រដ្ឋបាលខេត្តកណ្តាល និងអង្គការពាក់ព័ន្ធដែលធ្វើការក្នុងវិស័យទឹកស្អាតនៅកម្ពុជា បានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលដល់ស្ត្រីជាថ្នាក់ដឹកនាំឃុំ និងជំនួយការរដ្ឋបាលឃុំជាស្ត្រីក្នុងស្រុកស្អាង ខេត្តកណ្តាល ដើម្បីជំរុញការលើកកម្ពស់សមត្ថភាពដឹកនាំដឹកនាំស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យឱ្យកាន់តែទូលំទូលាយ។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេល ២ ថ្ងៃ ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រដោយអង្គការ WaterAid ដោយមានកិច្ចសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងមន្ទីរកិច្ចការនារីខេត្តកណ្ដាល។ នេះបើតាមរដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាលខាងលើ លោក ជឺ គីមហៃ អភិបាលស្រុកស្អាង បានឱ្យដឹងថា ស្ត្រីជាថ្នាក់ដឹកនាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដើម្បីឱ្យពួកគាត់ផ្លាស់ប្ដូរឥរិយាបថក្នុងការតបណ្ដាញទឹកស្អាតយកទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ ហេតុនេះ ស្ត្រីជាថ្នាក់ដឹកនាំ ត្រូវតែទទួលបានការបណ្តុះបណ្តាលបន្ថែមពីវិស័យនេះ។
អភិបាលស្រុកស្អាង បានចាត់ទុកថា៖«វគ្គបណ្ដុះបណ្ដាលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីស្វែងយល់បន្ថែមពីចំណេះដឹង និងជំនាញ ក្នុងការសម្របសម្រួល ការនិយាយជាសាធារណៈ ការស្វែងរកការគាំទ្រ ព្រមទាំងទំនុកចិត្ត និងភាពជាអ្នកដឹកនាំ ក្នុងការវិភាគស្ថានភាព និងទំនាក់ទំនងរវាងយេនឌ័រ និងទឹកស្អាត អនាម័យជាដើម»។
លោកក៏បានបង្ហាញក្តីសង្ឃឹមដែរថា វគ្គបណ្ដុះបណ្ដាលនេះ ស្ត្រីជាថ្នាក់ដឹកនាំឃុំ និងជំនួយការរដ្ឋបាលឃុំជាស្ត្រី បានយល់ដឹងអំពីការងារសម្របសម្រួល យល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត ចេះសហការគ្នា និងបង្កើនភាពស្និទ្ធស្នាលដោយធ្វើការងារជាក្រុមពាក់ព័ន្ធជាមួយការងារទឹកស្អាត និងអនាម័យ។ លោកក៏សង្ឃឹមថាប្រជាពលរដ្ឋ និងមានការយល់ដឹង និងផ្លាស់ប្ដូរឥរិយាបថតាមរយៈក្រុមការងារស្ត្រីប្រចាំឃុំ ដោយងាកមកប្រើប្រាស់ទឹកស្អាតប្រកបដោយសុវត្ថិភាព។
ជាមួយគ្នានោះ លោក សុខ ឯកឧត្ដម តំណាងអង្គការ WaterAid បានលើកឡើងថា បេសកកម្មរបស់អង្គការ WaterAid មានគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ជំរុញ និងលើកកម្ពស់លើវិស័យអនាម័យ និងទឹកស្អាត នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកបន្ថែមទៀតថា កាលពីពេលថ្មីៗទៅនេះ ខេត្តកណ្ដាលបានសម្រេចនូវការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF ទូទាំងខេត្តកណ្ដាល ហើយស្រុកស្អាងក៏ត្រូវបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF នេះផងដែរ។
ហេតុនេះ លោកក៏បានសង្ឃឹមយ៉ាងមុតមាំផងដែរថា៖«វគ្គបណ្ដុះបណ្ដាលនាឱកាសនេះនឹងធ្វើឱ្យស្រុកស្អាងអាចឈានទៅដល់ការទទួលបាននូវការ ODF Plus នាពេលខាងមុខផងដែរ»។
ទាក់ទិននឹងបញ្ហាទឹកស្អាត និងអនាម័យ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយអង្គការនានា ដែលធ្វើការងារពាក់ព័ន្ធជាមួយទឹកស្អាត ដើម្បីសម្រេចបានគោលដៅអនុវត្តប្រកបដោយចីរភាព និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត និងអនាម័យ ដែលរាជរដ្ឋាភិបាលបានកំណត់គោលដៅ គឺនៅក្នុងឆ្នាំ ២០២៥ ប្រជាពលរដ្ឋនៅក្នុងទីប្រជុំជន មានទឹកស្អាតប្រើប្រាស់ ហើយនៅឆ្នាំ ២០៣០ ប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន និងជនបទ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព ១០០ ភាគរយ៕