ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា ក្រសួងតែងតែយកចិត្តទុកដាក់ និងពង្រឹងលើការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស ពិសេសបានដាក់បញ្ចូលមូលដ្ឋានគ្រឹះចរាចរណ៍តាមរយ:កម្មវិធីសិក្សាគោលតាមមុខវិជ្ជាផងដែរ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជា និងភាគីកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាព នៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា»។
លោកថ្លែងថា៖ «ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសតាមរយ:គណៈកម្មការអន្តរក្រសួងដើម្បីពង្រឹងការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលជាក់ស្តែង ក្រសួងបាននិងបន្តកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងអង្គការដៃគូរៀបចំការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងកម្មវិធីសិក្សាតាំងពីឆ្នាំ២០០៤មកម្ល៉េះ បន្ថែមលើខ្លឹមសារដែលបានបញ្ជ្រាបពីមុនមក»។
សម្រាប់កម្មវិធីសិក្សាកម្រិតមត្តេយ្យកន្លងមក ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជ្រាបសញ្ញាណចរាចរណ៍ខ្លះៗដល់កុមារមត្តេយ្យហើយចាប់ពីឆ្នាំ២០២២ ក្រសួងអប់រំក៏បានបញ្ចូលមូលដ្ឋានគ្រឹះចរាចរណ៍តាមរយ:កម្មវិធីសិក្សាគោលតាមមុខវិជ្ជាដូចជាឱ្យកុមារស្គាល់សញ្ញាចរាចរណ៍ សញ្ញាភ្លើងចរាចរណ៍ រួមទាំងបទចម្រៀង រឿងនិទាន និងការសន្ទនាពីចរាចរណ៍ជាដើម។នេះបើតាមលោក រស់ សុវាចាបញ្ជាក់។
ប្រភពដដែលបានបន្តថា បច្ចុប្បន្ន ខ្លឹមសារក្នុងសៀវភៅបន្ថែមនេះបានបញ្ចូលពេញលេញទៅក្នុងសៀវភៅសិក្សាគោលដែលសិស្សកំពុងរៀនសព្វថ្ងៃពីថ្នាក់ទី១ដល់ថ្នាក់ទី៦រួចហើយ។ ចំណែកឯមធ្យមសិក្សាពីថ្នាក់ទី៧ដល់ទី៩នៅប្រើសៀវភៅបន្ថែម «ការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក» បន្ថែមលើខ្លឹមសារដែលបានបញ្ជ្រាបខ្លះពីមុន។ ចំណែកឯការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ថ្នាក់ទី១០ដល់១២ ធ្វើឡើងជាវេទិកាផ្សព្វផ្សាយ ដោយសហការជាមួយដៃគូការងារ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រាប់ថា មន្ទីរអប់រំតែងតែអញ្ជើញនាយកនៅតាមគ្រឹះស្ថានសិក្សានានាចូលរួមប្រជុំផ្សព្វផ្សាយ និងណែនាំបន្តទៅកាន់សិស្សានុសិស្សនៅពេលប្រជុំនាពេលគោរពទង់ជាតិ ជាពិសេសឱ្យការពារសុវត្ថិភាពនៅពេលធ្វើដំណើរដោយខ្លួនឯង និងធ្វើដំណើរជាមួយអាណាព្យាបាល។
លោក ថ្លែងថា នៅតាមបណ្តាគ្រឹះស្ថានសិក្សានានាក៏បានណែនាំឱ្យសិស្សានុសិស្សបានយល់ពីច្បាប់ចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍ផងដែរ ជាពិសេសបានជំរុញឱ្យពួកគាត់ពាក់មួកសុវត្ថិភាព ឱ្យបានគ្រប់គ្នានៅពេលធ្វើដំណើរ ប៉ុន្តែសិស្សខ្លះហាក់មិនសូវបានយកចិត្តទុកដាក់លើបញ្ហានេះនៅឡើយ។
លោកបានបញ្ជាក់ថា៖ «សាលានៅតាមដងផ្លូវសំខាន់ៗ ដែលមានយានយន្តប្រើប្រាស់ល្បឿនលឿន ដូចជាផ្លូវ ៦អា និងផ្លូវជាតិលេខ១ ជាដើមហ្នឹងយើងបានណែនាំឱ្យនាយកសាលារៀបចំការងារ មានគ្រូដឹកនាំ និងក្រុមកាកបាទក្រហម ដាក់ស្លាក់សញ្ញាចរាចរណ៍ បិទដើម្បីឱ្យគាត់អាចឆ្លងផ្លូវឬធ្វើដំណើរបាន»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា ថ្លែងថា ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់សិស្ស និស្សិត និងយុវជន ឬនិយាយបែបម្យ៉ាងទៀតថា ការពារអនាគតសសរទ្រូង ជាអ្នកបន្តវេន និងជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ពីគ្រោះថ្នាក់ចរាចរណ៍ គឺជាការការពារការខាតបង់សម្រាប់ទាំងអស់គ្នា ជាពិសេសការពារការខាតបង់របស់មាតាបិតា អាណាព្យាបាល សហគមន៍ រាជរដ្ឋាភិបាល និងសង្គមទាំងមូល។
លោកបានថ្លែងថា៖ «ការចូលរួមជាមួយយើងខ្ញុំក្នុងការការពារយុវជន និងសិស្ស-និស្សិតពីហានិភ័យនានា ជាពិសេសពីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីការពារសិទ្ធិរស់រានមានជីវិតរបស់ពួកគាត់ ដែលជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សគ្រប់រូប នឹងជួយដល់ពួកគាត់ឱ្យទទួលបាននូវឱកាសពេញលេញក្នុងការចូលរួមកសាង និងអភិវឌ្ឍសង្គមជាតិកម្ពុជា»។
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះMoUជាមួយនឹងភាគីកូរ៉េ ដែលនឹងផ្ដល់ឱកាសដល់ភាគីទាំង២អាចមានមូលដ្ឋានគ្រឹះក្នុងការរៀបចំឯកសារសំណើគម្រោងពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាព «នៅតំបន់សាលារៀន ក្នុងប្រទេសកម្ពុជា ដើម្បីស្នើសុំការគាំទ្រជាជំនួយពីរដ្ឋាភិបាលកូរ៉េ»។
គម្រោងនេះនឹងផ្ដោតលើការបណ្ដុះបណ្ដាលកុមារ ការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការបង្កើតឱ្យមានមជ្ឈមណ្ឌលអប់រំសុវត្ថិភាពចរាចរណ៍ ការបង្កើតឱ្យមានតំបន់សាលារៀន (Safe School Zone) និងការរៀបចំឱ្យមានក្រុមការងារស្ម័គ្រចិត្តចុះជួយលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាដើម៕