ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម លោក សំហេង បុរស បានលើកឡើងថា សម្រាប់ឆ្នាំ ២០២៤ ខាងមុខ ការអនុវត្តកម្មវិធីជំនួយសង្គមថ្មីៗផ្សេងនឹងត្រូវចាប់ផ្តើមបន្ថែមទៀត បន្ទាប់ពីកម្មវិធីមួយចំនួននៃមូលនិធិជាតិជំនួយសង្គមក៏នឹងត្រូវបញ្ចប់។
លោក សំហេង បុរស បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា នៅក្នុងឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជា ១០ ភាគរយនៃថវិកាជាតិ ក្នុងការជួយទៅដល់កម្មវិធីជំនួយសង្គមនានាទៅដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះ កុមារ និងមន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ និងអតីតយុទ្ធជនជាដើម។
លោកបានបញ្ជាក់ថា៖ «នៅឆ្នាំ ២០២៤ ខាងមុខ គម្រោងឧបត្ថម្ភរបស់រាជរដ្ឋាភិបាលមួយចំនួននឹងត្រូវបានបញ្ចប់ អ៊ីចឹងការអនុវត្តការចំណាយថវិកាក៏នឹងមានការប្រែប្រួលខ្លះដែរ ប៉ុន្តែទន្ទឹមនឹងនោះយើងក៏នឹងមានការដាក់ចេញគម្រោងថ្មីៗបន្ថែមទៀត»។
លោកបានបន្តថា៖ «ខ្ញុំគិតថា គម្រោងដែលនឹងត្រូវអនុវត្តសម្រាប់ប្រជាជនយើងគឺយើងបានដឹងខ្លះហើយដោយសម្តេចធ្លាប់បានប្រកាសរួចហើយ ក្នុងនោះមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនយុវជនក្រីក្រប្រមាណ ១,៥ លាននាក់ ដែលនេះជាគម្រោងថ្មីមួយ ហើយនឹងអនុវត្តដោយក្រសួងការងារ»។
ជាមួយគ្នានេះ លោក សំហេង បុរស ក៏បានបញ្ជាក់ថា ក្នុងនោះអាចនឹងមានកម្មវិធីមួយថ្មីទៀត គឺកម្មវិធីកញ្ចប់គ្រួសារ ដែលអាចនឹងដាក់បញ្ចូលក្នុងមូលនិធិជាតិជំនួយសង្គមផងដែរ ដោយមកទល់ពេលនេះការរៀបចំត្រៀមយុទ្ធសាស្ត្រថ្មីរបស់លោក ហ៊ុន ម៉ាណែត គឺលោកបានដាក់បញ្ជាជាបឋមតាមយុទ្ធសាស្ត្រនោះ ដោយលោកបានរក្សាគម្រោងដើមស្ទើរតែទាំងអស់។
លោក សំហេង បុរស បានបញ្ជាក់ថា៖ «លើសពីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានដាក់ចេញបន្ថែមទៀតនូវនីតិវិធីមួយចំនួនដែលលោកបានកំណត់គឺនឹងមានការអនុវត្តបន្ថែមទៀត។ ដូចនេះ កិច្ចការរបស់មូលនិធិជំនួយសង្គមនេះ នឹងក្លាយទៅជាអង្គស្ថាប័នស្នូលមួយដើម្បីអនុវត្តយុទ្ធសាស្ត្រថ្មីរបស់រដ្ឋាភិបាល»។
ទាក់ទងនឹងការបញ្ចប់ និងការអនុវត្តកម្មវិធីឧបត្ថម្ភថ្មីៗបន្ថែមទៀត លោក សំហេង បុរស មិនទាន់អាចបញ្ជាក់លម្អិតបានថា តើជាកម្មវិធីអី្វនោះនៅឡើយទេ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់អាចបញ្ជាក់ជូនបានទេថាតើកម្មវិធីដែលនឹងត្រូវបញ្ចប់នោះ ជាកម្មវិធីអីហើយខ្ញុំគិតថា ឯកឧត្តមនាយករដ្ឋមន្ត្រីថ្មីលោកនឹងប្រកាសជាផ្លូវការនៅពេលណាមួយ ហើយកម្មវិធីជាច្រើនដែលយើងបានដឹកនាំនោះអាចនឹងចប់ និងអាចមានការប្រែប្រួលដើម្បីធ្វើយ៉ាងណាទប់លំនឹងជីវភាពប្រជាជនយើង»។
