ភ្នំពេញៈ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នាសម័យប្រជុំលើកទី១ របស់រដ្ឋសភា នីតិកាលទី៧ បានប្រកាសអនុម័តគាំទ្រលោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភានីតិកាលទី៧ ខណៈដែលសមាជិកសភាទាំងអស់ ក៏បានអនុម័តគាំទ្រទាំងស្រុង លើសមាសភាពរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយលោក ហ៊ុន ម៉ាណែត ផងដែរ។
ក្រៅតែពីការអនុម័តគាំទ្រក្បាលម៉ាស៊ីនរដ្ឋសភា និងលើសមាសភាពរាជរដ្ឋាភិបាលថ្មីហើយនោះ ក្នុងសម័យប្រជុំលើកទី១នេះ ក៏បានបោះឆ្នោតគាំទ្រលើបេក្ខភាពប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភាផងដែរ។ការបោះឆ្នោតនេះ ទទួលបានសំឡេងគាំទ្រ ១២៣លើ១២៥ នៃសមាជិករដ្ឋសភាទាំងមូល។
លោក ហេង សំរិន ដែលទើបត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី២២ ខែសីហា បានថ្លែងនាសម័យប្រជុំលើកទី១ របស់រដ្ឋសភា ដោយបានថ្លែងអំណរគុណ អង្គសភាដែលបានបោះឆ្នោត ជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា,ប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះសមាជិកទាំងអស់ នៃរាជរដ្ឋាភិបាលថ្មីនៃកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
លោកមានប្រសាសន៍ថា ៖ «ក្នុងស្មារតីទទួលខ្ពស់ចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ក៏ដូចជាចំពោះជោគវាសនា នៃប្រទេសជាតិមាតុភូមិកម្ពុជា ទូលបង្គំ ខ្ញុំជាព្រឹទ្ធសមាជិករដ្ឋសភា និងឯកឧត្តម ជាលេខាធិការទាំង៥រូបបានបំពេញភារកិច្ចចប់សព្វគ្រប់អស់ហើយនៅពេលនេះ។សូមឱ្យបេសកកម្មរបស់សមាជិករដ្ឋសភាថ្មី និងរាជរដ្ឋាភិបាលថ្មី ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងមាតុភូមិយើងទទួលបានជោគជ័យ»។
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា នីតិកាលទី៧ថ្មីនេះ បានថ្លែងប្តេជ្ញាចិត្តថានឹងខិតខំបំពេញកិច្ចការឱ្យបានល្អ សំដៅថែរក្សាការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។
លោកស្រី បានថ្លែងថា៖«ខ្ញុំសូមប្រកាសជាឱឡារិកនាពេលនេះថា យើងខ្ញុំនឹងខិតខំបំពេញនូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរ ដោយសហការឱ្យបានល្អជាមួយគ្រប់ស្ថាប័នជាតិជាអាទិ៍ ស្ថាប័ននីតិប្រតិបត្តិដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ប្រជាជាតិ និងមាតុភូមិ ជានិច្ចនិរន្តរ៍»។
ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ក្នុងអាណត្តិទី៧នេះ បានថ្លែងនូវការដឹងគុណ ទៅកាន់ លោក ហ៊ុន សែន ដែលជាឪពុក និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ដែលបានផ្តល់ការជឿទុកចិត្តដល់សមាសភាពគណៈរដ្ឋមន្ត្រីថ្មីទាំងអស់ ឱ្យបន្តវេនបំពេញបេសកកម្មបម្រើជាតិដ៏ធំធេងនេះ។
លោកបានថ្លែងថា៖«គំរូវីរភាព និងសមត្ថភាពដឹកនាំដ៏ខ្ពង់ខ្ពស់ ព្រមទាំងការជឿទុកចិត្តមកលើយើងខ្ញុំទាំងអស់គ្នានេះ នឹងដើរតួនាទីជាកត្តាអចិន្ត្រៃយ៍នៅក្នុងសម្បជញ្ញៈ និងមនសិការរបស់យើងខ្ញុំ ដែលនឹងជួយដាស់តឿន ដុសសំលៀង និងពង្រឹងជាប់ជាប្រចាំ នូវឆន្ទៈមោះមុត ឥតរាថយ និងការប្តេជ្ញាចិត្តឥតងាករេ»។
លោកបានបន្ថែមថា គំរូវីរភាពនេះ ក៏នឹងជួយជំរុញរាជរដ្ឋាភិបាលថ្មី ឱ្យប្រឹងប្រែងអស់ពីលទ្ធភាព ជាមួយនឹងថាមពលយុវវ័យ និងចំណេះវិជ្ជា និងជំនាញដែលខ្លួនមាន ដើម្បីបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តម ឱ្យសម្រេចបានជោគជ័យ ដើម្បីឱ្យស័ក្តិសមទៅនឹងការទុកចិត្តរបស់ពលរដ្ឋនៅទូទាំងប្រទេស។
លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានរៀបចំឡើងនូវកម្មវិធីគោលនយោបាយរបស់ខ្លួន ដោយផ្អែកទៅលើកម្មវិធីគោលនយោបាយសម្រាប់កសាង និងការពារជាតិមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលគណបក្សប្រជាជនកម្ពុជាបានប្រកាសកាលពេលកន្លងទៅ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ក៏បានថ្លែងព្រះរាជសារសម្តែងនូវការអបអរសាទរ ចំពោះលោក ហ៊ុន ម៉ាណែត ដែលទើបតែត្រូវបានផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាឱ្យក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ក្នុងអាណត្តិទី៧នេះផងដែរ។
ទ្រង់បានមានព្រះបន្ទូលតាមរយៈសារលិខិតថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងអាណត្តិទី៧ ជាបន្តទៅទៀតនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនក្នុងជួររាជរដ្ឋាភិបាល នឹងបន្តដឹកនាំប្រទេសឱ្យទទួលបាននូវមហាជោគជ័យ បន្ថែមទៀតលើបេសកកម្មដ៏ឧត្តុង្គឧត្តមនិងបន្តថែរក្សាស្ថិរភាពនយោបាយ សុខសន្តិភាព ដើម្បីជាឧត្តមប្រយោជន៍ប្រទេសជាតិរបស់យើង»។
ព្រះមហាក្សត្រ ទ្រង់ក៏បានចេញព្រះរាជក្រឹត្យតែងតាំងលោក ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ត្រី,លោកហេង សំរិន ជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ត្រី ,លោក ស ខេង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី,លោក ទៀ បាញ់ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី និងលោកស្រី ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី៕