ភ្នំពេញៈ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​បាន​កាន់​តួនាទី​អស់​រយៈពេល​ជាង ៣៨ ​ឆ្នាំ បញ្ជាក់ថា ការខកចិត្ត​ធំ​ចុងក្រោយ​សម្រាប់​លោក ក្នុងការ​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​នៅ​កម្ពុជា​ គឺ​វិបត្តិ​ជំងឺឆ្លង​ជា​សកល​កូ​វីដ​ ១៩ ដែល​បានមក​បង្អាក់​ផែនការ​ព​ន្លឿ​ន​សេដ្ឋកិច្ចជាតិ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​កម្ពុជា​។​

​លោក​ថា វិបត្តិ​នេះ​បាន​ឆក់យក​អាយុជីវិត​ប្រជាជន​កម្ពុជា​ ជាច្រើនរូប និង​ធ្វើឱ្យ​កម្ពុជា​ត្រូវ​ចាយ​ថវិកា​សន្សំ​ជិត ៤​ ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​និង​ដោះស្រាយ​ពី​វិបត្តិ​ដែល​កើតឡើង​ពី​ជំងឺ​មួយ​នេះ​។​

​ការលើកឡើង​របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ​បានធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​វិមាន​រដ្ឋសភា ក្រោយ​រដ្ឋសភា​បានបញ្ចប់​ការបោះឆ្នោត អនុម័ត​រៀបចំ​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣​។​

​នៅក្នុង​ការដឹកនាំ​ប្រទេស​របស់លោក ​ហ៊ុន សែន រយៈពេល​ជាង ៣៨ ​ឆ្នាំ​ មកនេះ លោក​លើកឡើងថា ក្នុងតួនាទី​ជា​អ្នកដឹកនាំ តោង​មានការ​ពេញចិត្ត និង​ការខកចិត្ត ដោយ​ចៀស​ពុំរួច ដោយឡែក​សម្រាប់​រដ្ឋបាល​របស់លោក លោក​បាន​ពើបប្រទះ​នឹង​ការខកចិត្ត​ធំ​ចុងក្រោយ​ដែល​បាន​បង្អាក់ដំណើរ​និង​ផែនការអភិវឌ្ឍន៍​កម្ពុ​ជា​នៅក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​នោះ​គឺ វិបត្តិ​កូ​វីដ​១៩​។​

​លោក​សង្កត់ធ្ងន់ថា ដោយសារ​វិបត្តិ​កូ​វីដ​១៩ បាន​ជះឥទ្ធិពល​អាក្រក់​ដល់​ការរីកលូតលាស់​របស់​កម្ពុជា​ដែល​កំពុង​ស្គាល់​នូវ​កំណើនសេដ្ឋកិច្ច​ថេរ​ក្នុង​អត្រា​ជាង ៧% ក្នុង ១​ឆ្នាំ ហើយ​បាន​បង្អាក់​ដល់​ផែនការ​កាត់បន្ថយ​ភាពក្រីក្រ​ដែល​នៅក្រោម ១០% មក​កើន​ឡើងវិញ និង​ជាពិសេស​កម្ពុជា​បាន​ចំណាយ​ថវិកាជាតិ​ប្រមាណ​ជិត ៤​ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​និង​ដោះស្រាយ​។​

​លោក​ ហ៊ុន សែន បញ្ជាក់​ថា​៖ «​យើង​បាន​ចាយប្រាក់​សន្សំ​ប្រមាណ​ជិត ៤​ពាន់​លាន​ដុល្លារ ដែល​ខ្ញុំ​ប៉ុនប៉ង​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ដោយ​មិន​ពឹង​ផ្អែកទៅលើ​បរទេស ត្រូវ​បាត់បង់ ដោយ​យក​វា​មក​ទប់ទល់​នឹង​កូ​វីដ​១៩ ជាមួយនឹង​ការចិញ្ចឹម​ជួយ​ប្រជាជន ដែល​ធ្វើ​ឱ្យ​ផែនការ​នេះ​ត្រូវបាន​ខកខាន​។ នេះ​ជាការ​ខកចិត្ត​មួយ​ដ៏​ធំ​របស់ខ្ញុំ​»​។​

​កូ​វីដ​១៩ បាន​ឆក់យក​អាយុជីវិត​ប្រជាជន​កម្ពុ​ជាជាង​៣ ០០០ នាក់ នៅក្នុង​ពេលដែល​កម្ពុជា​កំពុងមាន​សន្តិភាព ដែលជា​ការសោកស្តាយ​ដ៏​ធំ​របស់លោក​ក្នុងតួនាទី​ជា​មេដឹកនាំ​ដែល​មិនអាច​ជួយសង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​បាន​។​

