខេត្ត បានចំនួន ១ ១២១ លើក ដែលមានប្រជាពលរដ្ឋសរុបចំនួនជាង ១១ លាននាក់។
លើសពីនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន ៤ ៦០១ នាក់ បាននិងកំពុងស្ម័គ្រចិត្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មផងដែរដែលគិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ននេះ៕