ភ្នំពេញៈ រដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ខណៈលោកស្រី ឃួន សុដារី ក៏ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រ ជាប្រធានរដ្ឋសភាថ្មី ជំនួសលោក ហេង សំរិនផងដែរ។ ការបោះឆ្នោតគាំទ្រនេះធ្វើឡើង នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ នេះ។
ក្នុងថ្ងៃទី២ នៃសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី ២២ សីហា រដ្ឋសភាបានបោះឆ្នោតគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន ១០ រូប ព្រមទាំងមានទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ៥១ រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។
សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង ១០ រូប រួមមានលោក នេត សាវឿន, លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វង្សី វិសុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌,លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ,លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
គណៈរដ្ឋមន្ត្រីថ្មីមានទេសរដ្ឋមន្ត្រីចំនួន ២១ រូប ក្នុងនោះរួមមាន លោក កែវ រ៉េមី លោក ឈាង យ៉ាណារ៉ា លោកលី ធុច លោក ស្វាយ ស៊ីថា លោក អូស្មាន ហាស្សាន់ លោក ព្រុំ សុខា លោកអៀង មូលី លោក អ៊ុក រ៉ាប៊ុន លោក គន់ គីម លោក ហូ សិទ្ធី លោកឱម យ៉ិនទៀង លោកថោង ខុន លោក សក់ សេដ្ឋា លោក អ៊ុក ប្រាថ្នា លោក ឆៃ ស៊ីណារិទ្ធ លោក ឆែម គាតរិទ្ធី លោក សុក ស៊ីផាន់ណាលោកគី តិច លោកអ៊ុច បូររិទ្ធ លោក អ៊ី ឈាន និងលោកពេជ សោភ័ន និងមានរដ្ឋមន្ត្រីចំនួន ៣០ រូប។
បន្ទាប់ពីទទួលបានសំឡេងឆ្នោតគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បានជម្រាបជូនអង្គប្រជុំរដ្ឋសភានូវកម្មវិធីនយោបាយបញ្ចកោណដំណាក់កាលទី១ ដែលសំដៅដល់ការធានាឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅដ៏ក្សេមក្សាន្តរបស់ប្រជាជន, បន្តជំរុញសេដ្ឋកិច្ចនិងសង្គមកម្ពុជាលើគ្រប់វិស័យ, បន្តជំរុញលើកកម្ពស់កែលម្អជីវភាពប្រជាពលរដ្ឋ, ធានាសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជនទាំងបច្ចុប្បន្ន និងអនាគត, ធានាបង្កើនការយកចិត្តទុកដាក់ដល់ចីរភាព នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ គ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ខិតខំបង្កើតហិរញ្ញប្បទានចីរភាព សំដៅជំរុញវិនិយោគបៃតង និងសេដ្ឋកិច្ចបៃតង។
លោកថ្លែងថា៖ «ខ្លឹមសារនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលត្រូវបានបង្ហាញជូនរដ្ឋសភា និងតាមរយៈរដ្ឋសភាជូនដល់ជនរួមជាតិ និងសាធារណៈមតិទូទៅនាពេលនេះ ឆ្លុះបញ្ចាំងអំពីបំណង ឧត្តមគតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការពុះពារបម្រើជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ»។ ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែតក៏បានប្តេជ្ញាចិត្តពោរពេញទៅដោយថាមពលស្វាហាប់ដើម្បីធ្វើយ៉ាងណាបន្តដឹកនាំមាតុភូមិកម្ពុជាឱ្យបន្តអភិវឌ្ឍ រុងរឿង ជាពិសេសយកចិត្តទុកដាក់ក្នុងការយកប្រជាជនជាមូលដ្ឋាន។
