ភ្នំពេញៈការវាយបកយកឈ្នះក្រុមលីគកំពូលរបស់សិង្ហបុរី Tampines Rovers FC ៣-២ ក្នុងវគ្គជម្រុះនៃពានរង្វាន់ AFC Cup របស់ក្រុមភ្នំពេញក្រោន បានក្លាយជាលទ្ធផលកំណត់ត្រា ដែលបង្កការភ្ញាក់ផ្អើលខ្លាំង សម្រាប់អ្នកគាំទ្របាល់ទាត់ នៅក្នុងតំបន់ជាពិសេសអ្នកគាំទ្រកម្ពុជា ព្រោះការរកបាន៣គ្រាប់ជាប់ៗគ្នារបស់ភ្នំពេញក្រោន គឺកម្រកើតមានណាស់ ខណៈពួកគេកំពុងស្ថិតក្នុងសម្ពាធយ៉ាងខ្លាំងពីក្រុមម្ចាស់ផ្ទះ។
គ្រូបង្វឹកជនជាតិអ៊ុយក្រែន លោក Oleg Starynskyi បានបង្ហាញការរីករាយខ្លាំងចំពោះជ័យជម្នះដ៏សំខាន់លើក្រុម Tampines Rovers ព្រោះវាបានជួយឱ្យក្រុមភ្នំពេញក្រោនឡើងទៅកាន់វគ្គចែកពូល(Group Stage) នៃពានរង្វាន់ AFC ជាថ្មីម្តងទៀត បន្ទាប់ពីពួកគេមិនអាចឆ្លងផុតវគ្គនេះសម្រាប់ការប្រកួតកាលពីឆ្នាំ២០២២។
គ្រូបង្គោលក្រុមភ្នំពេញក្រោន លោក Oleg Starynskyi បានថ្លែងក្រោយការប្រកួតថា៖ «ខ្ញុំផ្ញើភាពរីករាយនេះទៅកាន់ប្រជាជនកម្ពុជា ព្រោះនេះពិតជាសំខាន់សម្រាប់អ្នកគ្រប់គ្នា ដែលយើងតំណាងឱ្យក្រុមកម្ពុជា យើងបានឈ្នះ២ប្រកួត ហើយពេលនេះ យើងបានដល់វគ្គចែកពូលហើយ»។
យ៉ាងណាក៏ដោយ លោក Oleg Starynskyi ដែលបានដឹកនាំក្រុមភ្នំពេញក្រោន ឱ្យលើកពានលីគកំពូលកម្ពុជា ចំនួន២រដូវកាលជាប់ៗគ្នា កាលពីឆ្នាំ២០២១ និង២០២២ ហាក់មិនអស់ចិត្តនោះទេ ដែលការប្រកួតជម្រុះពានរង្វាន់ AFC Cup នេះ គឺបាល់ទាត់នៅក្នុងប្រទេសកម្ពុជា មានតែ១ក្រុម បានចូលរួម ហើយត្រូវប្រកួតជម្រុះតាំងពីវគ្គបឋម (Preliminary round) និងវគ្គ Play-off ទម្រាំបានឡើងមកដល់វគ្គចែកពូលនេះ។
តាមរយៈក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បានបញ្ជាក់ថា៖ «យើងពិតជាមានកិត្តិយសក្នុងការជំរុញបាល់ទាត់នៅកម្ពុជា ហើយខ្ញុំគិតថា បាល់ទាត់នៅកម្ពុជា គួរតែទទួលបានភាពប្រសើរជាងនេះ ដោយគួរតែមានច្រើនជាង១ក្រុម ក្នុងវគ្គជម្រុះ ដូចដែលអ្នកបានឃើញនៅថ្ងៃនេះ យើងអាចប្រជែង និងអាចឈ្នះក្រុមធំៗ នៅតំបន់អាស៊ានបាន»។
គួររំឭកថា សម្រាប់ការប្រកួតពាន AFC Cup កាលពីឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានផ្តល់កៅអីចំនួន២ សម្រាប់ក្រុមបាល់ទាត់នៅកម្ពុជា ពោលគឺក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១ ភ្នំពេញក្រោន និងក្រុមម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២១ វិសាខា ដោយកាលនោះ ក្រុមភ្នំពេញក្រោន ត្រូវបានដាក់ឱ្យលេងនៅវគ្គចែកពូលដោយស្វ័យប្រវត្តិតែម្តង រីឯក្រុមវិសាខា ត្រូវដាក់ឱ្យប្រកួតនៅវគ្គជម្រុះ Play-off តែដោយសារក្រុម Young Elephants របស់ឡាវបានដកខ្លួនចេញ គឺវិសាខា បានឡើងទៅលេងនៅវគ្គចែកពូលដូចគ្នា។
