ភ្នំពេញៈ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានណែនាំឱ្យគ្រប់ផ្នែកទាំងអស់ដែលជាមន្ត្រីគណបក្សប្រជាជន ត្រូវបន្តអនុវត្តនូវអភិក្រមទាំង ៥ ដែលលោកបានដាក់ចេញក្នុងអំឡុងពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី សម្រាប់អនុវត្តក្នុងជួររាជរដ្ឋាភិបាលក្នុងអាណត្តិកន្លងទៅនេះ។
លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាវិមានរដ្ឋសភា បន្ទាប់ពីចូលរួមសម័យប្រជុំ លើកទី១ នៃរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ថា ក្នុងឋានៈលោកជា ប្រធានគណបក្សកាន់អំណាច លោកនៅតែបន្តឱ្យគ្រប់ផ្នែកទាំងអស់ ដែលជាមន្ត្រីគណបក្សប្រជាជនបន្តអនុវត្តនូវអភិក្រមទាំង៥នេះ។
អភិក្រមទាំង ៥ ដែលបានដាក់ចេញដោយអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាន់តំណែងនេះយូរជាងគេលើពិភពលោក មាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
លោក ហ៊ុន សែន បានបញ្ជាក់ថា ៖ «បើបោះបង់ចោលអភិក្រមទាំង៥នេះ គឺបានន័យថា យើងអត់បានដឹងពីចំណុចខ្សោយរបស់យើងនៅកន្លែងណា? បើយើងមិនទៅឆ្លុះកញ្ចក់ទេ យើងមិនដឹងថាមុខយើងមានអីប្រឡាក់នៅកន្លែងណាដែរ។ បើយើងមានប្រឡាក់ប្រឡូស យើងត្រូវងូតទឹក ហើយដុសក្អែលវាទៅ ហើយបើមានជំងឺយើងព្យាបាលវាទៅ ប៉ុន្តែបើសិនជាព្យាបាលមិនកើតទេ ត្រូវតែកាត់ចេញតែម្តងទៅ»។
លោកបានបន្តទៀតថា ៖ «អភិក្រមនេះ ចោលមិនបានទេ។ ការចោលអភិក្រមនេះគឺស្មើនឹងបរាជ័យ ហើយស្មើនឹងធ្វើឱ្យបក្សនយោបាយមួយដួលរលំរលាយបាន។ សម្រាប់រដ្ឋាភិបាលថ្មី យកឬមិនយកគឺជារឿងមួយ ប៉ុន្តែខ្ញុំអំពាវនាវឱ្យសមាជិកគណបក្សទាំងអស់ ប្រើប្រាស់អភិក្រមនេះដោយចៀសវាងមិនបាន»។
នាឱកាសនោះដែរ លោក ហ៊ុន សែន ក៏បានលើកឡើងដែរថា លោកមិនបង្ខំឱ្យរាជរដ្ឋាភិបាលទទួលយកទេ តែលោកបង្ខំឱ្យមន្ត្រីគណបក្សកាន់អំណាចមួយនេះ ត្រូវអនុវត្តនូវអភិក្រមនេះគ្រប់គ្នា ដោយធ្វើជាផ្ទាល់ខ្លួនផង និងធ្វើជាស្ថាប័នផង។
លោកមានប្រសាសន៍ថា ៖ «បើតាមការយល់ដឹងរបស់ខ្ញុំ ខ្ញុំគិតថា រាជរដ្ឋាភិបាលថ្មីនឹងបន្តអនុវត្តនូវអភិក្រមចំនួន៥នេះ ព្រោះអភិក្រមទាំង៥នេះ ជាតម្រូវការខានមិនបានសម្រាប់អភិបាលកិច្ច និងការអភិវឌ្ឍរបស់យើង»។
លោក យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងថា អភិក្រមនេះអាចថ្នាលមួយនៃភាពដឹកនាំ ដែលអ្នកដឹកនាំត្រូវប្រើប្រាស់ និងអនុវត្តផងដែរ។
លោកបានបន្តថា លោក ហ៊ុន សែន លើកឡើងនេះមិនតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវតែប្រើនោះទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាត្រូវតែអនុវត្តបន្តអភិក្រមទាំង៥នេះជាចាំបាច់។
