ភ្នំពេញៈ ក្រោមកិច្ចសហការរវាងអាជ្ញាធរខេត្តកំពង់ស្ពឺ ដែលជាសមាជិកអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងអង្គការមូលនិធិបង្ការរបួសអាស៊ី (API) ដែលបានធ្វើការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ដល់អ្នកបើករថយន្តដឹកកម្មករនិយោជិត បានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករមានការថយចុះនៅក្នុងរយៈពេល៨ខែ ដើមឆ្នាំ ២០២៣។
នេះបើយោងតាមការលើកឡើងរបស់លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ស្តីពី«ការអនុវត្តល្អនូវគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ» នៅថ្ងៃទី២៣ ខែសីហានេះ។
ក្នុងឱកាសនោះដែរ លោក សរ សុពុត្រា បានសម្តែងនូវក្តីរីករាយ តាមរយៈការសហការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី ដែលបានធ្វើការបណ្តុះបណ្តាលដល់បងប្អូន ដែលជាអ្នកបើករថយន្តដឹកកម្មករ។លោកបន្តថា ក្រោមការសហការនេះ បានបណ្តុះបណ្តាលពួកគាត់អំពីរបៀបបើករថយន្តធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព របៀបការពិនិត្យយានយន្ត គោរពច្បាប់ និងឆៀក ដែលនឹងធ្វើឱ្យកាន់តែប្រសើរឡើងនៅក្នុងការងារសុវត្ថិភាពចរាចរណ៍។
លោកមានប្រសាសន៍ថា៖«ក្រោយពីការបណ្តុះបណ្តាលរយៈពេល៨ខែ ឆ្នាំ២០២៣នេះ យើងមានឧប្បត្តិហេតុ តែមួយករណីប៉ុណ្ណោះ ដែលមានក្រឡាប់រថយន្តដឹកកម្មករ ដែលកន្លងមកករណីនេះកើតមានច្រើន»។
លោក សរ សុពុត្រា បន្តថា ៖ «ក៏ប៉ុន្តែក្រោយការបណ្តុះបណ្តាលបងប្អូនយើងមានការយល់ដឹង កាត់បន្ថយគ្រោះថ្នាក់បានច្រើនគួរឱ្យកត់សម្គាល់ ដែលនេះជាការរួមចំណែកមួយយ៉ាងធំធេង ចំពោះគោលនយោបាយសុវត្ថិភាពចរាចរណ៍របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យកាន់តែប្រសើរឡើងចំពោះជីវភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនីផងដែរ»។
ជាមួយនឹងការថយចុះគ្រោះថ្នាក់រថយន្តដឹកកម្មករនេះ លោកបានយល់ឃើញថា កម្រិតនៃការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកកាន់តែមានលក្ខណៈប្រសើរឡើងហើយអាចសបញ្ជាក់ឱ្យឃើញថា លទ្ធផលនៃការសហការរវាងអាជ្ញាធរនិងអង្គការនិងលទ្ធផលនៃការបណ្តុះបណ្តាល គឺមានផ្លែផ្កាតាមរយៈពលរដ្ឋកាន់តែយល់ដឹងពីច្បាប់ចរាចរណ៍ នៅពេលប្រើប្រាស់ដងផ្លូវ។
បន្ថែមពីនេះលោកសរ សុពុត្រា បញ្ជាក់ថា តាមគោលការណ៍ខេត្តកំពង់ស្ពឺ កំពុងតែរុញរោងចក្រទាំងអស់ឱ្យកៀកជិតផ្ទះប្រជាពលរដ្ឋពោលសង់រោងចក្រនៅតំបន់ដាច់ស្រយាល។ លោកថា៖«យើងកំពុងព្យាយាមឱ្យរោងចក្រទៅសង់នៅតំបន់ទាំងនោះ ដើម្បីកាត់បន្ថយការធ្វើដំណើររបស់បងប្អូន កាត់បន្ថយការចំណាយ និងដើម្បីការងារសុវត្ថិភាពចរាចរណ៍»។
បច្ចុប្បន្ននៅខេត្តកំពង់ស្ពឺមានជាង ៣០០រោងចក្រ ដែលមានកម្មករ កម្មការិនីកំពុងបម្រើការងាររាប់ម៉ឺននាក់ ខណៈគិតមកត្រឹមខែសីហានេះ ខេត្តកំពង់ស្ពឺនៅខ្វះកម្លាំងពលកម្ម កម្មករជាង១ម៉ឺននាក់ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក សរ សុពុត្រា។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ក៏បានស្នើឱ្យមានការអនុវត្តគោលនយោបាយស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតនៅទូទាំងកម្ពុជា ខណៈជារៀងរាល់ថ្ងៃ មានកម្មករកម្មការិនីរោងចក្ររាប់ម៉ឺននាក់ធ្វើដំណើរទៅកាន់រោងចក្រ ហើយប្រឈមចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។
លោកបានថ្លែងថា៖«គ្រោះថ្នាក់ចរាចរណ៍ចំពោះបងប្អូនកម្មករ អាចធ្វើឱ្យសមត្ថភាព និងផលិតភាពនៅកន្លែងធ្វើការរបស់ពួកគេមានការថយចុះ និងធ្វើឱ្យមានការបាត់បង់ផលិតកម្មក្នុងរោងចក្រ ក៏ដូចជាខាតបង់ផ្នែកហិរញ្ញវត្ថុដល់ពួកគេ និងសមាជិកគ្រួសារ»។
លោក គឹម បញ្ញា ក៏បានផ្សព្វផ្សាយពីសេចក្តីសង្ខេបគោលនយោបាយថ្មីមួយ ក្រោមប្រធានបទ «មធ្យោបាយដឹកជញ្ជូននិយោជិតដែលមានសុវត្ថិភាពប្រសើរជាង ជួយសង្គ្រោះជីវិត»ដែលជាការវិនិយោគជាសារវន្តលើការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ (សម្រាប់កម្មករនិយោជិត) គឺជាការចាំបាច់ណាស់ក្នុងខណៈពេលនេះ។
បើយោងតាម បេឡាជាតិរបបសន្តិសុខសង្គម គ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀក បំពាក់ និងផលិតស្បែកជើង មានចំនួន៥៥ភាគរយនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានក្នុងចំណោមកម្មករនិយោជិតសរុប៕