ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ដែលទើបទទួលបានព្រះរាជក្រឹត្យតែងតាំងលោក ប៉េង ពោធិ៍នា បានប្តេជ្ញា យកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលបានរៀនសូត្រនិងចូលរួមអនុវត្ត ពីថ្នាក់ដឹកនាំជារៀមច្បង អស់រយៈពេលជាង ៧ ឆ្នាំ ក្នុងវិស័យនេះ ដើម្បីបន្តអភិវឌ្ឍឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើន បន្ថែមទៀត។
យោងតាមក្រសួងសាធារណការ លោក ប៉េង ពោធិ៍នា បានលើកឡើងនៅថ្ងៃទី២៣ សីហា ថា៖ «ក្នុងនាមជារដ្ឋមន្ត្រីបន្តវេន១រូប ខ្ញុំប្ដេជ្ញាយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលបានរៀនសូត្រ និងចូលរួមអនុវត្ត ពីថ្នាក់ដឹកនាំជារៀមច្បង អស់រយៈពេលជាង ៧ឆ្នាំ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មកប្រើប្រាស់ឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្ត ដើម្បីបន្តអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើន បន្ថែមទៀត»។
លោកបានបន្តថា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោតលើគោលនយោបាយអាទិភាព សម្រាប់ការអភិវឌ្ឍចំនួន ៥ចំណុច រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដើម្បីប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត។
ជាមួយគ្នានោះ លោកក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ដ្រីរាជការក្រសួង នឹងខិតខំយកអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាព ចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនីតិកាលទី៧ ប្រកបដោយឆន្ទៈមោះមុត ភាពបុរេសកម្ម និងអន្តរសកម្ម ដើម្បីសហការគ្នាជាធ្លុងមួយ សម្រេចឱ្យបាននូវសមិទ្ធផលការងារថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ជូនរាជរដ្ឋាភិបាល និងជាប្រយោជន៍ដល់សាធារណជន។
ជុំវិញបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា លោកមើលឃើញរដ្ឋមន្ត្រីថ្មីស្ទើរតែគ្រប់ក្រសួង បានបង្ហាញនូវការប្តេជ្ញា និងសន្យាអនុវត្តការងារ ឱ្យមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពតែទោះជាយ៉ាងណារដ្ឋមន្ត្រីបន្តវេន ដែលត្រូវបានតែងតាំងទាំងអស់នាពេលថ្មីៗនះ ខុសពីជំនាន់មុនដែលចាប់ផ្តើមឡើងដោយគ្មានហេដ្ឋារចនាសម្ព័ន្ធសង្គម និងធនធានមនុស្ស អ្វីទាល់តែសោះ។
លោកបាននិយាយថា៖ «ឥឡូវនេះ គាត់ (រដ្ឋមន្ត្រីបន្តវេន)ចាប់ផ្តើមពីអ្វីៗដែលមាន រួមទាំងធនធានខ្លួនឯងក៏មាន រួមទាំងមានអ្នកនយោបាយចង្អុលបង្ហាញទៅទៀត។ អ៊ីចឹង បើគាត់ធ្វើត្រឹមតែស្មើនឹងអ្នកនយោបាយជំនាន់មុន ក៏មានន័យថា គាត់អន់ដែរ។ ដូច្នេះ ត្រូវតែធ្វើឱ្យលើស ធ្វើឱ្យល្អ និងដើរលឿនជាង ព្រោះពួកគាត់មានខ្នងបង្អែករឹងមាំទាំងធនធាន ទាំងអ្នកគូសវាសរបស់អ្នកនយោបាយមុនៗ»។
លោក យង់ ពៅ បានបញ្ជាក់ទៀតថា ការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រីបន្តវេននីមួយៗ គឺជារឿងល្អហើយ ប៉ុន្តែ សូមឱ្យការតាំងចិត្តទាំអស់នោះ ឱ្យកើតមានជារូបរាងពិតប្រាកដ ជាពិសេសលោកសង្ឃឹមថា គណៈរដ្ឋមន្ត្រីថ្មី នៅក្នុងអាណត្តិទី៧ នេះ នឹងធ្វើដំណើរយ៉ាងស្វាហាប់ដឹកនាំប្រទេសកម្ពុជា ឱ្យរួចផុតពីប្រទេសក្រីក្រទៅជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។
សូមបញ្ជាក់ថា លោក ប៉េង ពោធិ៍នា ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានគេស្គាល់ថា ជាកូនប្រុសលោកស្រី ម៉ែន សំអន អតីតឧបនាយករដ្ឋមន្រ្តី និងអតីតរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
លោក ប៉េង ពោធិ៍នា មុនឡើងមកជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនជំនួសលោក ស៊ុន ចាន់ថុល លោកក៏ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការនៅក្រសួងនេះអស់រយៈពេល ៧ ឆ្នាំមកហើយផងដែរ៕