ភ្នំពេញៈ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោកស្រី ឃួន សុដារី ធ្វើជាប្រធានរដ្ឋសភាថ្មី ដែលលោកស្រីជាស្ត្រីដំបូងកាន់តំណែងនេះ។
សម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា រដ្ឋសភា បានអនុម័តគាំទ្រដល់លោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា លោក ជាម យៀប ជាអនុប្រធានទី១ និងលោក វង សូត ជាអនុប្រធានទី២។
នៅក្នុងសម័យប្រជុំនោះដែរ លោក ស្រី ឃួន សុដារី បានប្តេជ្ញាថា នឹងខិតខំបំពេញនូវបេសកកម្ម ដ៏ឧត្តុងឧត្តមក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរ ដោយសហការឱ្យបានល្អជាមួយនឹងគ្រប់ស្ថាប័នជាតិ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ប្រជាជាតិ និងមាតុភូមិ ជានិច្ចនិរន្តរ៍តទៅ។
ជាមួយនឹងការអនុម័តគាំទ្រក្បាលម៉ាស៊ីនរដ្ឋសភានេះ សម័យប្រជុំលើកទី១ ក៏បានបោះឆ្នោតគាំទ្រលើបេក្ខភាពប្រធាន និងអនុប្រធានគណៈកម្មការទាំង ១០ របស់រដ្ឋសភាផងដែរ។ ការបោះឆ្នោតនេះ ទទួលបានសំឡេងគាំទ្រ ១២៣ លើ ១២៥ នៃសមាជិករដ្ឋសភាទាំងមូល៕