ភ្នំពេញៈ វចនានុក្រមខ្មែរថ្មី របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា គ្រោងបោះពុម្ពផ្សាយជាផ្លូវការនៅដើមខែកញ្ញា បន្ទាប់ពីចំណាយពេលអស់ជិត ៤ឆ្នាំក្នុងការចងក្រង ដោយមានការចូលរួមពីអ្នកជំនាញអក្សរសាស្ត្រខ្មែរនិងភាសាវិទ្យាជាច្រើនរូបទូទាំងប្រទេស ក្រោមការគាំទ្រដោយរដ្ឋាភិបាលផ្ទាល់។
លោក សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅថ្ងៃទី២១ ខែសីហា ថ្លែងថា វចនានុក្រមថ្មីដែលមានពាក្យសរុប ៤ ៤ ៦៩៧ ពាក្យ និងមេពាក្យចំនួន ៣១ ០៧៣ ពាក្យ គ្រោងនឹងបោះពុម្ពផ្សាយជាផ្លូវការនៅដើមខែកញ្ញា ខណៈវចនានុក្រមថ្មីនេះ បានដំណើរការតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈប្រព័ន្ធទូរស័ព្ទឆ្លាតវៃ រួចជាស្រេចទៅហើយ។
លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា រាជបណ្ឌិត្យសភាកម្ពុជាធ្លាប់បានបញ្ជាក់កាលពីឆ្នាំ២០២០ រួចហើយថា នៅឆ្នាំ២០២៣ នេះនឹងបញ្ចេញវចនានុក្រមថ្មីមួយដែលជាការធ្វើពិពិធកម្មជាមួយវចនានុក្រមចាស់របស់សម្តេចសង្ឃរាជជួន ណាត បូកផ្សំពាក្យថ្មីក្នុងសម័យទំនើបដើម្បីឱ្យស្របតាមការវិវត្តរបស់សង្គម នៅឆ្នាំ២០២៣ ដែលមានក្រុមប្រឹក្សាជាតិភាសាខ្មែរជាសេនាធិការ។
លោក យង់ ពៅ បានថ្លែងថា៖ «កន្លងមក យើងប្រើប្រាស់វចនានុក្រមសម្តេចព្រះសង្ឃរាជជួន ណាត រាប់សិបឆ្នាំមកហើយ ខណៈសង្គមជាតិមានការរីកចម្រើន ពាក្យថ្មីបានកើតមានឡើង ហើយយើងមិនបានចងក្រងជាវចនានុក្រម ហើយពេលនេះយើងចងក្រងបានហើយសម្រាប់ប្រើប្រាស់ថ្នាក់ជាតិ ដែលរដ្ឋាភិបាលបានជួយគាំទ្រផងដែរ»។
លោក យង់ ពៅ ថ្លែងថា វចនានុក្រមថ្មីនេះ ចងក្រងឡើងអស់រយៈពេលជិត៤ ឆ្នាំដោយមានការចូលរួមពីអ្នកជំនាញពីគ្រប់ទិសទីនៅទូទាំងប្រទេស សហការជាមួយក្រសួង មន្ទីរ ស្ថាប័ននានា ដើម្បីបំពេញពាក្យពេចន៍ថ្មីៗដែលបានប្រើប្រាស់ក្នុងសង្គមខ្មែរចូលផ្សំជាមួយវចនានុក្រមចាស់របស់សម្តេចសង្ឃរាជជួន ណាត។
លោក ថ្លែងថា សម្តេចព្រះសង្ឃរាជជូន ណាត បានបញ្ជាក់ក្នុងមុខកថាហើយថា ព្រះអង្គចងក្រងឡើងគ្រាន់តែជាការត្រួសត្រាយផ្លូវក្រួសក្រហមប៉ុណ្ណោះ ដែលទាមទារអ្នកជំនាន់ក្រោយបំពេញបន្ថែម។ វចនានុក្រមនេះជាការជួយដល់ការប្រើប្រាស់ភាសាខ្មែរសម្រាប់សាធារណជនអាចផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ អត្ថន័យ នៅជីវភាពប្រចាំថ្ងៃ ខណៈរាជបណ្ឌិត្យសភាបានចេញផ្សាយជាកម្មវិធីអេឡិចត្រូនិករួចស្រេចកាលពីឆ្នាំ២០២២ ដើម្បីបង្កើតភាពងាយស្រួលដល់ការប្រើប្រាស់ និងការធ្វើបច្ចុប្បន្នភាពបន្ថែមពាក្យថ្មីផង។
លោកថា ៖ «រាជបណ្ឌិត្យសភាកម្ពុជា ដែលមានក្រុមប្រឹក្សាជាតិភាសាខ្មែរជាសេនាធិការ នឹងមានបេសកកម្មថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យអក្សរសាស្ត្រខ្មែរ ដែលខ្លួនគ្រោងចងក្រងសទ្ទានុក្រមខ្មែរ ទៅលើ ១៧ ជំនាញ ខណៈក្រុមការងារកំពុងធ្វើការងារយ៉ាងសស្រាក់សស្រាំជារៀងរាល់ថ្ងៃ ហើយក្រុមការងារបានចងក្រងវចនានុក្រមពាក្យបុរាណខ្មែររួចស្រេចហើយ»។
សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាធ្លាប់ចេញផ្សាយកម្មវិធីសូហ្វវែរ(Software) វចនានុក្រមខ្មែររបស់ខ្លួនកាលពីឆ្នាំ២០២២ ដែលអាចប្រតិបត្តិការបានទាំងប្រព័ន្ធ Android និង IOS ផងដែរ៕