ភ្នំពេញៈ មេដឹកនាំនៃបណ្តាប្រទេសផ្សេងៗបានផ្ញើលិខិតបន្តបន្ទាប់គ្នាថ្លែងសាទរ និងបង្ហាញនូវឆន្ទៈនយោបាយបន្តកិច្ចសហ ប្រតិបត្តិការជាមួយ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានជាប់ឆ្នោតកាលពីខែកក្កដា ហើយសមាជិករដ្ឋសភាបានបោះឆ្នោតដោយឯកច្ឆន្ទផ្ដល់សេចក្ដីទុកចិត្ត កាលពីថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២៣។
មេដឹកនាំទាំងនោះមាន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋទុយនីស៊ី, ប្រធានាធិបតីនៃសាធារណរដ្ឋហ្គាណា,នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស, ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ, នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ, នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន រដ្ឋមន្ត្រីការបរទេសសិង្ហបុរី, ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី, នាយករដ្ឋមន្ត្រីសិង្ហបុរី, នាយករដ្ឋមន្ត្រីផុតអាណត្តិនៃព្រះរាជាណាចក្រថៃ នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី, នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស, នាយករដ្ឋមន្ត្រីជប៉ុន, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត, នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងថ្នាក់ដឹកនាំប្រទេសផ្សេងៗទៀត។
យោងតាមលិខិតទាំងនោះមាន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ បានសម្តែងការអបអរសាទរចំពោះការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចាប់ផ្ដើមរាជរដ្ឋាភិបាលថ្មី។
យោងតាមលិខិតនេះ លោក ហ្វូមីអូ បានឱ្យដឹងថា៖ «កម្ពុជា និងជប៉ុនបានកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ តាមរយៈកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ការស្តារឡើងវិញ និងការអភិវឌ្ឍកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។
លោកបានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនត្រឹមតែទំនាក់ទំនងសេដ្ឋកិច្ចរបស់ជប៉ុន និងកម្ពុជាត្រូវបានពង្រឹងប៉ុណ្ណោះទេ ប៉ុន្តែកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថ្មីៗដូចជា សន្តិសុខ ឌីជីថល និងបណ្តាញគមនាគមន៍ជាដើមក៏កំពុងមានការរីកចម្រើនផងដែរ។
លោក ហ្វូមីអូ គីស៊ីដា បានបញ្ជាក់ថា៖ «ខ្ញុំមានបំណងសហការជាមួយឯកឧត្តមដើម្បីធ្វើការជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើឆាកតំបន់ និងអន្តរជាតិ ព្រមទាំងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
លើសពីនេះ ទាក់ទងទៅនឹងលទ្ធិប្រជាធិបតេយ្យប្រទេសជប៉ុននឹងបន្តពិភាក្សាដោយស្មោះត្រង់ និងសហការជាមួយភាគីពាក់ព័ន្ធជាច្រើននៅកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់កម្ពុជាផងដែរ។
លិខិតលោក មីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា ក៏បានឱ្យដឹងថា៖ «ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម ចំពោះការតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
លោកបានបន្តថា ក្នុងរយៈពេល ៦ ទសវត្សរ៍នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរបស់មីយ៉ាន់ម៉ា និងកម្ពុជាបានរក្សាបានទំនាក់ទំនងជិតស្និទ្ធ ការយល់ដឹង និងការជឿទុកចិត្តគ្នា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំង ២។
យោងតាមលិខិតនេះ លោក មីន អ៊ុងឡាំង បញ្ជាក់ថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំ និងការណែនាំប្រកបដោយចក្ខុវិស័យរបស់ឯកឧត្តម កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងមីយ៉ាន់ម៉ា និងកម្ពុជា នឹងត្រូវបានពង្រឹងបន្ថែមទៀតលើវិស័យផ្សេងៗ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជាតិ និងប្រជាជនយើងទាំង ២ នៅឆ្នាំខាងមុខៗទៀត»។
យោងតាមលិខិត លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ប្រទេសចិន និងកម្ពុជា ដែលជាអ្នកជិតខាងដែលមានទំនាក់ទំនងមិត្តភាពប្រពៃណីចាក់ឫសយ៉ាងស៊ីជម្រៅ ឥឡូវនេះកំពុងឈានចូលយុគសម័យថ្មីនៃការកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ជាមួយនឹងអនាគតរួមគ្នា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំប្រទេសទាំង ២។
លោក វ៉ាង យី បញ្ជាក់ថា៖ «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយឯកឧត្តម ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសយើងទាំង ២ សម្រេចបាន និងការជំរុញយុទ្ធសាស្ត្រឱ្យកាន់តែទូលំទូលាយទៀត»។
លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ ថា សារលិខិតនៃមេដឹកនាំទាំងនោះបានបញ្ជាក់ពីជំនឿ និងការទុកចិត្តលើរដ្ឋាភិបាលថ្មីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊ុន ម៉ាណែត និងសមាជិករដ្ឋាភិបាលថ្មី គឺជាក្រុមបញ្ញវន្ត និងជាអ្នកដឹកនាំដែលពោរពេញដោយសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ការងារច្រើនជាមួយបរទេស។ លោកថា៖ «ដូចនេះការរឹតចំណងមិត្តភាព និងការស្តារទំនាក់ទំនងជាមួយមិត្តបរទេស ជាកត្តាដ៏សំខាន់ដើម្បីឱ្យកម្ពុជាទទួលបានការគាំទ្រ បង្កើនទំនុកចិត្ត ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជំរុញសកម្មភាពវិនិយោគ និងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ»។
លោកថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នេះគឺជាចំណុចរបត់នយោបាយកម្ពុជាសម័យទំនើប ដែលបានគូសវាស និងជំរុញបន្ថែមពីថ្នាក់ដឹកនាំសម័យមុន ហើយកម្ពុជាត្រូវតែបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបរទេស ដើម្បីប្រយោជន៍ជាតិទាំងមូល ជាពិសេសការអភិវឌ្ឍធនធានមនុស្ស ការកែសម្រួល និងពង្រឹងសមត្ថភាពកសាងស្ថាប័ន វិស័យសេដ្ឋកិច្ច យោធា និងសន្តិសុខ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងធ្វើទំនើបកម្មឧស្សាហកម្ម ដើម្បីសម្រេចបានគោលដៅជាតិ ២០៣០ និង ២០៥០៕