ភ្នំពេញៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំវេទិកាការងារនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ ដែលតាមរយៈវេទិកានេះនឹងអាចផ្តល់ឱកាសការងារជិត ៨០០ កន្លែងសម្រាប់យុវជនកម្ពុជា។
លោក ឆោម សុឃឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ២៣ ខែសីហាថា ឱកាសការងារសរុបចំនួន ៧៩៩ កន្លែង ពីក្រុមហ៊ុនធំៗចំនួន ១០ នឹងត្រូវបានផ្តល់ជូនយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារនាថ្ងៃទី ២៤ ខែសីហា។
លោកបានថ្លែងថា៖ «វេទិកានេះបានផ្ដល់ឱកាសដល់សាធារណជន ក៏ដូចជាដល់យុវជនដែលចង់ស្វែងរកការងារធ្វើតាមរយៈស្ថាប័នរដ្ឋ ដោយមិនពិបាកដើរស្វែងរកការងារ ចំណាយពេលធ្វើដំណើរទៅដាក់ CV នៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្នកដែលមានការងារធ្វើហើយ ចង់ផ្លាស់ប្ដូរការងារ ក៏អាចចូលរួមបានផងដែរ»។
លោកជឿជាក់ថា នឹងមានអ្នកមកដាក់ពាក្យរកការងារច្រើន ព្រោះមានក្រុមហ៊ុនធំៗដល់ទៅ ១០ ក្រុមហ៊ុន ហើយមុខតំណែងក៏មានច្រើនទៀត»។
លោក ឆោម សុឃឿន ក៏បានបញ្ជាក់ដែរថា NEA បានរួមចំណែកជួយដល់និយោជកដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកឱ្យបានជួបអ្នកដែលកំពុងស្វែងរកការងារធ្វើជាច្រើនមកហើយ។ ហេតុនេះ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុនទាំងនោះបាននៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាមួយគ្នានេះ លោក នៅ សិទ្ធី មន្ត្រីធនធានមនុស្ស ធនាគារកាថេយូណៃធីត ដែលជាតំណាងក្រុមហ៊ុនចូលរួមក្នុងវេទិកានេះបានថ្លែងថា វេទិកាការងាររបស់ NEA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមហ៊ុនកន្លងមកក្នុងការជ្រើសរើសបុគ្គលិក។
លោកបានបញ្ជាក់ថា៖ «កម្មវិធីនេះបានផ្តល់ឱកាសដល់ខាងក្រុមហ៊ុនបានជួបផ្ទាល់ជាមួយនឹងអ្នកស្វែងរកការងារធ្វើឬអ្នកចង់ផ្លាស់ប្តូរការងារជាដើម ហើយកន្លងមកធនាគារកាថេ ធ្លាប់បានសហការជាមួយនឹង NEA ជាច្រើនលើកច្រើនសារួចមកហើយដែរ ហើយជាលទ្ធផលធនាគារទទួលបានបុគ្គលិកជាច្រើនរូបបាននិងកំពុងបម្រើការងារជាមួយធនាគារផងដែរ»។
សូមបញ្ជាក់ថា ក្រុមហ៊ុនធំៗទាំង ១០ ដែលនឹងចូលរួមវេទិកាការងារនៅថ្ងៃទី ២៤ ខែសីហារួមមាន ធនាគារ WOORI BANK,ធនាគារកាថេ យូណៃធីត,ក្រុមហ៊ុន Land & Home, ក្រុមហ៊ុន Forte Life insurance, ក្រុមហ៊ុន MR Training,ក្រុមហ៊ុន GEOLINK, ធនាគារ ឯកទេស AEON, ក្រុមហ៊ុន DDD, ក្រុមហ៊ុន JACCS និងក្រុមហ៊ុន Kofi៕