ជាមួយគ្នានេះនៅក្នុងសន្និសីទសារព័ត៌មាននៅបន្ទាប់ពីកិច្ចប្រជុំរដ្ឋសភា លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានថ្លែងថា លោកមានជំនឿចិត្តយ៉ាងមុតមាំ និងទុកចិត្តលើសមត្ថភាពរបស់អ្នក ជំនាន់ ក្រោយ ទើបលោកសម្រេចចិត្តប្រគល់អំណាចឱ្យអ្នកជំនាន់ក្រោយជាអ្នកដឹកនាំប្រទេស នៅគ្រាដែលលោកនៅមានកម្លាំងដឹកនាំប្រទេសនេះបាននៅឡើយ។ លោកបញ្ជាក់ថា៖ «គណៈរដ្ឋមន្ត្រីថ្មី ដែលសុទ្ធសឹងជាអ្នកបន្តវេនវ័យក្មេងមានទាំងសមត្ថភាព និងមានទាំងភាពជាអ្នកដឹកនាំគ្រប់គ្រាន់ ក្នុងការបន្តដឹកនាំនាវាកម្ពុជាតទៅមុខទៀត ប្រកបដោយថាមវន្ត»។
នៅក្នុងសម័យប្រជុំនោះរដ្ឋសភាក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យលោកស្រី ឃួន សុដារី ធ្វើជាប្រធានរដ្ឋសភាថ្មីដែលលោកស្រីជាស្ត្រីដំបូងដែលកាន់តំណែងនេះហើយរដ្ឋសភាបានអនុម័តគាំទ្រ លោក ជាម យៀប ជាអនុប្រធានទី១ និងលោក វង សូតជាអនុប្រធានទី២។
ក្នុងសម័យប្រជុំនោះ លោកស្រី ឃួន សុដារី បានប្តេជ្ញាថា នឹងខិតខំបំពេញនូវបេសកកម្ម ដ៏ឧត្តុងឧត្តមក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរ ដោយសហការឱ្យបានល្អជាមួយនឹងគ្រប់ស្ថាប័នជាតិ ជាអាទិ ស្ថាប័ននីតិប្រតិបត្តិដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ប្រជាជាតិ និងមាតុភូមិ ជានិច្ចនិរន្តរ៍តទៅ។
ជាមួយនឹងការបោះឆ្នោតគាំទ្រក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល សម័យប្រជុំលើកទី១ នៃរដ្ឋសភាក៏បានបោះឆ្នោតគាំទ្រលើបេក្ខភាពប្រធាន និងអនុប្រធានគណៈកម្មការទាំង ១០ របស់រដ្ឋសភាផងដែរ។ ការបោះឆ្នោតនេះ ទទួលបានសំឡេងគាំទ្រ ១២៣ លើ ១២៥ នៃសមាជិករដ្ឋសភាទាំងមូល។
លោក យង់ ពៅ អគ្គលេខាធិការ នៃអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការផ្លាស់ប្តូរអ្នកដឹកនាំរវាងអ្នកដឹកនាំជំនាន់មុនមកអ្នកដឹកនាំបន្តវេនជំនាន់ថ្មីនេះ ជាព្រឹត្តិការណ៍នយោបាយចារិកក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលមិនធ្លាប់មាន ដែលមានការផ្លាស់ប្តូរទាំងស្រុងពីរដ្ឋាភិបាល ១ ទៅរដ្ឋាភិបាល ១ ដែលធានាបាននូវស្ថិរភាពនយោបាយ សុខសន្តិភាព ជាប្រក្រតីរបស់សង្គម។
លោកបានលើកឡើងថា សម័យអង្គរដែលបានរីកចម្រើនឡើងខ្លាំងហើយធ្លាក់ចុះមកវិញនោះ គឺដោយសារតែមិនមានការរៀបចំនយោបាយអ្នកបន្តវេន ហេតុនេះការរៀបចំនយោបាយអ្នកបន្តវេន គឺមានសារៈសំខាន់ណាស់។
លោកថ្លែងថា៖ «យើងសង្កេតឃើញតាំងពីការធ្លាក់ចុះនៃសម័យមហានគរមក គឺការបន្តវេននៃការដឹកនាំ មិនដែលមានទេ ទើបតែមានលើកនេះទេ ដែលយើងធ្វើឱ្យការបន្តវេនប្រកបដោយនិរន្តរភាព»។
លោក យង់ ពៅ ថា លោកមើលឃើញសមាសភាពគណៈរដ្ឋមន្ត្រីអាណត្តិទី៧ នេះ ពោរពេញទៅដោយសក្ដានុពល ព្រោះអ្នកជំនាន់ថ្មីទាំងអស់សុទ្ធតែមានការបណ្តុះបណ្តាលជ្រៅជ្រះ មានកិត្តិស័ព្ទកិត្តិនាមល្អ ថាមពលមាំមួន ទាំងប្រាជ្ញាញាណ និងស្មារតី។ ដោយឡែកចំពោះការអនុវត្តបានផលយ៉ាងណានោះ ត្រូវរង់ចាំមើលទាំងអស់គ្នា ព្រោះគេមិនអាចវាយតម្លៃនូវលទ្ធផលភ្លាមៗបានទេ ដោយសារតែគណៈរដ្ឋមន្ត្រីថ្មីទើបតែចាប់ផ្តើមចេញដំណើរ។
លោកថ្លែងថា៖ «ដ្បិតអ្នកខ្លះបានបំពេញការងារជារដ្ឋមន្ត្រីខ្លះហើយ ប៉ុន្តែភាគច្រើនបំផុតគឺសុទ្ធតែថ្មី អ៊ីចឹងយើងរង់ចាំមើល ហើយយើងនឹងអាចវាយតម្លៃតាមក្រោយនូវលទ្ធផលរបស់គាត់»៕