ភ្នំពេញៈ ស្ត្រីមានផ្ទៃពោះជាង ១ ៥០០ នាក់ តាមមណ្ឌលសុខភាពមួយចំនួន នៅក្នុងខេត្តកំពង់ធំ ដែលបានទទួលសាកល្បងប្រើថ្នាំគ្រាប់មីក្រូសារជាតិចម្រុះជំនួសឱ្យការប្រើថ្នាំជាតិដែកដែលជាគម្រោងរបស់អង្គការ ហេទ្បែន ខេលល័រ កំពុងទទួលបានលទ្ធផលល្អ ព្រោះស្ត្រីទាំងនោះមានអារម្មណ៍ ល្អសម្រាន្តលក់ ទទួលទានអាហារចម្រុះបាន និងមិនចាញ់កូន។
ក្រសួងសុខាភិបាល សហការជាមួយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ គាំទ្រថវិកាដោយមូលនិធិវីតាមីអានជែល កាលពីខែកក្កដា ឆ្នាំ ២០២២ បានរួមគ្នាដាក់សាកល្បងនូវការផ្តល់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះជំនួសឱ្យការប្រើប្រាស់ថ្នាំជាតិដែក ដើម្បីបំពេញតម្រូវការដែលកើនឡើងសម្រាប់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។
ជាមួយនឹងការសាកល្បងនេះ ក្រសួងក៏បានអះអាងដែរថា បើគម្រោងទទួលបានជោគជ័យ ការផ្តល់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះ នឹងត្រូវដាក់ចូលក្នុងកម្មវិធីជាតិ ដែលនឹងផ្តល់នូវថ្នាំនេះដោយឥតគិតថ្លៃដល់ស្ត្រីមានផ្ទៃពោះ។លោក ហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២១ សីហាថា ក្រោយពីដំណើរការសាកល្បងរយៈពេលជាង ១ ឆ្នាំ ឃើញថា ស្ត្រី ដែលទទួលបានគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះចំនួនជាង ១ ៥០០ នាក់នេះ ស្ថិតនៅក្នុងខេត្តកំពង់ធំ គឺទទួលទានបានដោយមានសុខភាពល្អ។
លោកបានបញ្ជាក់៖ «ផ្អែកទៅលើអ្វីដែលយើងបានសង្កេត និងកំពុងសិក្សាឃើញថា ស្ត្រីមានផ្ទៃពោះដែលចូលរួមក្នុងការសិក្សានេះ ពួកគាត់មានការពេញចិត្តចំពោះការលេបគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនេះ ដោយថាវាងាយស្រួលក្នុងការញ៉ាំ និងមិនមានធ្វើទុក្ខដូចគ្រាប់ថ្នាំជាតិដែកទេ។ ពួកគាត់ថា ពេលដែលញ៉ាំហើយ គឺគេងលក់ស្រួល មានកម្លាំង ហើយមិនចាញ់ បើទោះជាពួកគាត់ ញ៉ាំអាហារចម្រុះផ្សេងៗ និងធ្វើឱ្យឃ្លានទៀត»។
យ៉ាងណា លោក ហ៊ូ ក្រើន បានអះអាងថា ទាំងនេះ គឺជាចំណុចល្អ ដែលគម្រោងទទួលបានពីការសិក្សា ប៉ុន្តែជាក់ស្តែង ក្រុមការងារបច្ចេកទេស នឹងធ្វើការវិភាគទៅលើលទ្ធផលចុងក្រោយបន្តទៀត ខណៈគម្រោងសាកល្បងនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៣ ហើយនឹងមានការប្រកាសលទ្ធផលនៃការសិក្សាជាផ្លូវការនៅដើមឆ្នាំ ២០២៤។
