ក្រចេះៈ អាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ ណែនាំឱ្យអាជ្ញាធរឃុំស្រែជិះ ចុះអប់រំណែនាំពន្យល់ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចឱ្យបានយល់ដឹងពីច្បាប់បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការការពារអភិរក្សបរិស្ថាន។ សកម្មភាពនេះធ្វើឡើងក្រោយមានប្រជាពលរដ្ឋផ្ទុះកំហឹងដុតបំផ្លាញស្នាក់ការបរិស្ថាន ១ កន្លែង នៅចំណុចសសរស្តម្ភ ក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែសីហាថា លោកបានចាត់ឱ្យអាជ្ញាធរឃុំស្រែជិះដែលនៅកៀកប្រជាពលរដ្ឋបំផុត ចុះទៅជួបពួកគាត់ផ្ទាល់ នៅតាមភូមិ ដើម្បីពន្យល់ណែនាំ ផ្សព្វផ្សាយពីច្បាប់ និងកិច្ចការពារបរិស្ថានក្នុងដែនជម្រក ឱ្យពួកគាត់ជាប្រជាពលរដ្ឋជនជាតិដើមភាគតិច បានយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។ លោកថា ការដុតបំផ្លាញស្នាក់ការបរិស្ថាន ពីសំណាក់ប្រជាពលរដ្ឋអាចបណ្តាលមកពី ការមិនយល់ពីច្បាប់ និងមានការប៉ះពាល់ប្រយោជន៍របស់ពួកគាត់ជាជនជាតិដើមភាគតិច។
លោកថ្លែងថា៖ «ដោយសារគាត់ជាជនជាតិ[ក្រោល]អ៊ីចឹងទៅ ពីមុនគាត់ធ្លាប់រកស៊ីយ៉ាងម៉េច ធ្វើស្រែយ៉ាងម៉េច គាត់មិនបាន យល់ច្បាប់ដែលចេញមកក្រោយ អ៊ីចឹងវាមានផលប៉ះពាល់កេរអាករគាត់ខ្លះ គាត់មានការក្តៅក្រហាយ។ ឥឡូវយើងត្រូវសម្រួលគាត់ឱ្យយល់ពីច្បាប់នៃបច្ចុប្បន្នដើម្បីការពារថែរក្សាសត្វព្រៃ បរិស្ថាន សម្បត្តិធម្មជាតិអីផ្សេងៗដែលមាននៅក្នុងដែនជម្រករបស់បរិស្ថាន»។
លោកអភិបាលស្រុកលើកឡើងថា ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចក្រោល ធ្លាប់តែរស់នៅក្នុងលក្ខណៈរបស់ពួកគាត់ជាជនជាតិ នៅពេលមន្ត្រីបរិស្ថានចូលទៅអនុវត្តច្បាប់ភ្លាមៗ ពួកគាត់អាចនឹងមិនយល់ស្រប ហេតុនេះអាជ្ញាធរត្រូវមានការពន្យល់ប្រាប់ ដោយសន្តិវិធី មិនអាចប្រើធម៌ក្តៅបានទេ សំខាន់គឺធ្វើការសម្របសម្រួលជាមួយពួកគាត់ធ្វើយ៉ាងណាឱ្យពួកគាត់យល់។ ជាមួយគ្នានោះក៏ត្រូវមានការយោគយល់ពីថ្នាក់ដឹកនាំក្រសួងបរិស្ថានផងដែរ ព្រោះក្រសួងបានណែនាំឱ្យពួកគាត់ធ្វើការសុំទោស។
លោកថ្លែងថា៖« សំខាន់គឺការសម្របសម្រួល ថ្នាក់លើគាត់ព្រលែងបន្តិចទៅ ហើយអ្នកក្រោមនោះគាត់ទទួលកំហុសទៅ គ្មានអីជាបញ្ហាធំទេ បើថ្នាក់លើនៅតែតឹងពេក ក៏ពិបាកដែរ ដោយសារពួកគាត់ជាជនជាតិ ពេលខ្លះយើងទៅជួបផ្ទាល់និយាយពីច្បាប់ខ្លាំងពេក គាត់អត់មាននិយាយខ្មែរជាមួយយើងទេ គាត់និយាយភាសាក្រោលហ្មង ដល់អ៊ីចឹងយើងស្តាប់ម៉េចបាន»។
លោក ពេជ្រ តូច មេឃុំស្រែជិះ ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២១ ខែសីហាថា ក្នុងនាមអាជ្ញាធរឃុំ លោកបានដឹកនាំក្រុមការងារចុះទៅផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋចំនួន២ភូមិនៅព្រឹកថ្ងៃទី២១ ខែសីហា គឺនៅភូមិស្រែជិះ និងភូមិរវៀង។ ក្រោយពន្យល់ប្រាប់ ប្រជាពលរដ្ឋបានយល់ព្រមសុំទោសជាសាធារណៈ ដោយមានការផ្តិតមេដៃទទួលស្គាល់កំហុសចំនួន ៣០០នាក់ ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋគាត់ព្រមព្រៀងក្នុងការសុំទោសជាសាធារណៈ ប៉ុន្តែពាក់ព័ន្ធនឹងការដំឡើងស្នាក់ការបរិស្ថានឡើងវិញនៅទីនោះ ពួកគាត់ប្រហែលមិនយល់ព្រមទេ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តក្រចេះ លោក ធីម ហ៊ន បានលើកឡើងថា បើសិនជាទីស្នាក់ការបរិស្ថានបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ នោះប្រជាពលរដ្ឋពិតជាយល់ព្រមឱ្យមានការបន្តដាក់នៅទីនោះទៀត ប៉ុន្តែ បើសិនជាមិនបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយធ្វើឱ្យពួកគាត់ក្តៅក្រហាយទៀតនោះ ពួកគាត់ពិតជាមិនចង់ឱ្យមានស្នាក់ការនៅទីនោះបន្តទៀតទេ។
លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឱ្យដឹងថា ការលើកឡើងរបស់ប្រជាពលរដ្ឋគឺសិទ្ធិរបស់ពួកគាត់ ប៉ុន្តែចំពោះការសម្រេចយ៉ាងណាគឺអាស្រ័យថ្នាក់ដឹកនាំក្រសួងបរិស្ថាន ព្រោះរាជរដ្ឋាភិបាលសម្រេចបង្កើតតំបន់នេះឡើងគឺដើម្បីការពារ និងអភិរក្សជូនពួកគាត់។
លោកថ្លែងថា៖«បើគាត់គិតថា មិនឱ្យដាក់ អាហ្នឹងជារឿងរបស់គាត់ ប៉ុន្តែមិនមែនគាត់អាចធ្វើអ្វីបានតាមចិត្តទេ ហើយពួកខ្ញុំទៅហ្នឹងក៏មិនមែនទៅតាមទំនើងចិត្តដែរ យើងទៅការពារឱ្យគាត់ ពួកខ្ញុំទៅគឺទៅការពារដីរដ្ឋមិនមែនរបស់ក្រសួងបរិស្ថាន មិនមែនរបស់មន្ទីរបរិស្ថាន»
លោកប្រធានមន្ទីរបរិស្ថាន បានឱ្យដឹងថា លោកមិនទាន់បានទទួលលិខិតសុំទោសជាសាធារណៈរបស់ប្រជាពលរដ្ឋនៅឡើយទេ នៅពេលទទួលបានលិខិតផ្លូវការហើយ ទើបលោកអាច រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងបរិស្ថាន បើមានការសម្រេចយ៉ាងណានោះ ក្នុងនាមមន្ទីរនឹងធ្វើតាមការណែនាំ៕