អ្នកទទួលផលដែលមូលនិធិជាតិជំនួយសង្គមបានដាក់ចេញក្នុងក្របខ័ណ្ឌគោលនយោបាយ គឺផ្តោតលើជនងាយរងគ្រោះ អ៊ីចឹងនៅក្នុងក្របខ័ណ្ឌនេះ គឺផ្តោតសំខាន់លើជនងាយរងគ្រោះដែលសំដៅលើជនពិការ ចាស់ជរា អ្នកជំងឺអេដស៍ និងកុមារក្នុងគ្រួសារក្រីក្រជាដើម។ នេះបើតាមការបន្ថែមពីលោក សំហេង បុរស។
លោកថា៖ «យើងចង់ជួយពួកគាត់ ដោយសារយើងចាត់ទុកថា ពួកគាត់ទាំងអស់នេះមិនទាន់មានសមត្ថភាពក្នុងការរកការងារធ្វើខ្លួនឯង និងគ្មានលទ្ធភាពក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯង។ អ៊ីចឹងទេ គឺយើងចង់ផ្តោតទៅលើការជួយអ្នកទាំងអស់នេះ»។បើតាមលោក សំហេង បុរស មូលនិធិជាតិជំនួយសង្គមជាស្ថាប័នថ្មីទើបបង្កើតឡើងដែលមានភារកិច្ចពិសេសក្នុងការអនុវត្តកម្មវិធីជំនួយសង្គមនានា ក៏ដូចជា ការបើកផ្ដល់ប្រាក់សោធនជូនមន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ និងអតីតយុទ្ធជនទូទាំងប្រទេសផងដែរ។
កម្មវិធីជំនួយសង្គម ដែលបាននិងកំពុងអនុវត្តមានដូចជា៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ជាកម្មវិធីអចិន្រៃ្ដយ៍, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលជាកម្មវិធីមិនអចិន្រៃ្ដយ៍ និងកម្មវិធីឧបត្ថម្ភផ្សេងៗទៀត។
សូមបញ្ជាក់ដែរថា «កម្មវិធីកញ្ចប់គ្រួសារ» គឺជាកម្មវិធីមានលក្ខណៈអចិន្រៃ្ដយ៍សម្រាប់ឧបត្ថម្ភជាសាច់ប្រាក់រៀងរាល់ខែជូនគ្រួសារក្រីក្រតាមប្រភេទនៃមុខសញ្ញាចំនួន ៥ រួមមាន ស្រី្តមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ជនមានពិការភាព មនុស្សចាស់ចាប់ពីអាយុ ៦០ ឆ្នាំឡើងទៅ អ្នកផ្ទុកមេរោគអេដស៍ និងអាហារូបករណ៍ដល់សិស្សក្រីក្រចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានថ្លែងនៅថ្ងៃទី ២១ ខែសីហាថា លោកសាទរចំពោះកម្មវិធីថ្មីៗមួយចំនួនដែលមូលនិធិជំនួយសង្គមគ្រោងនឹងអនុវត្តនៅឆ្នាំ ២០២៤ ខាងមុខ។
លោកបានបន្តថា ពិតជាល្អមែនទែន ព្រោះជាគោលការណ៍ការផ្ដល់សាច់ប្រាក់ជូនដល់អ្នកក្រីក្រ អ្នកដែលគ្មានចំណូល អ្នកដែលបាត់បង់ចំណូល និងអ្នកដែលគ្មានការងារធ្វី គឺជារឿងត្រឹមត្រូវ និងសមស្របក្នុងសង្គមមិនថា កម្ពុជា ឬប្រទេសជិតខាងទេ។
លោក មឿន តុលា បញ្ជាក់ថា៖ «ខ្ញុំគិតថា ទោះជាយ៉ាងណាក៏វាប្រសើរជាងអត់ដែរ ដែលយើងមានកម្មវិធីកញ្ចប់គ្រួសារ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់យុវជនក្រីក្រ និស្សិតក្រីក្រអីមួយចំនួនទៀតហ្នឹង ហើយវាជាការចាប់ផ្ដើមថ្មីមួយដ៏ល្អ»។
ស្របពេលដែលរដ្ឋគ្រោងអនុវត្តកម្មវិធីទាំងនោះ លោក តុលា ក៏ស្នើឱ្យអ្នកពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីនេះកុំមានការរើសអើង ហើយត្រូវធានាថា ការអនុវត្តកម្មវិធីទាំងនោះប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមិនមានអំពើពុករលួយ៕