
ពិធីចុះហត្ថលេខារវាងក្រសួងអប់រំកម្ពុជា និងភាគីសាកលវិទ្យាល័យ Prince of Songkla University នៅថ្ងៃទី២៣ សីហា ។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យថៃ បានចុះកិច្ចព្រមព្រៀងគ្នា ដើម្បីលើកកម្ពស់វិស័យអប់រំ ទ្វេភាគី តាមរយៈសកម្មភាព ផ្លាស់ប្ដូរការសិក្សា ការផ្ដល់អាហារូបករណ៍ និងការគាំទ្រផ្សេងៗ ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នានេះ បានធ្វើឡើងក្រោមអធិបតី លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយតំណាងសាកលវិទ្យាល័យ Prince of Songkla University នៃប្រទេស ថៃ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យអប់រំរវាងភាគីទាំង២។នេះបើយោងតាម ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
ប្រភពដដែលបានឱ្យដឹងទៀតថា គណៈប្រតិភូសាកលវិទ្យាល័យថៃបានសម្ដែងអំណរសាទរនិងសេចក្ដីរីករាយបំផុតដែលនិស្សិតកម្ពុជាគ្រប់រូបមានអាកប្បកិរិយាល្អក្នុងអំឡុងពេលសិក្សាហើយបានខិតខំសិក្សារៀនសូត្រអស់ពីកម្លាំងកាយចិត្តរហូតទទួលបានជោគជ័យគួរជាទីមោទនៈសម្រាប់ជាទុនត្រឡប់មកចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ក្រសួងអប់រំបានបញ្ជាក់ថា៖«សាកលវិទ្យាល័យថៃនឹងបន្តកិច្ចខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាមួយនឹងកម្ពុជាតាមរយៈសកម្មភាពផ្លាស់ប្ដូរការសិក្សា ការផ្ដល់អាហារូបករណ៍ និងការគាំទ្រផ្សេងៗ ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាតាមរយៈការចុះកិច្ចព្រមព្រៀងលើវិស័យអប់រំជាមួយក្រសួងអប់រំយុវជន និងកីឡានិងជាមួយបណ្ដាសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា»។
ប្រភពដដែលបន្តទៀតថា សាកលវិទ្យាល័យ Prince of Songkla University បានចូលរួមចំណែកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដល់និស្សិតកម្ពុជា តាមរយៈគម្រោងព្រះរាជឧបត្ថម្ភដល់ប្រទេសកម្ពុជាលើវិស័យអប់រំរបស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រីសិរិនថននៃប្រទេសថៃចាប់តាំងពីឆ្នាំ២០១២ មកទល់បច្ចុប្បន្ន។
ក្រសួងអប់រំបន្ថែមថា ក្រៅពីនេះសាកលវិទ្យាល័យ Prince of Songkla University បាននិងកំពុងកៀរគរអតីតនិស្សិតកម្ពុជាដើម្បីបង្កើតសមាគមអតីតនិស្សិតកម្ពុជាក្នុងគោលបំណងរក្សាទំនាក់ទំនងសម្ព័ន្ធភាព សាមគ្គីភាពក្នុងចំណោមអតីតនិស្សិតក៏ដូចជាជាមួយសាកលវិទ្យាល័យ និងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានពាក់ព័ន្ធនឹងអាហារូបករណ៍ក៏ដូចជាកម្មវិធីផ្សេងៗរបស់សាកលវិទ្យាល័យ ព័ត៌មានបច្ចុប្បន្នអំពីភាពជោគជ័យរបស់និស្សិតឬក្រោយបញ្ចប់ការសិក្សា និងដើម្បីរៀបចំការជួបជុំជាមួយតំណាងសាកលវិទ្យាល័យជាប្រចាំក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលបន្តបន្ទាប់។
ជុំវិញកិច្ចសហការនេះ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ជារួមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ ជាមួយសាកលវិទ្យាល័យថៃ គឺជាកិច្ចសហការ ដែលតម្រង់ទិសទៅលើវិស័យអប់រំជាន់ខ្ពស់ និងការផ្លាស់ប្ដូរបរិបទក្នុងការសិក្សារបស់សិស្សជាពិសេស គឺគាំទ្រគ្នាទៅវិញទៅមកលើផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
លោកបានបន្តថា តាមរយៈសកម្មភាពផ្លាស់ប្ដូរការសិក្សាទាំងអស់នេះ វាគឺរឿងល្អពីព្រោះដោយសារតែរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ បានកំណត់យកទស្សនទាន និងគោលនយោបាយរបស់ខ្លួនគឺអភិវឌ្ឍបច្ចេកវិទ្យា និងគាំទ្របច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍នេះឯង។
លោក យង់ ពៅ បានបញ្ជាក់ថា៖«អ៊ីចឹង!ប្រសិនបើកិច្ចព្រមព្រៀងនេះបានផ្ដោតលើចំណុចទាំងអស់ហ្នឹងគឺវាស្របទៅនឹងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ហើយយើងសង្ឃឹមថា ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ នឹងស្វែងរកដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងៗទៀតទៅលើការគាំទ្រផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍»។
តាមរយៈគម្រោងផ្ដល់អាហារូបករណ៍នេះមាននិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាទាំងថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន១៦៩នាក់៕