ភ្នំពេញៈ លោក មុំ គង់ នាយកប្រតិបត្តិចលនាដើម្បីសុខភាពកម្ពុជា (CMH) បានបង្ហាញក្តីបារម្ភពីផលប៉ះពាល់នៃគ្រឿងស្រវឹងលើកុមារ និងយុវជន ដោយលោកបានអំពាវនាវឱ្យមានការគិតគូរពីបញ្ហានេះ ដើម្បីការពារកុំឱ្យទទួលរងគ្រោះថ្នាក់ពីផលប៉ះពាល់នៃគ្រឿងស្រវឹង។
ការអំពាវនាវ និងបង្ហាញការព្រួយបារម្ភនេះ បន្ទាប់ពីលោកមើលឃើញថា ការធ្វើទីផ្សារគ្រឿងស្រវឹងនៅកម្ពុជាកំពុងបន្តរីករាលដាលក្នុងវិស័យកីឡា ហើយបានពង្វក់ស្មារតីកុមារ និងយុវជនឱ្យយល់ថា ការប្រើប្រាស់គ្រឿងស្រវឹងជារឿងធម្មតា និងពង្រឹងឱ្យមានវប្បធម៌ប្រើប្រាស់របៀបនេះកើនឡើងនៅក្នុងសង្គម។
លោកបានបញ្ជាក់ថា៖ «អ្វីដែលយើងចង់និយាយក្នុងពេលនេះ ដូចជា ការប្រកួតកីឡាធំៗ ដូចជា ទើបបញ្ចប់ទៅថ្មីៗនេះ នៅទីក្រុងកាតាដែលគេហាមប្រើគ្រឿងស្រវឹង និងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក៏មានកំហិត ដោយសារវាមានផលប៉ះពាល់ច្រើនទៅទស្សនិកជន។ ក្នុងការប្រកួតកីឡានេះ ទស្សនិកជនភាគច្រើនមានវ័យក្មេង រួមទាំងកុមារផង។ អ៊ីចឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងការប្រកួតកីឡានឹងទៅដល់កុមារដែលតាមដានតាមផ្ទះ»។
បើតាមលោក មុំ គង់ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលត្រូវបានចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម ក៏បានផលប៉ះពាល់ទៅដល់សិទ្ធិកុមារ ហើយការធ្វើទីផ្សារគ្រឿងស្រវឹងនេះ ក៏កាន់តែធ្វើឱ្យយុវជន និងកុមារ ជាប់ចិត្តលើម៉ាកដែលបានឃើញ ហើយជះឥទ្ធិពលដល់ការចង់សាកល្បង/សេពម៉ាកទាំងនោះផងដែរ។
លោកថា៖ «យើងបានធ្វើបទបង្ហាញជាច្រើនពីផលប៉ះពាល់ចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅក្នុងវិស័យកីឡា។ យើងចង់និយាយថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាសិទ្ធិកុមារហ្នឹងគឺត្រូវការពារកុមារ។ អ៊ីចឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺប៉ះពាល់ទៅលើសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវដល់កុមារ»។
ជាមួយនឹងក្តីបារម្ភនេះ លោក មុំ គង់ ក៏បានបង្ហាញដែរថា នៅប្រទេសអាស៊ានមួយចំនួនគឺបានចូលរួមហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះរួចហើយ ជាពិសេសការផ្សារភ្ជាប់នឹងវិស័យកីឡា។ ដោយឡែកនៅកម្ពុជា លោកអះអាងថា ការហាមឃាត់នេះហាក់នៅមានកម្រិតទាប ហើយការផ្សារភ្ជាប់នឹងវិស័យកីឡាតាមរយៈការផ្សាយពាណិជ្ជកម្ម គឺនៅតែបន្តមានឥតឈប់ឈរ។
តាមរបាយការណ៍របស់ Wisevoter ដែលបានចេញផ្សាយកាលពីខែកក្កដា ឆ្នាំនេះ បានបង្ហាញថា កម្ពុជាឈរនៅលេខរៀងទី៣ ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅអាស៊ាន និងលេខរៀងទី៣៦ នៅលើពិភពលោក។
របាយការណ៍ដដែលបានបង្ហាញទៀតថា ប្រទេសឡាវ គឺឈរនៅលេខរៀងទី១ ក្នុងតំបន់អាស៊ាន និងលេខរៀងទី១៨ នៅលើពិភពលោក ខណៈប្រទេសអាស៊ានដែលមានប្រជាជនផឹកស្រាទាបជាងគេគឺប្រទេសប្រ៊ុយណេ បន្ទាប់មក សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។
កាលពីឆ្នាំ ២០១៥ ក្រសួងសុខាភិបាលបានប្រកាសពីការរៀបចំបង្កើតសេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងក្នុងគោលបំណង និងគោលដៅដើម្បីការពារសុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម។ ប៉ុន្តែរហូតមកទល់ពេលនេះសេចក្តីព្រាងច្បាប់នេះមិនទាន់លេចជារូបរាងនៅឡើយទេ។
យ៉ាងណាក្ដី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អគ្គនាយកដ្ឋានបានតាក់តែងសេចក្តីព្រាងអនុក្រឹត្យមួយស្តីពីការកំណត់អាយុស្របច្បាប់សម្រាប់ទិញភេសជ្ជៈមានជាតិអាល់កុលដែលគ្រោងនឹងបញ្ជូនសេចក្តីព្រាងនេះទៅគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗ។
លោកបានអះអាងថា សេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់អាយុស្របច្បាប់សម្រាប់ទិញភេសជ្ជៈមានជាតិអាល់កុលនឹងអាចចូលរួមគ្រប់គ្រងការចរាចរភេសជ្ជៈមានជាតិអាល់កុល (គ្រឿងស្រវឹង) បាន ១ កម្រិត ព្រោះតែអនុក្រឹត្យនេះបានចែងកំណត់ពីអាយុដែលឱ្យអ្នកប្រើប្រាស់ទិញ ឬអ្នកលក់ លក់ទៅឱ្យអ្នកប្រើប្រាស់។
តាមរបាយការណ៍ស្ដីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ ដែលបានចេញផ្សាយកាលពីខែមេសា ឆ្នាំ ២០២៣ បានឱ្យដឹងថា បុរស ៧ នាក់ ក្នុងចំណោម ១០ នាក់សេពគ្រឿងស្រវឹង។ ការស្ទង់មតិនេះ បង្ហាញថា ក្នុង ១ ខែ បុរស ១០ ភាគរយ ពិសាគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ ខណៈ ៦០ ភាគរយសេពគ្រឿងស្រវឹងពី ១ ថ្ងៃទៅ ៥ ថ្ងៃ។ ចំណែក ១៨ ភាគរយ ពិសាគ្រឿងស្រវឹងចន្លោះពី ៦ ថ្ងៃទៅ ១០ ថ្ងៃ និង ១២ ភាគរយទៀតពិសាគ្រឿងស្រវឹងពី ១១ ថ្ងៃ ទៅ ២៤ ថ្ងៃ។
បើធៀបនឹងស្ត្រីវិញ របាយការណ៍ស្ដីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាបានបញ្ជាក់ថា ស្ត្រីចំនួន ១៦ ភាគរយពិសាគ្រឿងស្រវឹង ក្នុងនោះស្ត្រីភាគច្រើន ដែលសេពគ្រឿងស្រវឹងចន្លោះពី ១ ទៅ ៥ ថ្ងៃ នៅក្នុងរយៈពេល ១ ខែ៕