ភ្នំពេញៈ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមានឋានៈស្មើនាយករដ្ឋមន្ត្រី ចង់ឃើញអ្នកដឹកនាំបន្តវេនជំនាន់ក្រោយរក្សាបាននូវសន្តិភាព និងស្ថិរភាពខាងនយោបាយ ឱ្យបានតទៅទៀត និងសម្រេចឱ្យបាននូវការចាកចេញរបស់ប្រទេសកម្ពុជា ពីប្រទេសអភិវឌ្ឍន៍តិចតួច ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅដល់ប្រទេសមានប្រាក់ចំណូលខ្ពស់។
លោកថ្លែងថា អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ បានបន្សល់ទុកឱ្យអ្នកជំនាន់នេះនូវឯករាជ្យពីបារាំងដែលជាមរតកធំបំផុត របស់ប្រទេសកម្ពុជា រួមជាមួយនឹងការកសាងរីកចម្រើននៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ លោកថា មរតកបច្ចុប្បន្នដែលគេចូលចិត្តនិយាយនោះ គឺសន្តិភាព និងស្ថិរភាព ជាមរតកដែលអ្នកជំនាន់នេះរក្សាទុកឱ្យអ្នកជំនាន់បន្តវេន។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន នាវិមានរដ្ឋសភា បន្ទាប់ពីចូលរួមសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ នាថ្ងៃទី ២២ ខែសីហា។ នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានបោះឆ្នោតអនុម័តគាំទ្រសមាសភាពគណៈរដ្ឋមន្ត្រីអាណត្តិទី៧ ដែលមានលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំចង់ឃើញ ២ ចំណុចសំខាន់ ទី១ គឺចង់ឃើញអ្នកបន្តវេនជំនាន់ក្រោយបន្ត រក្សានូវសន្តិភាព និងស្ថិរភាពខាងនយោបាយឱ្យបានតទៅទៀត។ នេះជាចំណុចទី ១ ជាមូលដ្ឋានគ្រឹះ ឯចំណុចទី ២ ដែលខ្ញុំចង់ឃើញនោះ គឺសម្រេចឱ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចចង់ឃើញឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តាមការគ្រោងទុក ហើយនិងឈានទៅដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្ដង។ អត្រានៃភាពក្រីក្រ បើវាមិនដល់កម្រិតសូន្យក៏ឱ្យមកទាបបំផុត។ នេះជាអ្វីដែលខ្ញុំចង់ឃើញថា ជំនាន់នេះ ពួកគេនឹងខិតខំធ្វើកិច្ចការ ២ នេះ»។
បន្ថែមលើនោះ លោក ហ៊ុន សែន ក៏ចង់ឃើញអ្វីៗដែលបានកើតឡើងបន្ថែមលើសមិទ្ធផលចាស់ដែលបានបង្កើត រាប់ទាំងការប្រែប្រួលអំពីស្ថានភាពទាក់ទិននឹងបរិយាកាសសង្គម កម្រិតអប់រំរបស់ប្រជាជនត្រូវមានកម្រិតខ្ពស់ឡើង អភិបាលកិច្ច ការប្រឆាំងអំពើពុករលួយ និងភាពអសកម្មនានា នៅក្នុងសង្គមត្រូវតែបានធ្វើ។ ភាពស្អាតស្អំមួយនឹងបានកើតឡើង។ លោកថា នោះហើយជាអំរែក ដ៏លំបាករបស់អ្នកបន្តវេន ដែលមិនមែនជារឿងសាមញ្ញនោះទេ។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំនិយាយប៉ុណ្ណេះ អ្នកទាំងអស់គ្នាអាចយល់ស៊ីជម្រៅទៅលើអ្វីដែលអ្នកជាន់មុន ព្រះមហាក្សត្រ ព្រះករុណាបិតា ទុកឱ្យយើងនូវឯករាជ្យពីបារាំង។ យើងបានទុកឱ្យអ្នកជំនាន់ក្រោយនូវសន្តិភាព និងស្ថិរភាពនយោបាយ តែយើងក៏ចង់ឱ្យអ្នកជំនាន់ក្រោយរក្សាទុកហើយអ្នកជំនាន់ក្រោយតទៅទៀតនូវអ្វីដែលខ្ញុំបានលើកឡើងអម្បាញ់មិញ»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា កម្ពុជាបានធ្វើដំណើរមកដល់ដំណាក់កាលនេះហើយ ត្រូវតែមាននយោបាយច្បាស់លាស់ និងកំណត់ទិសដៅខ្លួនឯង ចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួចពីព្រោះជាដំណាក់កាលដែលកម្ពុជាបានឆ្លងកាត់សង្គ្រាម។
ដំណាក់កាលទី១ កម្ពុជាឆ្លងកាត់ផុតសង្គ្រាមស៊ីវិលដំណាក់កាលទី ២ គឺជាដំណាក់កាលដែលកម្ពុជាស្វែងរកសន្តិភាពហើយដំណាក់កាលទី៣ គឺកម្ពុជាទទួលបានសន្តិភាពពេញលេញក្នុងការដឹកនាំរបស់លោក ហ៊ុន សែន។