លោក យង់ ពៅ បញ្ជាក់ថា៖ «អ៊ីចឹង យើងដឹងបានថា គណបក្សប្រជាជនកម្ពុជាត្រូវតែអនុវត្តនូវអភិក្រមទាំង៥នេះ គឺមានន័យស្មើនឹងការដុសខាត់មន្ត្រីរដ្ឋាភិបាលដូចតែគ្នាហ្នឹង ព្រោះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»។
លោកបានបន្តថា ៖ «បើគណបក្សប្រជាជនកម្ពុជាបន្តអនុវត្តអភិក្រមទាំង៥នេះ គឺរាជរដ្ឋាភិបាលនឹងបន្តអនុវត្តអភិក្រមនេះដូចតែគ្នា។ អភិក្រមនេះមានគុណសម្បត្តិ ឬឥទ្ធិពលក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋ ក៏ដូចជាមន្ត្រីដែរ ព្រោះពេលមន្ត្រីអសកម្មត្រូវតែព្យាបាល គឺដោយការណែនាំ តម្រែតម្រង់ទៅតាមច្បាប់ លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងតាមច្បាប់ផ្សេងៗទៀតរបស់ប្រទេសកម្ពុជាយើង»។
លោក ពៅ ថ្លែងថា អភិក្រមនេះមានភាពចាំបាច់ក្នុងការបន្តអនុវត្តទៅលើការដឹកនាំ ដោយមិនអាចខ្វះបានទេ។
នាសន្និសីទសារព័ត៌មានដដែលនោះដែរ លោក ហ៊ុនសែន ក៏បានថ្លែងប្រាប់ឱ្យដឹងដែរថា ក្រោយពេលដែលលោកចាកចេញពីតួនាទីជានាយករដ្ឋមន្ត្រី លោកនឹងនៅតែបន្តកិច្ចការសង្គម ដែលលោកធ្លាប់ធ្វើកន្លងមកដែរ។
លោកមានប្រសាសន៍ថា ៖ «ខ្ញុំនឹងចូលរួមឧទ្ទេសនាមនាពេលខាងមុខនេះដោយចែករំលែកចំណេះដឹងមួយចំនួន ក្នុងនោះ ទី១សម្ភារនិយមវិចារវិទ្យា,ទី២សម្ភារនិយមប្រវត្តិសាស្ត្រ និងទី៣ វិធីសាស្ត្រដឹកនាំទៅដល់អ្នកជំនាន់ក្រោយ»។
លោក ហ៊ុន សែន ថ្លែងថា ចាប់ពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះលោកនឹងអាចចូលដំណេកមុនម៉ោង១២យប់បានហើយ ខណៈដែលកន្លងទៅ លោកមិនដែលបានចូលដំណេកមុនម៉ោង១២យប់នោះទេ។
លោក ហ៊ុន សែន ក៏នឹងបន្ដធ្វើកិច្ចការធំៗមួយចំនួនទៀតផងដែរ ដោយក្នុងនោះមានដូចជា ការសរសេរនូវអ្វីដែលជារឿងបានកើតឡើងដែលលោកមិនចង់ស្លាប់ហើយយកទៅជាមួយនឹងអាថ៌កំបាំងនោះទេ។
លោកបានបញ្ជាក់ថា ៖ «គ្មានអ្នកណាស្គាល់ខ្ញុំ និងស្គាល់ការងារខ្ញុំ ជាងខ្ញុំនោះទេ។ ដូច្នេះខ្ញុំមានភារកិច្ចដែលត្រូវធ្វើកិច្ចការងារនោះដើម្បីទុកឱ្យក្មេងជំនាន់ក្រោយអាចដឹងបានពី វិធីសាស្ដ្រដឹកនាំ និងធ្វើការងារ»។
លោកថ្លែងថា លោកនឹងបន្តរៀបចំពង្រឹងក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកដើម្បីការពារក្តីជួយដល់ជនក្រីក្របន្តទៀតផងដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «និយាយជាមួយរួមមក គ្រាន់តែខ្ញុំមិនធ្វើកិច្ចការនីតិប្រតិបត្តិ បញ្ជាលើកម្លាំងប្រដាប់អាវុធ បញ្ជាលើរដ្ឋបាលស៊ីវិលតែប៉ុណ្តោះ ក៏ប៉ុន្តែការងារក្រៅពីនោះខ្ញុំនៅតែបន្តធ្វើ ដូចជាបន្តកិច្ចការងារសង្គមផ្តល់ការឧបត្ថម្ភដល់អង្គការក្មេងកំព្រាបន្តផ្តល់ការឧបត្ថមការងារសង្គម។ ភរិយារបស់ខ្ញុំគឺនៅតែជាប្រធានកាកបាទក្រហមកម្ពុជាដដែល»៕