ភ្នំពេញៈ ក្នុងកិច្ចប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវ«យុទ្ធសាស្ត្របញ្ចកោណ» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើនការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។
លោកនាយករដ្ឋមន្ត្រីដែលទើបចូលកាន់តំណែងថ្មី លើកឡើងថា ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណនេះគឺឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំមុន និងការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកលជាមួយនឹងការប្រមើលមើលទៅមុខ ២៥ ឆ្នាំទៀតសំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជនឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសមានចំណូលខ្ពស់។
លោក ហ៊ុន ម៉ាណែត ថ្លែងថា យុទ្ធសាស្ត្របញ្ចកោណ គឺជា យុទ្ធសាស្ត្រសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាល បន្តបន្ទាប់ និងត្រូវបានតម្រង់ និងសម្របសម្រួលទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃនីតិកាលនីមួយៗនៃរដ្ឋសភា។ ដំណាក់កាលនីមួយៗ នឹងត្រូវបានកែសម្រួលដោយផ្អែកលើបរិការណ៍ជាក់ស្តែងនៅក្នុងប្រទេស តំបន់ និងពិភពលោក ព្រមទាំងបទពិសោធន៍ នៃការអនុវត្តពីដំណាក់កាលមុនៗ ដោយសម្លឹងទៅមុខ ឆ្ពោះទៅសម្រេចឱ្យបានគោលដៅ នៃការកសាងជាតិស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
លោកបញ្ជាក់ថា៖ «សម្រាប់រយៈពេល ៥ ឆ្នាំដំបូង ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលសម្រេចដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយយោងលើភាពចាំបាច់ជាក់ស្តែង»។
បើតាមលោកនាយករដ្ឋមន្ត្រី ភាពចាំបាច់ជាក់ស្តែង នៃយុទ្ធសាស្ត្របញ្ចកោណមាន ៥ គឺ ទី១ បន្តពង្រឹង និងពង្រីកសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងនីតិកាលកន្លងមក។ ទី២ ភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈ ១ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារនៅក្នុង«ជីវភាពនៃប្រព័ន្ធតួអង្គតែ ១»។
ទី៣ ភាពចាំបាច់ក្នុងការបន្តកសាង និងពង្រីកមូលដ្ឋានគ្រឹះសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយផ្តោតលើការកសាងមូលធនមនុស្សរឹងមាំ។ ទី៤ គឺភាពចាំបាច់ក្នុងការបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា និងក្នុងការកសាងភាពធន់ និងប្រែប្រួលនៃកត្តាសង្គមសេដ្ឋកិច្ច និងកត្តាបរិស្ថានធម្មជាតិ និងទី៥ ភាពចាំបាច់ក្នុងការដាក់ចេញរបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ១ នៃ «កម្មវិធីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បន្តដំណើរឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ, រស់រវើក, រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០»។
លោកថា ពេលនេះដំណើរការកសាងជាតិរបស់កម្ពុជា បានឈានដល់ដំណាក់កាលថ្មីមួយ នៅក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល លំបាក និងមិនប្រាកដប្រជា។ កម្ពុជាត្រូវប្រឈមនឹងបញ្ហាថ្មី ក្នុងអន្តរកាល ឆ្ពោះទៅសម្រេចឋានៈជាប្រទេសមានចំណូលខ្ពស់ និងត្រូវសម្របជាប្រចាំ តាមនិន្នាការប្រែប្រួលសកលដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមត្ថភាពស្ថាប័នគ្រប់កម្រិត ដោយផ្សារភ្ជាប់នឹងការធានាបាននូវគោលនយោបាយសមស្រប និងសមត្ថភាពអនុវត្តជាក់ស្ដែងលទ្ធផលការងារ និងការទទួលខុសត្រូវ។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា៖ «យុទ្ធសាស្ត្របញ្ចកោណ» របស់រាជរដ្ឋាភិបាលជាយុទ្ធសាស្ត្រដែលល្អសមស្របតាមសម័យកាលបច្ចុប្បន្ន ដែលកម្ពុជាកំពុងជួបប្រទះ ពោលគឺ ការជំរុញកំណើនសេដ្ឋកិច្ចការបង្កើនការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាពជាដើម គឺសុទ្ធតែជាអ្វីដែលត្រូវនឹងបច្ចុប្បន្នភាពកម្ពុជា។ លោកលើកឡើងថា ថ្វីបើមានយុទ្ធសាស្ត្រល្អ គោលដៅល្អ និងច្បាស់លាស់ ប៉ុន្តែសំខាន់លើការអនុវត្តជាក់ស្តែង ប្រសិនបើកម្មវិធីគោលនយោបាយរបស់ខ្លួន រាជរដ្ឋាភិបាលថ្មីនឹងដាក់មនុស្សអនុវត្តបានត្រឹមត្រូវ មានប្រសិទ្ធភាពនឹងអាចសម្រេចបាន តាមមហិច្ឆតារបស់រដ្ឋាភិបាលដែលចង់បាននៅឆ្នាំ ២០៥០ មិនខាន ទោះបីជាមានឧបសគ្គក្នុងបរិការណ៍នៃពិភពលោកកំពុងប្រែប្រួល លំបាកនិងមិនប្រាកដប្រជាយ៉ាងណាក៏ដោយ។
លោកថ្លែងថា៖ «មានសារព័ត៌មានលើកឡើងជាច្រើន អំពីការតែងតាំងថ្នាក់ដឹកនាំក្រសួង រាប់ពាន់នាក់បើរាប់ពីអនុរដ្ឋលេខាធិការឡើងលើមក អ៊ីចឹងយើងសង្ឃឹមថា អ្នកទាំងអស់ហ្នឹង ជួយជំរុញល្បឿននៃការអភិវឌ្ឍយុទ្ធសាស្ត្របញ្ចកោណ តែបើសិនអ្នកទាំងអស់នោះយកងារតួនាទីដើម្បីលាភសក្ការៈផ្ទាល់ខ្លួន នោះរាជរដ្ឋាភិបាលដែលដាក់ចេញយុទ្ធសាស្ត្របញ្ចកោណមិនអាចទៅមុខរួចទេ»៕