​លោក​បន្ថែមថា​៖ «​អ្វី​ដែលជា​រឿង​ធំ គឺ​ការខកចិត្ត​ទៅលើ​បញ្ហា ប្រទេស​កំពុងមាន​ល្បឿន​ទៅមុខ ប៉ុន្តែ​ផ្ទុយទៅវិញ យើង​បាន​បាត់បង់​ជាមួយនឹង​ប្រាក់​ដែល​យើង​សន្សំ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ព​ន្លឿ​ន​សេដ្ឋកិច្ច​និង​ការកាត់បន្ថយ​ភាពក្រីក្រ​នេះ​»​។​

​លោក ស៊ឺន សម ​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការលើកឡើង​របស់លោក​ហ៊ុន សែន នៅ​ថ្ងៃ​ចុងក្រោយ​នៃ​នាម​ជា​នាយករដ្ឋមន្ត្រី​នាពេលនេះ អាចជា​សារ​មួយ​សម្រាប់​ដាស់តឿន​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយ ឱ្យ​ចេះ​ប្រុងប្រយ័ត្ន​និង​ត្រៀមខ្លួន​សម្រាប់​វិបត្តិ​សង្គម​ជាយថាហេតុ ជាពិសេស​លើ​ការគ្រប់គ្រង​ថវិកាជាតិ ដោយ​វិបត្តិ​កូ​វីដ​១៩ ជាការ​សាកល្បង​មួយ​ធំ​ក្នុង​ដំណើរ​នៃ​ប្រវត្តិសាស្ត្រ​ពិភពលោក​។​

​លោក​ថា នៅក្នុង​វិបត្តិ​កូ​វីដ​១៩ កន្លងទៅ លោក​ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​វិបត្តិ​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព ទោះបី​កម្ពុជា​ជា​ប្រទេស​តូចក្តី ទាំង​ការ​ស្វះ​ស្វែងរក​វ៉ាក់សាំង​មក​ផ្គត់ផ្គង់​ពលរដ្ឋ និង​ការទប់ស្កាត់​មិនអាច​មានការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ដែល​បញ្ជាក់​ពី​ការយកចិត្តទុកដាក់ និង​សមត្ថភាព​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​របស់លោក​។​

​លោក​ ស៊ឺន សម​ ថ្លែងថា​៖ «​លោក​ហ៊ុន សែន មាន​ចំណុច​ពិសេស​ច្រើន សម្រាប់​ខ្ញុំ​ផ្ទាល់ មើលឃើញ​ពី​ចំណុចខ្លាំង​របស់លោក​ក្នុងការ​សម្រេចចិត្ត​និង​ការបត់បែន​ជាមួយ​នយោបាយ​ការបរទេស​។ ប្រទេស​យើង​ធ្លាប់មាន​វិបត្តិ​ច្រើន សង្គ្រាម​ច្រើន កម្ពុជា​បាន​ដើរ​លើ​បន្ទាត់នយោបាយ​មួយ​ដ៏​ត្រឹមត្រូវ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាន​ក្លាយជា​មិត្ត​របស់​ប្រទេស​ក្នុង​ពិភពលោក និង​បាន​ទាញ​ប្រយោជន៍​ជាតិ​»​។

​បន្ថែម​ពីនេះ លោក​កត់សម្គាល់​ពី​សម​ត្ថ​ភាព​ក្នុងការ​សម្រេចចិត្ត​លើ​នយោបាយ​ផ្ទៃក្នុង​របស់លោក​ហ៊ុន សែន ដែល​បានធ្វើឱ្យ​កម្ពុជា​ស្គាល់​នូវ​ស្ថិរភាព​នយោបាយ សន្តិភាព ដើម្បី​មានការ​អភិវឌ្ឍក្រោម​ការដឹកនាំ​របស់លោក​។​

​​លោក ពៅ សុខ ទីប្រឹក្សា​ផ្ទាល់​លោក ហ៊ុន សែន ថ្លែងថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែលមាន​សមត្ថភាព ដោយបាន​បញ្ចប់សង្គ្រាម​ស៊ីវិល​ទាំងស្រុង​សម្រាប់​ជាតិ ធ្វើឱ្យមាន​ឯកភាព​ជាតិ និង​បូរណភាព​ទឹកដី ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​ជាតិ​តែមួយ ព្រះមហាក្សត្រ​តែមួយ​។​

​លោក​ថ្លែងថា​៖ «​គំរូ​វីរភាព​របស់​សម្តេច​ដែល​យុវជន​ជំនាន់​ក្រោយ គួរ​យក​គំរូ​ឬ​យកតម្រាប់​តាម គឺ​ការលះបង់​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ជាតិ ប្រជាជន​ដោយ​មិន​យក​ខ្មែរ​ណា​ម្នាក់​ធ្វើជា​សត្រូវ​ដោយ​ធ្វើយ៉ាងណា​ឈរ​នៅលើ​គោលការណ៍​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ និង​ការអភិវឌ្ឍ​»​៕