លោកបន្តថា៖ «ដំណាក់កាលទី៤ នេះ យើងគួរតែជាដំណាក់កាល ដែលយើងលើកស្ទួយប្រទេសផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសអភិវឌ្ឍន៍ហ្នឹងហើយ។ អ៊ីចឹងត្រូវតែមាននយោបាយច្បាស់លាស់ ទៅលើការលើកស្ទួយប្រទេសឱ្យផុតពីប្រទេសអភិវឌ្ឍន៍តិចតួចហ្នឹង។ សារនយោបាយនេះ ខ្ញុំសម្ដែងការសាទរគាំទ្របែបនេះ ឱ្យកំណត់គោលនយោបាយច្បាស់លាស់ដើម្បីចេញផុតពីប្រទេសក្រីក្រ»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានថ្លែងដែរថា បើសិនជាគ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយនោះទេ អ្វីៗក៏មិនអាចកើតឡើងបានដែរ។លោកបន្ថែមថា នៅពេលដែលនាយករដ្ឋមន្ត្រីថ្មី អាចរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយហើយនោះ ច្បាស់ណាស់ ការសម្រេចឱ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់ការកាត់បន្ថយអត្រានៃភាពក្រីក្រជាដើមគឺពិតជាអាចទៅរួច។
លោកបញ្ជាក់ថា៖ «ប្រទេសកម្ពុជាយើងនឹងឈានជាជំហានៗ ក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយក៏នឹងក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នាពេលបន្តបន្ទាប់ទៀត។ ខ្ញុំជឿជាក់ថា យើងអាចធ្វើបាន ដោយសាររាជរដ្ឋាភិបាលមុនបានចាក់គ្រឹរឹងមាំរួចហើយ»។
លោក ហុង វណ្ណៈ បានបង្ហាញពីការរំពឹងទុកដែរថា នាយករដ្ឋមន្ត្រីថ្មី ក៏ដូចក្បាលម៉ាស៊ីនដឹកនាំថ្មីនៃក្រសួងស្ថាប័នទាំងអស់នេះនឹងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍបន្តពីរាជរដ្ឋាភិបាលចាស់ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើន រួមទាំងការបង្កើតសមិទ្ធផលថ្មីៗសម្រាប់កិច្ចអភិវឌ្ឍសង្គម ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះបន្តទៀត។
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរលោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា លោកមានជំនឿចិត្តយ៉ាងមុតមាំ និងទុកចិត្តលើសមត្ថភាពរបស់អ្នកជំនាន់ក្រោយ ទើបលោកសម្រេចចិត្តប្រគល់អំណាចឱ្យអ្នកជំនាន់ក្រោយជាអ្នកដឹកនាំប្រទេស នៅគ្រាដែលលោកនៅមានកម្លាំងដឹកនាំប្រទេសនេះបាននៅឡើយ។ លោកបញ្ជាក់ថា ៖ «គណៈរដ្ឋមន្ត្រីថ្មី ដែលសុទ្ធសឹងជាអ្នកបន្តវេនវ័យក្មេង មានទាំងសមត្ថភាព និងមានទាំងភាពជាអ្នកដឹកនាំគ្រប់គ្រាន់ ក្នុងការបន្តដឹកនាំនាវាកម្ពុជាតទៅមុខទៀត ប្រកបដោយថាមវន្ត»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនាថ្ងៃទី ២២ ខែសីហា ថា ការបន្តវេនរបស់លោក ហ៊ុន ម៉ាណែត នេះ ជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជានាសតវត្សរ៍ទី២១ ដែលលោកហ៊ុន សែន ជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេលើពិភពលោក និងជាអ្នកដឹកនាំជំនាន់ទី១ នៃគណបក្សប្រជាជនកម្ពុជា ចាកចេញពីតំណែងជានាយកដ្ឋមន្ត្រី នៅថ្ងៃទី ២២ ខែសីហា ហើយលោកហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំជំនាន់ទី២ នឹងចូលមកទទួលខុសត្រូវក្នុងមុខតំណែងនេះ។
លោកថា៖ «ក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំមកនេះកម្ពុជាមិនដែលមានការផ្ទេរអំណាច ឬការបន្តវេនប្រកបដោយសន្តិភាព និងសេចក្តីស្ងប់សុខម្តងណាទេ។ ប្រទេសដ៏កម្សត់មួយនេះពើបប្រទះតែសង្គ្រាមដណ្តើមអំណាចចលាចលសង្គម ការបែកបាក់ជាតិ និងការរស់ក្រោមនឹមត្រួតត្រាបរទេស ដែលកើតមានស្ទើរគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ,ជាពិសេស ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០-១៩៨០ ប្រវត្តិសាស្ត្រកម្ពុជាចារដោយភ្នំឆ្អឹង ស្ទឹងឈាម និងសមុទ្រទឹកភ្នែកនៃប្រជាជនខ្មែរ»។
លោកបន្តថា៖ «ឥឡូវនេះ រដ្ឋបុរសដ៏មហិមាម្នាក់នេះ និងអេគីបរបស់គាត់បានផ្ទេរការទទួលខុសត្រូវដ៏សំខាន់ស្លាប់រស់ទាំងនេះទៅកាន់អ្នកបន្តវេនគឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងអេគីបថ្មីរបស់គាត់ដើម្បីបន្តនិរន្តរភាពជាតិ រក្សាសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍ ជាពិសេសថែរក្សានិងការពារឱ្យបានជាដាច់ខាតនូវសមិទ្ធផល និងមរតកទាំងឡាយដែលអ្នកដឹកនាំជំនាន់ទី១ បង្កើតឡើង និងបន្សល់ទុក»៕