លោកបានអះអាងថា៖ «យើងនឹងរៀបចំយុទ្ធសាស្ត្រក្នុងការអនុវត្តបន្តទៀត បន្ទាប់ពីប្រមូលលទ្ធផលពីការសិក្សាក្នុងការផ្តល់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះជាង ១ ៥០០ នាក់ នៅក្នុងខេត្តកំពង់ធំ។ លទ្ធផលនៃការសាកល្បងនេះ គឺមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែជាលទ្ធផលបណ្តោះអាសន្ន គឺឃើញថា ស្ត្រីដែលទទួលបានគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះក្នុងគម្រោងសាកល្បងនេះ គឺទទួលបានលទ្ធផលល្អ»។
លោកថ្លែងថា៖ «ក្រុមស្ត្រីដែលចូលរួមលេបគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនេះ គឺគាត់ត្រូវលេបរហូតដល់ ១៨០ គ្រាប់។ នៅពេលដែលយើងប្រមូលបានលទ្ធផលបានពីការសិក្សានេះ នៅដើមឆ្នាំក្រោយ យើងនឹងមានការពិភាក្សាគ្នា ដើម្បីរៀបចំផែនការបន្ទាប់ ដែលនៅក្នុងនោះ យើងក៏ធ្វើបច្ចុប្បន្នភាពទៅនឹងគោលនយោបាយរបស់យើង ដើម្បីបញ្ចូលព័ត៌មានអំពីគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះជំនួសឱ្យការប្រើប្រាស់ ថ្នាំជាតិដែកដែរ»។
អ្នកស្រី ហម តាំងយូ ដែលកំពុងរស់នៅខេត្តកំពង់ធំ និងបានចូលរួមសាកល្បងលេបថ្នាំមីក្រូសារជាតិចម្រុះនេះជំនួសការលេបថ្នាំជាតិដែកក្នុងអំឡុងពេលមានផ្ទៃពោះ ៣ ខែ។ អ្នកស្រី បាននិយាយថា បន្ទាប់ពីលេបគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះរួចមក អ្នកស្រីមានកម្លាំង គេងលក់ស្រួល ញាំអាហារចម្រុះបានល្អប្រសើរមិនចាញ់កូន និងមានអារម្មណ៍ល្អ។
ក្នុងនាមជាអ្នកទទួលបាននូវគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនេះផ្ទាល់ អ្នកស្រី ស្នើសុំឱ្យមានការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនៅគ្រប់មណ្ឌលសុខភាព ដើម្បីផ្តល់ជូនស្ត្រីមានផ្ទៃពោះទូទាំងប្រទេសដោយឥតគិតថ្លៃ។
គម្រោងសាកល្បងផ្តល់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះជំនួសឱ្យការប្រើប្រាស់ថ្នាំជាតិដែក គឺត្រូវបានធ្វើឡើងនៅក្នុងស្រុកប្រតិបត្តិចំនួន ៣ ស្ថិតក្នុងខេត្តកំពង់ធំ ដើម្បីសិក្សាជាមុនថា តើគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះអាចនឹងផ្តល់លទ្ធផលល្អប្រសើរកម្រិតណាដល់ស្ត្រីមានផ្ទៃពោះ?
