ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថ្មី បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងប្រកាសបន្តអនុវត្តកំណែទម្រង់ដែលដាក់ចេញដោយលោក ប្រាក់ សុខុន ក្នុងនោះនឹងបន្តអនុវត្តតាមការសម្រេចរបស់សន្និបាតបូកសរុបការងារឆ្នាំ ២០២២ និងលើកទិសដៅ ២០២៣ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ការប្រកាសគាំទ្ររបស់លោក សុខ ចិន្តាសោភា នេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលរវាងលោកជាមួយថ្នាក់ដឹកនាំរួមមានលោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីការបរទេស ព្រមទាំងមន្ត្រីក្រសួងនេះនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣។
លោក សុខ ចិន្តាសោភា បានថ្លែងថា ការគាំទ្រនិងអនុវត្តការកំណែទម្រង់នោះរួមមាន បន្តពង្រឹងដំណើរការ ដើម្បីបង្កើតសមិទ្ធផលថ្មីៗរបស់វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ជាពិសេសបន្តយកចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សខាងវិស័យការទូតដើម្បីកសាងឱ្យបានមន្ត្រីមានសមត្ថភាពខ្លាំង ស្អាតស្អំ វៃឆ្លាត និងផ្តោតទៅលើប្រយោជន៍ជាតិ។
លោកមានប្រសាសន៍ថា៖ «ជំរុញការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ននិងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រសួងចាំបាច់នានាទាំងផ្នែករឹងនិងផ្នែកទន់ ដូចជាជំរុញសំណើគម្រោងសាងសង់អគារធ្វើការបន្ថែមតាមការចាំបាច់, ពង្រីកសមត្ថភាពស្ថាប័នដោយបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមន្ត្រីតាមដំណាក់កាលនិងផ្តល់ការលើកទឹកចិត្តចំពោះបុគ្គលដែលមានសមត្ថភាពនិងទេពកោសល្យ»។
លោក សុខ ចិន្តាសោភា បានបន្តថា ការងារកំណែទម្រង់មួយទៀតនោះគឺបន្តជំរុញការស្នើសុំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តឡើងវិញនូវការពិនិត្យដំឡើងប្រាក់បៀវត្សរ៍មន្ត្រីការទូត និងបុគ្គលិកនានាដែលបម្រើតាមស្ថានបេសកកម្មនៅក្រៅប្រទេសរៀងរាល់២ឆ្នាំម្តងដើម្បីអាចឆ្លើយតបសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង។
លោកបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានឹងបន្តដំណើរការក្នុងបរិបទនៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងយោធារវាងមហាអំណាចធំបំផុតទាំង ២ ដែលមានភាពតានតឹងខ្លាំងឡើងៗ។ ដូចនេះនៅក្នុងស្ថានការណ៍អន្តរជាតិវិវត្តបត់បែន ប្រែប្រួល យ៉ាងស្មុគស្មាញនិងឆាប់រហ័សនេះ»។
នាឱកាសនោះដែរ អតីតរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានបង្ហាញពីភាពក្តុកក្តួលដោយលោកបានលើកឡើងថា នេះជាពេលវេលាដ៏រំជួលចិត្តបំផុតមួយសម្រាប់លោកផ្ទាល់ក្នុងរយៈពេលជាង ៤៤ ឆ្នាំ ដែលលោកធ្វើការជូនរដ្ឋនិងក្រោយ ៧ ឆ្នាំជារដ្ឋមន្ត្រីការបរទេស។លោកបាន
បញ្ជាក់ថា៖ «វាជាច្បាប់ធម្មជាតិដែលអ្វីៗតែងតែមានការចាប់ផ្តើមនិងការបញ្ចប់ទៅវិញ។ជាកិត្តិយសខ្ពង់ខ្ពស់ណាស់ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ឱ្យខ្លួនខ្ញុំនូវបេសកកម្មដ៏ថ្លៃថ្នូរបំផុតក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាជនយើងលើសមរភូមិការទូតនានានៅក្នុងតំបន់និងពិភពលោក»។
លោក ប្រាក់ សុខុន បានបន្ថែមថា ក្នុងអាណត្តិរបស់លោក ការងារធំៗទាំង ៥ ដែលលោកបានបំពេញរួមមាន ការការពារផលប្រយោជន៍គោលរបស់ជាតិ ជាពិសេសការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងកិត្យានុភាពរបស់កម្ពុជា;ការអនុវត្តគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិប្រកបដោយភាពបត់បែន វាងវៃ ឆ្លើយតបទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយដ៏តានតឹងស្មុគស្មាញ។
លោកបានបន្តថា ការចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព មនុស្សធម៌ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅក្នុងពិភពលោក;ការអនុវត្តការងារការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ច និងចុងក្រោយគឺការបន្តការដ្ឋានកំណែទម្រង់ស្ថាប័ននៅក្នុងក្រសួងដើម្បីរៀបចំអង្គអ្នកការទូតប្រកបដោយវិជ្ជាជីវៈ សកម្ម មានសមត្ថភាព និងស្នេហាជាតិ។
ក្នុងពិធីសំណេះសំណាលនោះដែរ លោក សុខ ចិន្តាសោភា បានប្តេជ្ញាចិត្តថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្តបំពេញភារកិច្ច និងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះតាមគន្លងធម៌ក្នុងមនសិការស្នេហាជាតិដ៏ស្មោះស្ម័គ្រដើម្បីបុព្វហេតុជាតិមាតុភូមិ ដោយនឹងខិតខំស្វែងយល់ពីយុទ្ធសាស្ត្រការទូតបទពិសោធន៍ដ៏សន្ធឹកសន្ធាប់និងការធ្វើសេចក្តីសម្រេចដ៏វាងវៃ និងត្រងត្រាប់អនុវត្តតាមដំបូន្មានលោកហ៊ុន សែន និងស្របតាមការចង្អុលបង្ហាញណែនាំនិងអនុសាសន៍ដឹកនាំរបស់លោកហ៊ុន ម៉ាណែត ដែលមានចំណេះដឹង និងបទពិសោធន៍ដឹកនាំ ផ្នែកយោធាផងដែរ៕