​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ​.​ជ​.​ប​)​ បានប្រកាស​បិទ​បញ្ចប់​វគ្គប​ណ្ដុះ​បណ្ដាល​ជូន​ដល់​គ្រូបង្ហាត់ និង​មន្ត្រី​របស់ខ្លួន​ចំនួន​ ៦០​ នាក់ បន្ទាប់ពី​បាន​ឆ្លងកាត់​ក្នុង​វគ្គ​នេះ អស់​រយៈពេល​ ៥​ ថ្ងៃ​ ស្ដីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះ​​ឆ្នោត ឆ្នាំ ​២០២៣ នៅ​ទី​សី្ត​ការ គ​.​ជ​.​ប ប្រកបដោយ​ជោគជ័យ​។​

​លោក​ ទេព នីថា អគ្គលេខា​ធិ​​ការ ​(​គ​.​ជ​.​ប​)​ បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ថា គ​.​ជ​.​ប តែងតែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​បណ្តុះ​បណ្តាល​ពង្រឹងសមត្ថភាព​មន្ត្រី​របស់ខ្លួន​ដែលជា​ប្រតិបត្តិ​ករ​អនុវត្តន៍​ផ្ទាល់​ក្នុង​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​។

​ជាមួយគ្នានេះ លោក​ក៏បាន​ណែនាំ​ដល់​គ្រូបង្ហាត់ គ​.​ជ​.​ប ទាំងអស់​ត្រូវ​ត្រៀម​រៀបចំ​សម្ភារ​ឧបទេស និង​ត្រៀមលក្ខណៈ​ដើម្បី​បណ្តុះបណ្តាល​បន្ត​នៅ​ថ្នាក់ គ​.​ជ​.​ប ដល់​លេខាធិការដ្ឋាន​រាជធានី ខេត្ត រៀបចំ​ការបោះ​ឆ្នោត តំណាង​ភាគី​ពាក់ព័ន្ធ​តាម​ផែនការ និង​ប្រតិទិន​ដែល​បានកំណត់​។​

​លោក​ ទេព នីថា បាន​បញ្ជាក់ថា​៖ «​អង្គភាព​ជំនាញ​ត្រូវយក​ចិត្ត​ទុកដាក់​ណែនាំ​ដល់​លេខា​ធិ​​ការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការ​​បោះឆ្នោត អំពី​ការងារ​បណ្តុះ​​បណ្តាល​បន្ត​នៅ​ថ្នាក់​រាជធានី ខេត្ត និង​ការងារ​ផ្សព្វផ្សាយ អប់រំ​ដល់​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​អំពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​តាម​គោល​​ការណ៍​ណែនាំ​របស់​គ​.​ជ​.​ប​»​។​

​នៅក្នុង​ឱកាស​នោះ លោក ទេព នីថា ក៏បាន​ថ្លែង​ដែរ​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ ​២០២៣ ​គឺជា​ឆ្នាំ​ទី៨ ហើយ ចាប់តាំងពី គ​.​ជ​.​ប​ រៀបចំ​ការចុះឈ្មោះ​បោះ​ឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ជីវមាត្រ​ (Biometric System)​ សម្រាប់​ដៅ​សម្គាល់​ទិន្នន័យ​អត្តសញ្ញាណ​ដែលមាន​តែមួយគត់​សម្រាប់​អ្នកបោះឆ្នោត​ម្នាក់ៗ​។​

​លោក​បាន​សង្កត់ធ្ងន់ថា​៖ «​បញ្ជី​បោះឆ្នោត​ផ្លូវការ​របស់ គ​.​ជ​.​ប​តែងតែ​ត្រូវបាន​គណៈកម្មាធិការ​ដើ​ម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ​(​ខុម​ហ្រ្វែល​)​ ធ្វើ​សវនកម្ម​ជា​រៀងរាល់ឆ្នាំ ហើយ​ផ្អែក​តាម​លទ្ធផល​នៃ​ការសិក្សា​រយៈពេល​ ២​ ឆ្នាំ​ចុង​​ក្រោយនេះ អង្គ​ការខុមហ្រ្វែល​បាន​វាយតម្លៃថា បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២១​ មាន​ភាព​ពេញ​​លេញ​ ៩៨,៦៧​ ភាគរយ ហើយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​ ២០២២​ ដែល​ប្រើ​ក្នុងការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣​ កន្លងមក គឺអាច​ទទួលយកបាន​»​។​

