ភ្នំពេញៈ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​គ្រង​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បានបង្ហាញ​សកម្មភាព​របស់លោក​ជាមួយនឹង​កម្មករ​កម្ម​ការិនី ប្រមាណ​ជាង​ ៣​ ពាន់​នាក់ ក្នុង​រោងចក្រ​ផលិត​ស្បែកជើង ម៉េង​ដា ហ្វូ​តវៀ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​ចុះ​ជួប​ជាមួយនឹង​កម្មករ​កម្ម​ការិនី​ដោយ​មិនបាន​ប្រាប់​ជាមុន​នេះ ធ្វើឡើង​នា​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៣​ជា​ថ្ងៃ​ដំបូង​ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ​។​

​លោក ហេង សួរ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលោក​ថា៖ «​ថ្ងៃ​ដំបូង​បានមក​មើល​សកម្មភាព​ផលិត​ស្បែកជើង និង​បាន​ហូបបាយ​ជាមួយ​បងប្អូន​កម្មករនិយោជិត ដែល​ធ្វើការ​នៅ​រោងចក្រ​ផលិត​ស្បែកជើង ម៉េង​ដា ហ្វូ​តវៀ នៅ​ផ្លូវ​វេ​ង​ស្រេង​»​។​

​លោក ហេង សួរ បាន​បញ្ជាក់ដែរថា៖ «​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង ត្រូវ​ចុះ​ជួប​កម្មករ​ឱ្យ​ញឹកញាប់ ដើម្បី​ដឹង​ពី​ការលំបាក និង​រួមគ្នា​ដោះស្រាយ​»​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​រោងចក្រ​នេះ​មាន​កម្មករនិយោជិត​សរុប​ជាង ៣​ពាន់​នាក់ ក្នុងនោះ​មានកម្ម​ការិនី ដែល​កំពុងមាន​ផ្ទៃពោះ​ចំនួន ១៦០​នាក់ និង​ជន​ដែលមាន​ពិការភាព​ចំនួន ៤៣​នាក់​។​

​លោក ហេង សួរ បាន​បន្តថា៖ «​បងប្អូន​កម្មករនិយោជិត​នៅទីនេះ​ធ្លាប់​ជួប​ជាមួយ សម្តេច​ពុក ហ៊ុន សែន កាលពី​ឆ្នាំ ២០១៨ ហើយ​បងប្អូន​ដែលជា​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ក៏​ធ្លាប់បាន​ជួប​ជាមួយ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែឧសភា ឆ្នាំ​២០២៣​ នេះ​ផងដែរ​»​។

​លោក​រដ្ឋមន្ត្រី​ការងារ​ថ្មី បាន​ថ្លែង​ទៀតថា៖ «​បងប្អូន​ដែល​ខ្ញុំ​បាន​ជួប គឺ​នឹករឭក​ដល់ សម្តេច​ពុក ហ៊ុន សែន ហើយ​ចងចាំ​ជានិច្ច​នូវ​រូបភាព​ដ៏​ស្និទ្ធស្នាល និង​កក់ក្ដៅ ដែល​សម្តេច​ពុក​បាន​ចុះ​ជួប​បងប្អូន​កម្មករ​នា​ពេល​កន្លងទៅ​។ បងប្អូន​ក៏​រំពឹងថា​នឹង​បាន​ជួប បងប្រុស ហ៊ុន ម៉ា​ណែ​ត ដ៏​ស្វាហាប់ ម៉ឺងម៉ាត់​»​។​

​លោក ហេង សួរ ក៏បាន​ពិសាអាហារ​ជាមួយ​កម្មករ​កម្មការិនី ​ដោយ​ភាព​ស្និទ្ធ​ស្នា​លផងដែរ ដោយ​លោក​បានលើកឡើង​ដែរ​ថា រសជាតិ​ម្ហូប​នៅ​រោងចក្រ​នេះ​គឺ​ឆ្ងាញ់ និង​មាន​អនាម័យ​ល្អ អាច​ទទួលយក​បានជា​គំរូ​មួយ​។​

​ជាមួយគ្នា​នោះ លោក​ក៏បាន​សង្កត់ធ្ងន់​ដោយ​ស្នើឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង រួមទាំង​អ្នកគ្រប់គ្រង​រោងចក្រ​នីមួយៗ ត្រូវ​ចុះមក​ជួប និង​ហូបបាយ​ជាមួយ​កម្មករ​ឱ្យបាន​ញឹកញាប់ ​ដើម្បី​សាក​រសជាតិ​ម្ហូប លក្ខខណ្ឌ​អនាម័យ និង​រក​វិធីសាស្ត្រ​កែលម្អ​ឱ្យ​កាន់តែ​ប្រសើរ ឬ​យក​ធ្វើជា​គំរូ​ទៅ​កន្លែង​ផ្សេង​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា នៅ​ថ្ងៃទី​២៣ ខែសីហា បាន​សម្តែង​ការគាំទ្រ​លោក ហេង សួរ ដែល​ទើប​តែងតាំង​ថ្មី បាន​ចុះ​ជួប និង​ហូប​អាហារ​ជាមួយ​កម្មករ​កម្មការិនី​នៅពេលនេះ​។​ លោក​ថា នេះ​ជាការ​បង្ហាញ​ពី​ភាព​ស្និទ្ធ​ស្នាល និង​ការយកចិត្តទុកដាក់ ជួយ​ទៅ​លើក​កម្មករ​កម្មការិនី ស្រប​ពេលដែល​វិស័យ​មួយ​នេះ កំពុងតែ​ជួប​បញ្ហា​ប្រឈម​មួយចំនួន​។​

​លោក ប៉ាវ ស៊ីណា ថ្លែងថា សកម្មភាព​របស់​រដ្ឋ​មន្ត្រី​ថ្មី​រូបនេះ នៅពេលនេះ នឹង​បន្តធ្វើ​ថែមទៀត នៅពេល​បន្តបន្ទាប់​ទៀត ដើម្បី​បង្ហាញ​ភាពកក់ក្តៅ និង​ការយ​ចិត្ត​ទុកដាក់​ជួយ​ដោះស្រាយ​លើ​កម្មករ​កម្មការិនី​ដែល​ជួប​បញ្ហា​អត់​ការងារ​ធ្វើ និង​ការរំលោភបំពាន​ការងារ​ផ្សេងៗ​ទៀត​។

​លោក ប៉ាវ ស៊ីណា បាន​ថ្លែងថា​៖ «​វា​ជា​ឱកាស​មួយ​ដើម្បីឱ្យ គាត់ (​ហេង សួរ​) បាន​ស្វែ​ងយល់​ពី​ស្ថានភាព​របស់​បងប្អូន​ក​ម្មករ និង​ប្រមូលយក​នូវ​បញ្ហា​ផ្សេងៗ​របស់​កម្មករ យកមក​ដោះស្រាយ នៅពេលដែល​មានការ​ស្នើ​សុំ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​វា​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល និង​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ក្រសួង និង​បងប្អូន​កម្មការិនី​ដោយផ្ទាល់​ដែរ​»៕