ក្រចេះៈ រដ្ឋបាល​ជលផល​ខេត្តក្រចេះ បានប្រកាស​ពី​ការ​ប្រទះឃើញ​កូន​ផ្សោត​កើត​ថ្មី ​១ ​ក្បាល​បន្ថែមទៀត ស្ថិតនៅ​អន្លង់​ផ្សោត​កាំ​ពី ដែលមាន​អាយុកាល​ប្រមាណ​ជា​ ២ ​សប្ដាហ៍ ដោយ​នេះ ជា​កូន​ផ្សោ​តទី​៦ ​ហើយ ដែល​ត្រូវបាន​កត់ត្រា​នៅក្នុង​ឆ្នាំ​ ២០២៣​ នេះ​។

​យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​នៅ​ថ្ងៃទី ​២៣ ខែសីហា ឆ្នាំ​ ២០២៣ ​ថា រដ្ឋបាល​ជលផល​ខេត្តក្រចេះ ប្រកាស​ពី​ការ​ប្រទះ​​ឃើញ​កូន​ផ្សោត​កើត​ថ្មី​ ១ ​ក្បាល​ទៀត ដែលមាន​អាយុប្រមាណ​ជា​ ២​ សប្តាហ៍ ស្ថិតនៅត្រង់​ចំណុចដើម​ក្តុល ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រែក​គ្រៀង ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​ថ្ងៃទី​ ២១ ខែសីហា ឆ្នាំ​ ២០២៣​។​

​ក្រសួង​លើកឡើង​ទៀតថា ការប្រទះឃើញ​នេះ ត្រូវបាន​រាយការណ៍​ដោយ​អ្នកបើកបរ​ទូក​ទេសចរណ៍​នៅ​អន្លង់​ផ្សោត​កាំ​ពី ក្នុងពេល​កំពុង​ជូន​ភ្ញៀវ​ទេសចរ​មើល​សត្វ​ផ្សោត​។​

​ភ្លាមៗ​បន្ទាប់ពី​បានទទួល​សេចក្ដីរាយការណ៍ មន្ត្រីប៉ូលិស​ទេសចរណ៍​ប្រចាំ​នៅ​រមណីយ​​ដ្ឋា​ន​អន្លង់​ផ្សោត​កាំ​ពី និង​ក្រុម​​ការងារ​អង្គការ WWF ប្រចាំខេត្ត​ក្រចេះ បាន​ចុះទៅពិនិត្យ និង​ស្វែងរក​កូន​សត្វ​ផ្សោត​នោះ ហើយ​ក៏បាន​ប្រទះឃើញ​កូន​ផ្សោត​នោះ កំពុង​ហែល​ទឹក​លេង​នៅក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ប្រមាណ​ជា​ ៧ ​ក្បាល​។​

​លោក​ សេង ទៀក នាយក​​ប្រតិបត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្ម​​ជាតិ WWF បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៣ ខែសីហា​ថា វត្ត​មានកូន​ផ្សោត​ទើប​កើត​ថ្មី​នេះ វា​កើតឡើង ពី​ការខិតខំ​រួមគ្នា​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្រោម​ការចង្អុលបង្ហាញ​របស់​រាជរដ្ឋាភិបាល ជាមួយនឹង​ក្រសួងកសិកម្ម ហើយនឹង​រួម​មាន​កិច្ចសហការ​ជាមួយ​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​ផង​​ដែរ​។

​លោក​ថា ការខិតខំ​ប្រឹង​​ប្រែង​រួម​គ្ន​នេះ វា​ពិតជា​បាន​ផល និង​ទទួលបាន​ប្រសិទ្ធភាព​ពិតមែន ជាពិសេស​ទៅលើ​ការងារ​បង្ក្រាប​ការ​ប្រើប្រាស់​ឧបករណ៍​ឆក់ និង​មង​នេសាទ​ជាដើម​។ លោក សេង ទៀក ថ្លែងថា​៖ «​ក្នុងនាម​យើង​ជា​អ្នក​អភិរក្ស និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋា​ភិ​បាល កំណត់ត្រា​កូន​ផ្សោត​កើត​ថ្មី​នេះ គឺជា​ព័ត៌មាន​ល្អ លើកទឹកចិត្ត និង​ផ្តល់​ក្តីសង្ឃឹម​»​។​

​លោក​បានឱ្យដឹង​ទៀត កូន​ផ្សោត​ដែល​ទើបនឹង​កើត​នេះ គឺជា​កូន​ផ្សោ​តទី​ ៦ ​ហើយ​ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ​ ២០២៣ ចាប់ពី​ខែមករា រហូតដល់ ខែសីហា​នេះ​។ បើ​ប្រៀបធៀប​រយៈ​ពេល​ដូចគ្នា​លើ​កំណើត​កូន​ផ្សោត​ក្នុង​ឆ្នាំ ​២០២២ កំណត់ត្រា​ផ្សោត​កើត មានការ​កើនឡើង​ប្រហែល ២០​ ភាគ​រយ ស្រប​ពេលដែល​អត្រា​ស្លាប់មាន​ការថយចុះ​ប្រមាណ ៥៧ ភាគរយ​។​

​លោក សេង ទៀក បញ្ជាក់ដែរថា ៖ «​ដូច្នេះ​ផ្សោត​កើត​ក្នុង​ ២០២២ ចាប់ពី​ខែមករា រហូតដល់ ខែសីហា មាន​ចំនួន ៥ ​ក្បាល និង​ស្លាប់​ចំនួន ៧​ ក្បាល ចំណែក​ផ្សោត​កើត​ក្នុង ​២០២៣​ នេះ ចាប់ពី​ខែមករា រហូតដល់ ខែសីហា មាន​ចំនួន ៦​ ក្បាល និង​ស្លាប់​ចំនួន ៣​ ក្បាល​»៕