ភ្នំពេញៈយុវជន និងសាលា​កម្ពុជា​បានទទួល​ពានរង្វាន់​សាលាមេត្រី​បរិស្ថាន​អាស៊ាន និងពាន​រង្វាន់​យុវជន​ឆ្នើម​បរិស្ថាន​អាស៊ាន​ឆ្នាំ២០២៣ ដែលជា​មោទនភាព​សម្រាប់​កម្ពុជា ដែលទទួល​បានការស្គាល់​កម្រិត​តំបន់​ក្នុងការងារ​អប់រំ ផ្សព្វផ្សាយ និងការធ្វើ​សកម្មភាព​មេត្រីភាព​បរិស្ថាន។

យោងតាម​ក្រសួង​បរិស្ថាន​នាថ្ងៃ​ទី២៥ ខែសីហា​បានឱ្យដឹង​ថា កម្ពុជា​បានចាត់​បញ្ជូន​សាលាមេត្រី​បរិស្ថាន​ចំនួន ២ សាលា និងយុវជន​ឆ្នើម​បរិស្ថាន​ចំនួន ២ រូប​ទៅចូលរួម​ក្នុងកម្មវិធី​នេះ។ ក្នុងនោះ​រួមមាន៖ ១. សាលាមេត្រី​បរិស្ថាន មាន វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្ត​ព្រះសីហនុ តំណាង​ដោយ លោក ជា សំអូន ជានាយក​សាលា និងសាលា​បឋម​សិក្សា​គំរូ​ក្រុង ខេត្ត​កំពង់ឆ្នាំង តំណាង​ដោយ លោក នុត អង្គារ ជានាយក​សាលា។

ចំពោះ​យុវជន​ឆ្នើម​បរិស្ថាន​វិញ រួមមាន៖យុវនារី ឱក សុចិន្តា អ្នកផលិត​មាតិកា​អប់រំ​បរិស្ថាន និងយុវជន ហែម សុភេម និស្សិត​ប្លាស្ទិក។

ក្រសួង​បរិស្ថាន​បានបញ្ជាក់​ថា៖«នេះជា​មោទនភាព​សម្រាប់​កម្ពុជា​ដែលមាន​សាលា និង យុវជន​ឆ្នើម ត្រូវបាន​ទទួលស្គាល់​កម្រិត​តំបន់​ថា ជា​សាលា និងយុជន​គំរូ​ដែលមាន​ស្នាដៃ​ល្អ ក្នុងការងារ​អប់រំ ផ្សព្វផ្សាយ និងធ្វើ​សកម្មភាព​មេត្រី​ភាព​បរិស្ថាន​ដែលជា​ការរួមចំណែក លើក​កម្ពស់​ការយល់ដឹង​អំពី​កិច្ចគាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និងការរស់នៅ​ប្រកបដោយ​ចីរភាព​ទាំងក្នុងស្រុក និងក្នុង​តំបន់​អាស៊ាន​ទាំងមូល»។

ទាំង​សាលា និងយុវជន ដែលត្រូវបាន​ចាត់​បញ្ជូន​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ បានឆ្លងកាត់​ការវាយ​តម្លៃ និងទទួលស្គាល់​ថ្នាក់​ជាតិ​លើការងារ​បរិស្ថាន និងសង្គម​ដោយផ្អែក​លើ​សូចនាករ និងលក្ខណៈ​វិនិច្ឆ័យ​ច្បាស់លាស់​ក្រោមការដឹកនាំ​របស់​នាយកដ្ឋាន​អប់រំ​បរិស្ថាន អគ្គនាយកដ្ឋាន​ចំណេះដឹង និងព័ត៌មាន​បរិស្ថាន ក្រសួង​បរិស្ថាន។

លោកស្រី មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និងជា​ប្រធាន​ប្តូរវេន​ក្រុមការងារ​អប់រំ​បរិស្ថាន​អាស៊ាន (AWGEE) បានដឹកនាំ​ក្រុម​ការងារ គណៈគ្រប់គ្រង​សាលា និងយុវជន​កម្ពុជា​ចូលរួម​ក្នុងកម្មវិធី​សិក្ខាសាលា និងពិធី​ប្រគល់​ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន​អាស៊ាន​លើក​ទី៤ និងពានរង្វាន់​យុវជន​ឆ្នើម​បរិស្ថាន​អាស៊ាន​លើក​ទី២ នៅទីក្រុង​វៀងច័ន្ទ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ កាលពី​ថ្ងៃទី២៣ ខែសីហានេះ។

កម្មវិធី​ពានរង្វាន់​សាលាមេត្រី​បរិស្ថាន​អាស៊ាន និងពានរង្វាន់​យុវជន​ឆ្នើម​បរិស្ថាន​អាស៊ាន គឺជាគំនិត​ផ្តួចផ្តើម​របស់​ក្រុមការងារ​អប់រំ​បរិស្ថាន​អាស៊ាន ដែលត្រូវបាន​រៀបចំ​ឡើង​រៀងរាល់ ៤ ឆ្នាំ​ម្តង ស្របតាម​កិច្ចប្រជុំ​រដ្ឋមន្រ្តី​បរិស្ថាន​អាស៊ាន។ ក្នុងនាមជា​សមាជិក កម្ពុជា​បានខិតខំ​ប្រឹងប្រែង និងនៅបន្ត​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ក្នុងបុព្វហេតុ​ការងារ​បរិស្ថាន តាមរយៈ​ការបណ្តុះបណ្តាល ការផ្តល់​បច្ចេកទេស និងការគាំទ្រ​ហិរញ្ញវត្ថុ​ផ្សេងៗ​ដល់​សាលា និងយុវជន ដើម្បី​មានលទ្ធភាព​អនុវត្ត​កម្មវិធី​សាលាមេត្រី​បរិស្ថាន ព្រមទាំង​ការអនុវត្ត​សកម្មភាព​ផ្សេងៗ​របស់​យុវជន​ឱ្យកាន់តែ​មានភាព​ផុលផុស និងទូលំទូលាយ​នាពេល​ខាងមុខ។ នេះបើយោង​តាម​ក្រសួង​បរិស្ថាន៕