គម្រោងសាកល្បងនេះ គឺមានរយៈពេល ២៤ ខែ ដែលក្រុមជំនាញបានបែងចែកស្ត្រីមានផ្ទៃពោះពីក្នុងមណ្ឌលសុខភាពចំនួន ២០ ជា ២ ក្រុម ដែល ១ ក្រុមទទួលគ្រាប់ថ្នាំជាតិដែកជាធម្មតា ខណៈ ១ ក្រុមទៀតទទួលបានគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ។
យោងតាមលទ្ធផលការអង្កេតថ្នាក់ជាតិកន្លងមកបានឱ្យដឹងថា ស្ត្រីចំនួន ៦២% និងកុមារ ៦៤% មានបញ្ហាកង្វះជាតិស័ង្កសី។ កង្វះជាតិហ្វូលេតក៏នៅតែជាបញ្ហាដែលប៉ះពាល់ដល់ស្ត្រី ១៨% ផងដែរ។ កង្វះជីវជាតិ D ក៏ជាបញ្ហាសុខភាពសាធារណៈកម្រិតមធ្យមនៅក្នុងប្រទេសដែលប៉ះពាល់ដល់ស្ត្រីកម្ពុជា ៣១%។ លើសពីនេះទៀតស្ត្រីចំនួន ៧៨% និងកុមារ ៦៦% មានកំហាប់ជាតិអីុយ៉ូដនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដាឡើយ។ កង្វះជីវជាតិ B1 ក្នុងចំណោមស្ត្រីក៏ត្រូវបានរកឃើញថា ស្ថិតនៅកម្រិតដែលមានបញ្ហាផងដែរ។
លោកស្រី ប្រាក់ សោភ័ណនារី ជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការដឹកនាំសម្របសម្រួលការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះនៅកម្ពុជា ធ្លាប់បានថ្លែងថា ស្ត្រីកម្ពុជា ត្រូវការនូវមីក្រូសារជាតិ ១ ចំនួនផ្សេងទៀត នៅក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជាជាតិស័ង្កសី ជាតិហ្វូលេត ជាតិអ៊ីយ៉ូដ ជីវជាតិ D ជីវជាតិ B1 ជាដើមក្រៅពីជាតិដែក។
លោកស្រី បានបន្តថា៖«ការសិក្សាសាកល្បងក្នុងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្ត្រីមានផ្ទៃពោះជំនួសគ្រាប់ថ្នាំជាតិដែកនេះ គឺជាអាទិភាពខ្ពស់របស់ក្រសួងសុខាភិបាលយើង ដូចដែលមានចែងនៅក្នុងឯកសារព្រាងនៃផែនទីបង្ហាញផ្លូវដើម្បីពន្លឿនការលើកកម្ពស់អាហារូបត្ថម្ភផង និងផែនការជាតិស្តីពីការគ្រប់គ្រងកុមារមានបញ្ហាស្គមស្គាំងផងដែរ»។
ការសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រចំនួន ២៦ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនៅទូទាំងពិភពលោកបានរកឃើញថា ការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះជំនួសគ្រាប់ថ្នាំជាតិដែកដល់ស្ត្រីមានផ្ទៃពោះ នឹងជួយការពារ និងកាត់បន្ថយនូវហានិភ័យជាច្រើនដូចជា បញ្ហាទារកស្លាប់ក្នុងផ្ទៃ,ទារកកើតមិនគ្រប់គីឡូ, ទារកក្នុងផ្ទៃមិនឡើងទម្ងន់, ទារកកើតមិនគ្រប់ខែជាដើម។
នេះបើតាមការអះអាងរបស់អង្គការ ហេទ្បែន ខេលល័រ។ អង្គការយូនីសេហ្វ ធ្លាប់បានអះអាងថា កង្វះអាហារូបត្ថម្ភរបស់មាតា គឺជាកត្តាកំណត់ដ៏សំខាន់នៃលទ្ធផលនៃការមានផ្ទៃពោះមិនល្អ ហើយកង្វះអាហារូបត្ថម្ភរបស់មាតា មិនត្រឹមតែបង្កើនហានិភ័យនៃជំងឺមាតា និងមរណភាពប៉ុណ្ណោះទេ ថែមទាំងហានិភ័យនៃការផ្តល់កំណើតដល់ទារកដែលមានទម្ងន់ពីកំណើតទាប ដែលនាំឱ្យទារកស្ថិតក្នុងគន្លងនៃផលវិបាកអវិជ្ជមានរយៈពេលវែង រាប់ចាប់ពីការចុះខ្សោយនៃការលូតលាស់ និងការអភិវឌ្ឍក្នុងវ័យកុមារភាពរហូតដល់រ៉ាំរ៉ៃ និងជំងឺក្នុងវ័យជំទង់ផងដែរ៕