ផ្ទុយទៅវិញសម្រាប់ការប្រកួតពាន AFC Cup ឆ្នាំ២០២៣នេះ AFC បានផ្តល់ឱ្យបាល់ទាត់នៅកម្ពុជា ត្រឹមកន្លះកៅអី គឺមានន័យថា ក្រុមតំណាងកម្ពុជា ត្រូវដាក់ឱ្យប្រកួតនៅវគ្គជម្រុះជាបឋម រួចទើបបន្តទៅវគ្គ Play-off និងឆ្លងចូលវគ្គ Group Stage ហើយការសម្រេចបែបនេះ ដោយសារក្រុមភ្នំពេញក្រោន និងវិសាខា សុទ្ធតែបានធ្លាក់ក្នុងវគ្គចែកពូល កាលពីឆ្នាំ២០២២ ដោយកាលនោះ វិសាខា បានឈ្នះ២ ចាញ់១ មាន៦ពិន្ទុ និងឈរនៅលេខ២ប្រចាំពូលG ចំណែកភ្នំពេញក្រោន ឈរនៅលេខ៣ប្រចាំពូលI ជាមួយការឈ្នះ១ និងចាញ់២ប្រកួត។
ងាកមកចាប់អារម្មណ៍ការប្រកួតរបស់ក្រុមភ្នំពេញក្រោន នៅឆ្នាំ២០២៣នេះវិញ គឺក្រុមតំណាងឱ្យកម្ពុជាមួយនេះ បានយកឈ្នះក្រុមជើងឯកលីគកំពូលរបស់ឡាវ Young Elephants ៣-០ ក្នុងវគ្គជម្រុះបឋម ហើយសម្រាប់ការប្រកួតជម្រុះវគ្គ Play-off នៅពហុកីឡដ្ឋាន Jalan Besar Stadium កាលពីយប់ថ្ងៃទី២៣ ខែសីហា កន្លងមកនេះ ពួកគេបានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះសិង្ហបុរី Tampines Rovers FC ៣-២។
ការប្រកួតនេះ ពិតជាមានភាពតានតឹងខ្លាំងចំពោះភ្នំពេញក្រោន ព្រោះក្រុមម្ចាស់ផ្ទះ បានព្យាយាមវាយសម្រុកជាបន្តបន្ទាប់ ហើយការរកបាន ២ គ្រាប់ តែម្នាក់ឯងរបស់ខ្សែប្រយុទ្ធសញ្ជាតិម៉ុងតេណេហ្គ្រោ Boris Kopitovic នៅនាទីទី១០ និងទី២៦ បានធ្វើឱ្យ ភ្នំពេញក្រោន កាន់តែមានសម្ពាធ តែអ្វីៗហាក់មានភាពប្រសើរវិញបន្តិច បន្ទាប់ពីខ្សែបម្រើជប៉ុន Yudai Ogawa បានស៊ុតបាល់ពីក្រៅគំនូសស ទម្លុះសំណាញ់ទីក្រុម Tampines Rovers បានសម្រេច ១ គ្រាប់វិញ នៅនាទីទី៤៤ នោះ។
ឈានចូលតង់ទី២ ខ្សែបម្រើប្រយុទ្ធរបស់កូឡុំប៊ី Andres Nieto បានស៊ុតបាល់ចេញពីក្រៅគំនូសសដូចគ្នា ដើម្បីទម្លុះសំណាញ់ទីក្រុមម្ចាស់ផ្ទះបាន១គ្រាប់ទៀត នៅនាទីទី៥២ ហើយភ្លាមៗបន្ទាប់ពីរកបានគ្រាប់បាល់ទី២នេះ Nieto ដដែល បានអូសបាល់រំលងខ្សែការពារក្រុម Tampines Rovers ចូលក្នុងតំបន់គ្រោះថ្នាក់យ៉ាងល្អបំផុត រួចបានបញ្ជូនបាល់នោះទៅឱ្យខ្សែប្រយុទ្ធជប៉ុន Shintaro Shimizu ក្នុងការស៊ុតបញ្ចូលទី ដោយបច្ចេកទេស នៅនាទីទី៥៣ដើម្បីជួយឱ្យភ្នំពេញក្រោននាំមុខ ៣-២ វិញ។
យ៉ាងណាក៏ដោយ នៅក្នុងពេលវេលាសេសសល់ជិត៤០នាទីនេះ ក្រុម Tampines Rovers បានព្យាយាមវាយលុកយ៉ាងខ្លាំង ក្នុងបំណងរកគ្រាប់បាល់ត្រឡប់មកវិញ ប៉ុន្តែភ្នំពេញក្រោន បានព្យាយាមលេងបិទប្រកបដោយគុណភាព ដើម្បីរក្សាការនាំមុខ ៣-២ នេះរហូតដល់ចប់ការប្រកួត ហើយគ្រប់គ្នា ពិតជាមានការត្រេកអរខ្លាំង ចំពោះជ័យជម្នះដ៏មានន័យនេះ។
តាមរយៈលទ្ធផលនេះ បានជួយឱ្យក្រុមភ្នំពេញក្រោន ឡើងទៅលេងនៅវគ្គចែកពូល ពាន AFC Cup ជាថ្មីម្តងទៀត ហើយតាមរយៈការចាប់ឆ្នោតរបស់ AFC កាលពីរសៀលថ្ងៃទី២៤ ខែសីហា ក្រុមភ្នំពេញក្រោន ដែលស្ថិតនៅ Pot4 បានឈរនៅពូលF ជាមួយក្រុមស្ថិតនៅ Pot3 Shan United របស់មីយ៉ាន់ម៉ា ក្រុម Pot2 Dynamic Herb CEBU របស់ហ្វីលីពីន និងក្រុមស្ថិតនៅ Pot1 Macarthur FC របស់អូស្ត្រាលី៕