​បើតាម​លោក ទេព នីថា អនុ​លោម​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​គឺជា​ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​តាម​គោលការណ៍​ប្រព័ន្ធ​បញ្ជី​បោះឆ្នោត​អចិ​ន្រៃ្ដ​យ៍ ដើម្បី​ធានា​ឱ្យ​បញ្ជី​បោះឆ្នោត​មានគុណ​ភាព​ខ្ពស់ មាន​ភាព​ពេញ​​លេញ​ត្រឹមត្រូវ និង​មាន​បច្ចុប្បន្ន​ភាព ព្រមទាំង​ធានាបាន​នូវ​ការ​សម្ងាត់​សន្តិសុខ និង​សុវត្ថិភាព​ទិន្នន័យ​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត​ផងដែរ​។​

​លោក​ ម៉ុក ដា​រ៉ា អគ្គលេខា​ធិ​​ការរង គ​.​ជ​.​ប បានលើកឡើង​ដែរ​ថា អនុលោម​តាមច្បាប់​បោះ​ឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​ស្តីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២៣ ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត និង​ការផ្ដល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត​ឆ្នាំ ​២០២៣ ត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ​១ ​ខែតុលា ដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២៣​។​

​លោក​បាន​បន្តថា​៖ «​ដោយឡែក​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះ​ឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ​-​សង្កាត់​ទូទាំងប្រទេស​មាន​រយៈ​​ពេល ​១៩ ​ថ្ងៃ គឺ​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី ​១ ខែតុលា ដល់​ថ្ងៃទី​ ១៩ ខែតុលា ឆ្នាំ​ ២០២៣​។​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២៣​ នេះ គ​.​ជ​.​ប មានបំណង​ធ្វើ​យ៉ាង​ណា​ធានា​ឱ្យ​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញលេញ​ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​ប្រកបដោយ​សុវត្ថិភាព​»​។​

​សូម​ជម្រាប​ដែរ​ថា វគ្គប​ណ្ដុះ​បណ្ដាល​ជូន​ដល់​គ្រូបង្ហាត់ គ​.​ជ​.​ប និង​មន្ត្រី គ​.​ជ​.​ប ស្ដីពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២៣ នេះ ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី​ ២១ ខែសីហា ឆ្នាំ​ ២០២៣ ដោយមាន​សិក្ខាកាម​សរុប​ចំនួន​ ៦០ ​នាក់​។​

​ទាក់ទង​នឹង​ការងារ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​នេះដែរ លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប នៅ​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ ២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​និង​សម្រេច​លើ​សេចក្ដីព្រាង​សៀវភៅ​ណែនាំ​ស្តីពី​នីតិវិធី​នៃ​ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ​២០២៣​។

​កិច្ចប្រជុំ​នេះ​ក៏បាន​ពិនិត្យ និង​សម្រេច​លើ​គំរូ​បណ្ណ​សម្គាល់​ភ្នាក់ងារ​គណបក្សនយោបាយ អ្នកសង្កេតការណ៍​ជាតិ អ្នក​សង្កេតការណ៍​ជាតិ​ចល័ត​ទូទាំង​ប្រទេស អ្នកសង្កេតការណ៍​អន្តរ​ជាតិ និង​ភ្ញៀវ​ពិសេស​ផងដែរ​។ ជាមួយគ្នា​ន​នេះ ក៏បាន​ពិនិត្យ និង​ឯកភាព​លើ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការប្រឡង​ជ្រើសរើស​សមាស​ភាព​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ​(​ក​.​ច​.​ប​)​ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​ ២០២៣ និង​ខ្លឹមសារ​ខិត្តប័ណ្ណ​សំណួរ​ចម្លើយ និង Poster គំរូ​ឯកសារ​ផ្លូវការ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២៣៕