ភ្នំពេញៈ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាលោក ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមលើនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងថៃ ថា នឹងធ្វើការរួមគ្នាក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ទ្វេដងថែមទៀត បន្ទាប់ពី ប្រទេសទាំង ២ បោះឆ្នោតគាំទ្រនាយករដ្ឋមន្ត្រីថ្មីរៀងៗខ្លួននៅចំថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ដូចគ្នា។
លោក ហ៊ុន សែន បានសរសេរលើប្រព័ន្ធតេឡេក្រាមរបស់លោកនៅយប់ថ្ងៃទី ២២ ខែសីហា ក្រោយពេលលោកហ៊ុន ម៉ាណែត ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាជាផ្លូវការ ខណៈនៅប្រទេសថៃវិញសភារបស់គេក៏បានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃផងដែរ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេស ២ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជានិងថៃ) ទទួលបាននាយករដ្ឋមន្ត្រីថ្មីក្នុងថ្ងៃតែមួយ។ បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ»។
លោកបានបន្តថា៖«ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រីថ្មីទាំង ២ នឹងធ្វើទំនាក់ទំនងជាមួយគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំង ២ ឱ្យរីកចម្រើនទ្វេដងបន្ថែមទៀត»។
ថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីថ្មីទាំង ២ កម្ពុជា-ថៃ, លោកហ៊ុន ម៉ាណែត និងលោក Srettha Thavisin បានសន្ទនាតាមទូរស័ព្ទជាមួយគ្នាផងដែរដែលលោកទាំង ២ បានអបអរសាទរគ្នាទៅវិញទៅមក ខណៈលោក Srettha Thavisin បញ្ជាក់ក្នុងកិច្ចសន្ទនានេះថា លោកហ៊ុន ម៉ាណែត ជាបុគ្គលទី១ ដែលបានអបអរសាទរចំពោះលោក បន្ទាប់ពីរូបលោកក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ។
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីថ្មីទាំង ២ ក៏បានប្តេជ្ញាចិត្ត ពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២បន្ថែមទៀតផងដែរ។ពាក់ព័ន្ធនឹងបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យ សភាកម្ពុជា បានថ្លែងពីការមើលឃើញសញ្ញាវិជ្ជមានលើទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ នៃរដ្ឋាភិបាលថ្មីទាំង ២ តាមរយៈសាររបស់លោកហ៊ុន សែន និងកិច្ចសន្ទនារវាងលោក ហ៊ុន ម៉ាណែត និងលោក Srettha Thavisin។
លោកបានបន្ដថា ទំនាក់ទំនងក្នុងកម្រិតបុគ្គល,ទំនាក់-ទំនងនៃរវាងគណបក្សកាន់អំណាចពោលគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ និងទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសទាំង ២ សបញ្ជាក់អំពីសញ្ញាវិជ្ជមាននៃទំនាក់ទំនងប្រទេសទាំង ២ ទៅថ្ងៃមុខ។
លោក គិន ភា បានបន្ថែមថា កន្លងមកទំនាក់ទំនងប្រទេសទាំង ២ មានទាំងការស្អប់ និងការស្រឡាញ់នៅលាយឡំគ្នា ដោយពេលខ្លះមានភាពរកាំរកូស ខ្លះក៏ត្រូវរ៉ូវគ្នា ដោយសារការប្រែប្រួលនយោបាយផ្ទៃក្នុងនៅប្រទេសថៃ។
ទោះជាយ៉ាងណា លោក គិន ភា បានបញ្ជាក់ថា៖ «ខ្ញុំយល់ថាទំនាក់ទំនងប្រទេសទាំង ២ នឹងមានភាពប្រសើរឡើងក្រោមការដឹកនាំដោយរដ្ឋាភិបាលថ្មីនៃប្រទេសទាំង ២។ ប្រសិនបើមានការប្រែប្រួលនយោបាយផ្ទៃក្នុងនៅថៃវាក៏អាចជះឥទ្ធិពលដល់កម្ពុជាផងដែរ ប្រសិនបើមានការប្រឆាំងពីក្រុមអាវលឿងឬក្រុមយោធាណាមួយផ្ទុះឡើង»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ រដ្ឋសភាកម្ពុជាបានអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីក្រោមការដឹកនាំដោយលោក ហ៊ុន ម៉ាណែត ខណៈនៅក្នុងប្រទេសថៃវិញសភាថៃបានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថៃថ្មីផងដែរ ហើយក៏ស្របពេលដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា វិលត្រឡប់ចូលប្រទេសវិញផងដែរ៕