ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងក្រុមហ៊ុន Prince Security Service បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើការជួយបណ្តុះបណ្តាលដល់បុគ្គលិកក្រុមហ៊ុន Prince Security Service ពីការបញ្ជាសុនខសន្តិសុខដែលមានរយៈពេលហ្វឹកហ្វឺនចំនួន ១២ សប្តាហ៍។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងលោកប្រាក់ សុម៉ាធី ប្រធាននាយកដ្ឋានកណ្តាលទទួលបន្ទុកជំនាញបច្ចេកទេសសត្វក្នុងសកម្មភាពមីនគ្រប់គ្រងគម្រោងអភិវឌ្ឍន៍សហគមន៍ និងលោក ChooTeng Han នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Prince Security Service កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។
លោកប្រាក់ សុម៉ាធី បានថ្លែងក្នុងពិធីនោះថា ការចុះអនុស្សរណៈនេះខាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងផ្តល់សុនខប្រឆាំងភេរវកម្មចំនួន ២ ក្បាលទៅឱ្យក្រុមហ៊ុន Prince security service ក្នុងតម្លៃសមរម្យព្រមទាំងមានការបណ្តុះបណ្តាលជំនាញគ្រប់គ្រងសុនខដល់ក្រុមហ៊ុនផងដែរ។
លោកបានបន្តថា៖ «សុនខប្រឆាំងភេរវកម្មដែលអង្គភាពស៊ីម៉ាក់ប្រគល់ជូនដល់ក្រុមហ៊ុននាពេលនេះ គឺទទួលបានហ្វឹកហ្វឺនពីអ្នកជំនាញនៅក្នុងប្រទេស និងក្រៅប្រទេស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារសន្តិសុខ»។
បើតាមលោក ប្រាក់ សុម៉ាធី បច្ចុប្បន្ននេះសុនខនៅក្នុងអង្គភាពស៊ីម៉ាក់មានចំនួន ១៧០ ក្បាល ដែលបែងចែកចេញជា ២ ប្រភេទ គឺសុនខប្រឆាំងភេរវកម្ម និងសុនខដោះមីន។
ពាក់ព័ន្ធនឹងការចុះអនុស្សរណៈនេះដែរ លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ បានឱ្យដឹងបន្ថែមនៅថ្ងៃទី ២២ ខែសីហាថា នេះជាលើកទី១ ហើយ ដែលខាងអង្គភាពស៊ីម៉ាកបានចុះហត្ថលេខាធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនឯកជនដែលខុសបែ្លកពីកន្លងមក អង្គភាពស៊ីម៉ាក់ធ្លាប់ធ្វើតែជាមួយនឹងអង្គការជំនួយប្រជាពលរដ្ឋន័រវែសកម្ពុជា (NPA) និងអង្គការ APOPO ប៉ុណ្ណោះ។
លោកបានប្រាប់ថា៖ «មានក្រុមហ៊ុនឯកជនមួយចំនួនទៀតផងដែរ ដែលបានចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការលើសន្តិសុខសុនខនេះ ក្នុងការការពាសុវត្ថិភាពនៅតាមផ្ទះ និងក្រុមហ៊ុន ហើយនៅពេលមានកិច្ចសហប្រតិបត្តិការនេះនឹងអាចកៀរគរចំណូលបន្ថែមទៀតជួយដល់ការគាំទ្រមណ្ឌលសុនខរបស់អង្គភាពស៊ីម៉ាក់ផងដែរ»។
លោក ហេង រតនា បានបញ្ជាក់ដែរថា ឥឡូវនេះ ក្រុមហ៊ុន មួយចំនួនបាននិងកំពុងពិភាក្សាដោយខាងក្រុមហ៊ុនទាំងនោះត្រូវការសុនខមួយចំនួនសម្រាប់ការងារការពារសន្តិសុខនៅកន្លែងរបស់ពួកគេ៕